ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ សម្រេចបាន​មួយ​ជំហាន​ទៀត​ហើយ

  • 2021-03-03 06:24:46
  • ចំនួនមតិ 21 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ


ការចាក់ក្រាល​ស្រទាប់​ក្រោម​កៅស៊ូ​ក្រាលថ្នល់ asphalt (ATB-25) ផ្នែក​សាកល្បង​នៃ​គម្រោងផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​បញ្ចប់​ជាស្ថាពរ​ហើយ។ នេះបើតាម​ការបង្ហោះ​នៅលើផេកហ្វេសប៊ុកឈ្មោះថា «ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ»។

ផេកនេះ​សរសេរបន្តថា៖ «គម្រោង​នេះ នឹងចាប់ផ្តើម​ដំណើរការ​ក្រាលកៅស៊ូ​ហើយ។ ការបញ្ចប់នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឈានមួយជំហានទៀតហើយ!»។

រូបថត៖ ហ្វេសប៊ុក «ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ»

បើតាមលោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដ្ឋានសាងសង់ផ្លូវល្បឿនលឿន សម្រេចបាន ៣៦,៣៨ភាគរយហើយ បើទោះបីបញ្ហានៃការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ូន្តែ មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា នេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់រួចរាល់តាមផែនការ ។

លោក​បញ្ជាក់ថា ក្រសួងកំពុងតែបន្តសហការជាមួយក្រុមហ៊ុន ដោយបន្តធ្វើការដោះស្រាយផលប៉ះពាល់ ដោយសារតែមាន ការផ្លាស់ប្តូររចនាប្លង់ខ្លះ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ខាងរដ្ឋបាលជាតិ ក៏ដូចជាក្រសួងជាដើម ដើម្បីធ្វើយ៉ាងឱ្យផ្លូវ មានសុវត្ថិភាព គុណភាពប្រើប្រាស់បានយូរអង្វែង ។

ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។ 

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

អត្ថបទពេញនិយម
;