សាវតាមហាសេដ្ឋីដែលមានងារអ្នកឧកញ៉ាលេចធ្លោនៅកម្ពុជាឆ្នាំ២០២១
- 2021-03-25 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវតាមហាសេដ្ឋីដែលមានងារអ្នកឧកញ៉ាលេចធ្លោនៅកម្ពុជាឆ្នាំ២០២១
ចន្លោះមិនឃើញ
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានបញ្ជាក់ថា៖
*មាត្រា១ «ចំណុចទី១ មាត្រា២ នៃនៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖ ១ ថ្មី សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី១០០០០០(ដប់ម៉ឺន) ដុល្លារអាមេរិក ឡើងទៅ ត្រូវបានជូនមេដាយ ស្ថាបនាជាតិថ្នាក់ទី១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ៥០០០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា”»។
ដូច្នេះមានន័យថា ចាប់ពីខែមេសា ឆ្នាំ២០១៧ មក ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» គឺទាល់តែបុគ្គលរូបនោះធ្វើអំណោយជូនរដ្ឋ មានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ សម្រាប់គោរមងារ**«អ្នកឧកញ៉ា»** វិញហាក់មិនមែនលិខិត ឬឯកសារផ្លូវការណាមួយបញ្ជាក់ពីការធ្វើអំណោយដល់រាជរដ្ឋាភិបាលប៉ុន្មាននោះទេទើបទទួលបានងារជាអ្នកឧកញ៉ា។
ខាងក្រោមនេះមហាសេដ្ឋីដែលមានងារជា «អ្នកឧកញ៉ា» លេចធ្លោនៅកម្ពុជាឆ្នាំ២០២១៖
១១. អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមានឈ្មោះបញ្ជីជាតិ ឡេង ភត្រា ត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា កាលពីថ្ងៃ២២ មករា ឆ្នាំ២០២១ ដែលជាអ្នកឧកញ៉ាវ័យក្មេងជាងគេ និងជាឧកញ៉ាដែលព្រះមហាក្សត្យតែងតាំងជាអ្នកឧកញ៉ាក្រោយគេបើគិតត្រឹមខែមីនាឆ្នាំ២០២១នេះផងដែរ។ ជំនួញក្នុងដៃរបស់អ្នកឧកញ៉ាវ័យក្មេងរូបនេះរួមមាន៖ ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា អ៊ិនវេសម៉ិន ឯ.ក ដែលរកស៊ីខាងផ្នែក អចលទ្រព្យ, ផ្នែកកម្សាន្ត(ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា) និងផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។
១០. អ្នកឧញ៉ា ហូលិក តាន់ឌីហ្សូណូ ជាអ្នកឧកញ៉ាត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ អ្នកឧញ៉ា ហូលិក តាន់ឌីហ្សូណូ មានជំនួញក្នុងដៃមានដូចជា៖
- ក្រុមហ៊ុន ហូលីដេ ភែលេស សីហនុវីល ឯ.ក(HOLIDAY PALACE HOTEL CO., LTD.)
- ក្រុមហ៊ុន អង្គរ ហ្គហ្វ រីហ្សត (ANGKOR GOLF RESORT CO., LTD.)
- ក្រុមហ៊ុន អេកភី ឡាយស្តាយ (HP LIFESTYLE CO., LTD.)
- ក្រុមហ៊ុន លីផូ ផូឡៃថិន ខបផូរ៉េហ្សិន (LIPO POLITAN CORPORATION CO., LTD.)
- ក្រុមហ៊ុន ភេន សេនជូរី ព្រីនធីង (PAN CENTURY PRINTING CO., LTD.)
