បើ​ដាក់បម្រាមគោចរមែន តើ​ត្រូវធ្វើឡើង​រយៈពេល​ប៉ុន្មានថ្ងៃ?

  • 2021-04-01 01:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​អនុក្រឹត្យ​ស្តីពី​វិធានការ​រដ្ឋបាល​ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩ និងជំងឺឆ្លង​កាចសាហាវ​ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១២ ចែងថា «ការដាក់​ចេញ​វិធានការរដ្ឋបាល​ណាមួយ​ស្របតាម​អនុក្រឹត្យនេះ ត្រូវ​ធ្វើឡើង​ជាបណ្តោះអាសន្ន​សម្រាប់​ថិរវេលា​មិនឱ្យលើសពី ២សប្តាហ៍។ ថិរវេលានេះ អាចត្រូវបាន​សម្រេច​បន្ត ឬបញ្ចប់​មុនថិរវេលាកំណត់ ក្នុង​លក្ខខណ្ឌដូចគ្នា​នឹង​ការសម្រេច​ដាក់ចេញវិធានការ​រដ្ឋបាល​ស្របតាមមាត្រា១១ នៃអនុក្រឹត្យនេះ»។

បើតាម​មាត្រា៨ ស្តីពីបម្រាមគោចរ ចែងថា «រាល់​ការ​ធ្វើដំណើរ​ដែល​ត្រូវបានអនុញ្ញាត​ដូចមានចែង​ក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ មិនត្រូវធ្វើឡើង​នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ លើកលែងចំពោះ​ការធ្វើដំណើរ​ដោយមូលហេតុ​សុខភាព​បន្ទាន់ មូលហេតុ​ចាំបាច់​និងបន្ទាន់​ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញ​កាតព្វកិច្ច​ដែលបម្រើ​ផលប្រយោជន៍​សាធារណៈ ការធ្វើដំណើរ​ទៅទីកន