- ក្រុមហ៊ុន ប៊្លូម អាឃីធេកឈ័រ (BLOOM ARCHITECTURE CO., LTD)
- ក្រុមហ៊ុន អាកាសចរណ៍ President Airlines បើដំណើរការនៅឆ្នាំ១៩៩៧ និងត្រូវបិទទៅវិញនៅឆ្នាំ២០០៧។
៩. អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថាមឌីវេឡុបម៉ិនគ្រុប ជាអ្នកជំនួញវ័យក្មេងមួយរូបដែលមនុស្សភាគច្រើនមិនសូវស្គាល់ដូចអ្នកឧកញ៉ាផ្សេងៗនោះឡើយ។ សេដ្ឋីរូបនេះច្រើនតែចេញមុខ និងឈ្មោះក្នុងសកម្មភាពចូលរួមជួយសង្គម និងកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។ ជំនួញធំៗក្នុងដៃរបស់អ្នកឧកញ៉ាវ័យក្មេងដែលទើបទទួលងារជាអ្នកឧកញ៉ាពីព្រះមហាក្សត្យកាលពីពាក់កណ្តាល ខែមករា ឆ្នាំ២០២១ថ្មីៗ រូបនេះមានដូចជា៖ ក្រុមហ៊ុន ម៉ារីថាមឌីវេឡុបម៉ិនគ្រុបដែលជាក្រុមហ៊ុនមេធំ ក្នុងនោះក្រុមហ៊ុនជាបុត្រសម័្ពន្ធដូចជា រីស៊ត Sea Sense លំដាប់ផ្កាយ នៅលើកោះស្រមោច ខេត្តព្រះសីហនុ, ធនាគារ ឯកទេស ម៉ារីថាម, ក្រុមហ៊ុនផ្នែកសំណង់ សានយ៉ាងម៉ាញនីង, អគារពាណិជ្ជកម្មកម្ពស់ 24ជាន់ ឌីជីថល ម៉ារីថាមនៅបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមានក្រុមហ៊ុនមួយចំនួនផ្សេងទៀត។
៨. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពីភពថ្មីគ្រុបដែលក្នុងនោះមាន បុរីពិភពថ្មី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី។ ម្ចាស់បុរីពិភពថ្មីរូបនេះក៏ជាប្រធានកិត្តិយសនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ។ មហាសេដ្ឋីអចលនទ្រព្យដែលចូលចិត្តសាងសង់លំនៅដ្ឋានដែលមានតម្លៃលំដាប់មធ្យមនេះ ជនជាតិខ្មែរមានដើមកំណើតចិន។ សព្វថ្ងៃបុរីពិភពថ្មីដែលមានម្ចាស់មានងារជាអ្នកឧកញ៉ារូបនេះមានពាសពេញរាជធានីភ្នំពេញ និងមួយភាគនៃខេត្តកណ្តាល។
៧. ម្ចាស់អគាពាណិជ្ជកម្មខ្ពស់ និងធំជាងគេនៅកម្ពុជា វឌ្ឍន:ថៅវ័រ អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង, និង អ្នកឧកញ៉ា សំអាង វឌ្ឍន:៖ អ្នកឧកញ៉ាទាំង៣រូប ត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ ក្រុមគ្រួសារត្រកូល សំ អាង មានជំនួញក្នុងដៃដូចជា៖
- ធនាគារវឌ្ឍន: Vattanac Bank បង្កើតនៅឆ្នាំ ២០០២
- ក្រុមហ៊ុន Progress Import-Export Co. Ltd. បង្កើតនៅឆ្នាំ ១៩៩៤
- ក្រុមហ៊ុន Progress Jewellery Pte. Ltd. ជាក្រុមហ៊ុននាំចេញនាំចូលដុំមាសបង្កើតនៅឆ្នាំ ១៩៩៦
- ក្រុមហ៊ុន Vattanac Properties Limited បង្កើតនៅឆ្នាំ២០០៥
- សួនឧស្សាហកម្មវឌ្ឍន: ១ និង២ Vattanac Industrial Parks I and II បង្កើតនៅឆ្នាំ២០០៣
- ក្រុមហ៊ុន Vattanac Investment Limited បង្កើតនៅឆ្នាំ២០១៣
- ក្រុមហ៊ុនម្ហូប អាហារ Vattanac F&B Limited បង្កើតនៅឆ្នាំ 2013
ក្រៅពីជំនួញដែលរៀបរាប់ខាងលើក្រុមគ្រួសារត្រកូលអ្នកជំនួញនេះក៏នៅមានជំនួញធំតូចជាច្រើនទៀតផងដែរ។
៦.អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង៖ ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុងគ្រុបមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនប៉ុន្មាន? បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន ជីប ម៉ុងគ្រុបបានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុននាំមុខក្នុងវិស័យដូចជា ការអភិវឌ្ឍលំនៅឋាន, បេតុងលាយស្រេច, ការចែកចាយ និងផលិតស៊ីម៉ងត៍, ការ ចែកចាយផលិតផលបរិភោគ, ការផលិតស្រាបៀរ និងភេសជ្ជៈធំមួយនៅកម្ពុជា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសសរស្តម្ភ រួមមាន៖
- ជីប ម៉ុងត្រេឌីងបង្កើតនៅឆ្នាំ១៩៨២ ៖គ្រឿងសំណង់ គ្រឿងឧបភោកបរិភោគ
- ជីប ម៉ុង អ៊ិនដាស្ទ្រីស៍បង្កើតនៅឆ្នាំ២០០៧៖ បេតុងលាយស្រេច បរិក្ខាសម្ភារ:លំនៅដ្ឋាន
- ជីប ម៉ុងលែន បង្កើតនៅឆ្នាំ២០០៨៖ អចលនទ្រព្យ លែនម៉ាក, ផាកលែន, លែនរីច
- ខ្មែរ ប៊ែវីរើជីស បង្កើតនៅឆ្នាំ២០០៩៖ ស្រាបៀរកម្ពុជា និងភេសជ្ជ:
- ក្រោន ខ្មែរ ប៊ែវើរីជីស បង្កើតនៅឆ្នាំ២០១៤៖ ផលិតផល កំប៉ុង
- ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បង្កើតនៅឆ្នាំ២០១៤៖ ផលិតស៊ីម៉ងត៍
- សណ្ឋាគារផ្កាយ៥ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ បង្តើតនៅឆ្នាំ២០១៦
- ជីប ម៉ុងរីថែល បង្កើតនៅឆ្នាំ ២០១៧៖ មណ្ឌលផ្សារទំនើប, ផ្សារទំនើបជីប ម៉ុង, ជីប ម៉ុង Express
- សណ្ឋាគារផ្កាយ៣ ហ្វែរហ្វៀល បាយម៉ារៀតភ្នំពេញ
- ធនាគារ ជីប ម៉ុង បង្កើតនៅឆ្នាំ២០១៨
- ក្លឹបវាយកូនហ្គោល ហ្គ្រេនរ៉ូយ៉ាល់ ហ្គោល អែន រីសត
- ទីក្រុងរណបហ្គ្រេនភ្នំពេញ។
៥. អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនពហុវិស័យ លី ហួរ គ្រុប។ អ្នកឧកញ៉ា លី ហួរ បានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង ៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។ ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនមេ លី ហួរ គ្រុបរបស់មហាសេដ្ឋីនៅកម្ពុជារូបនេះរួមមាន៖ ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោងនៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់ទិញរថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ,ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពីអាហ្គ្រូ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី និងធនាគារ SBI លី ហួរ។ នៅក្នុងក្រុមហ៊ុន ក្រៅពីមហាេសដ្ឋីដែលកើតចេញពីអាជិវកម្មប្តូរប្រាក់អ្នកឧកញ៉ា លី ហួរ ទៅ ក៏នៅមានសមាជិកក្រុមគ្រួសារនេះជាអ្នកគ្រប់គ្រង់ផងដែរក្នុងរួមមាន ភរិយាឧកញ៉ា ស៊ាង លីន អនុប្រធាននាយកប្រតិបត្តិ, កូនប្រុសច្បង ឧកញ៉ា លី សុភ័ក្ត អនុប្រធានប្រតិបត្តិ, កូនប្រុសទី២ ឧកញ៉ា លី សុភាព អនុប្រធាននាយកប្រតិបត្តិ, កូនស្រីទី៣ ឧកញ៉ា លី សុភារី អនុប្រធានប្រតិបត្តិ៕
៤.អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group និងដែលជាក្រុមហ៊ុនបង្កើតតាំងពីឆ្នាំ១៩៩២មកម្លេះ បុត្រសម្ព័ន្ធរបស់ WorldBridge មានក្រុមហ៊ុនសរុបជាង ៣០។ មហាសេដ្ឋីផ្នែកចលនទ្រព្យរូបនេះត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០ គឺដំណាលគ្នាជាមួយមហាសេដ្ឋីនៅកម្ពុជា៥ នាក់ផ្សេងទៀត។ អ្វីដែលគួរចាប់អារម្មណ៍នោះគឺ អគារពាណិជ្ជកម្មខ្ពស់ធំស្គឹមស្កៃនៅកណ្តាលរាជធានីភ្នំពេញ The Bridge, The Peak ,រីស៊តThe Palm, Kerry Express, Thai Cargo, Oxley WorldBridgeក៏ជាការវិនិយោគរាប់រយលានដុល្លារ អាមេរិករបស់មហាសេដ្ឋីរូបនេះផងដែរ។
៣.អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន កាណាឌីយ៉ា អិនវេសមេន ហូលីង ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនចំណុះដែលជាបុត្រសម្ព័ន្ធដូចជា ធនាគារ កាណាឌីយ៉ានៅកម្ពុជា, ធនាគារកាណឌីយ៉ានៅប្រទេសឡាវ, ធនាគារប្រៃសណីយ៍កម្ពុជា, ហ្វូណនមីក្រូហុរញ្ញវត្ថុ, ក្រុមហ៊ុនធនារ៉ាប់រង សុវណ្ណាភូមិឡាយហ្វ៍, ក្រុមហ៊ុនធនារ៉ាប់រង តារា អិនសួរិន, កាណា ស៊ីឃ្យួរីធី និងក្រុមហ៊ុន កាណាត្រាស។ គិតត្រឹមឆ្នាំ២០១៩ ក្រុមហ៊ុន កាណាឌីយ៉ា អិនវេសមេន ហូលីង មានទ្រព្យសម្បត្តិសរុប ៧ពាន់លានដុល្លារ។ ក្រៅពីក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុខាងលើ អ្នកជំនួញរហ័សនាម អាត់កឺ រូបនេះក៏នៅមានតួនាទី និងជំនួញផ្សេងៗជាច្រើនផ្សេងទៀតផងដែរ៖ ជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC), សួនឧស្សាហកម្មកាណាឌីយ៉ាដែលជាបណ្តុំរោងចក្រ និងឃ្លាំងស្កុកទំនិញជាច្រើនផ្តុំគា្ន, គម្រោងអភិវឌ្ឍន៍ទីក្រុងរណបដែលមានតម្លៃរាប់ពាន់លានដុល្លារចំនួន២គឺ ទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វារ, គម្រោងបុរីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មធំៗតម្លៃរាប់ពាន់លានដុល្លារនៅរាជធានីភ្នំពេញមានដូចជា បុរីចម្ការមន, បុរីទន្លេបាសាក់, បុរីវរជន, បុរីសាន់វ៉េ, អូឡាំព្យាស៊ីធី, ផ្សារទំនើបរតនាផ្លាហ្សា, សូរិយា, សុវណ្ណា, សណ្ឋាគារតារា...និងបុរីជាច្រើនផ្សេងទៀតនៅតាមបណ្តាលខេត្តធំៗសំខាន់នៅកម្ពុជា។ ក្រៅពីម្ចាស់ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនរាប់សឹបខាងលើ អ្នកឧកញ៉ា ពុង ឃាវសែ ក៏មានតួនាទីផ្សេងមួយចំនួូនដូចជា ជាប្រធានសមាគមធនាគារកម្ពុជា, ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានសមាគម ខ្មែរ-ចិន ផងដែរ។
២.អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកមានដើមកំណើតនៅខេត្តកោះកុងដែលភាគច្រើនគេដាក់ងារថា «ស្តេចកោះកុង»។ មហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជារូបនេះ មានជំនួញពហុវិស័យក្នុងដៃធំៗដូចជា៖ កោះកុងរីស៊ត, សណ្ឋាគារភ្នំពេញ, អូស្មាច់ រីស៊ត, សណ្ឋាគារហ្គាឌិនស៊ីធី, ក្លឹបវាយកូនហ្គោលហ្គាឌិនស៊ីធី, សួនសត្វភ្នំពេញសាហ្វារីវើល, សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាក, ភ្នំពេញស៊ូហ្គើរ, ចម្ការកៅស៊ូជប់, សេដ្ឋកិច្ចពិសេសខេត្តកោះកុង-គិរីសាគរ, ផ្សារលក់ទំនិញបោះដុំ (ផ្សារម៉ាក្រូ-ផ្សារក្លូប៉ល), មជ្ឈមណ្ឌល អាពាហ៍ ពិពាហ៍ សន្និបាត និង ពិព័រណ៍ ឌឹ ព្រីមៀរ សែនសុខ សេនធ័រ, បុរីលំនៅដ្ឋានដ៏ប្រណីត The Premier Land សែនសុខ, ការនាំចេញបារី, ស្ថាននីយទូរទស្សន៍ ភីអិនអិន ចម្ការអំពៅ និងការ ផ្គត់ផ្គង់ ថាមពល ទឹកភ្លើង នៅខេត្ត កោះកុង…ជាដើម។
១.អ្នកឧកញ៉ា គិត ម៉េង គឺជាមនុស្សដែលមានឥទ្ធិពលមួយរូបក្នុងវិស័យជំនួញទាំងអស់នៅកម្ពុជា ដែលសព្វថ្ងៃមានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនធំដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន១៩ដែលកំពុងឈរជើងនៅកម្ពុជា។ ក្រុមហ៊ុនដែលជាបុត្រសម័្ពន្ធដែលនៅក្នុងដៃរបស់មហាសេដ្ឋីរូបនេះរួមមាន៖ ក្រុមហ៊ុនសែលកាត, ធនាគារ ជេ ត្រាសរ៉ូយ៉ាល់, វីង, សណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូយ៉ាល់សេនកោះរ៉ុង, CBS(CTN-TV,MYTV,CNC-TV),យ៉ុងស៊ីង គ្លូបប៊លត្រេឌីង, អីហ្ស៊ីតខម, ក្រុមហ៊ុនផ្តល់សេវាឧទ្ធម្ភាគចក្រ Hilicopters Cambodia, ក្រុមហ៊ុនជួលរថយន្តទំនើបរ៉ូយ៉ាល់លីម៉ូស៊ីន, សណ្ឋាគារកាំប៉ូឌីយ៉ាណា, ក្រុមហ៊ុនធនារ៉ាប់រ៉ង Cambodia Life, ក្រុមហ៊ុនធនារ៉ាប់រ៉ង Infinity, ក្រុមហ៊ុន ផ្ទះ និងអាផាតមិនស្តង់ដារអន្តរជាតិ Northbrirdge Communities, សាលាអន្តរជាតិ Southbridge, ក្រុមហ៊ុន Northbrirdge Development, North Park Condominium, KFC និង ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ GSS៕
ប្រភព និងរូបថត៖ ផេកហ្វេសបុក និងគេហទំព័រក្រុមហ៊ុន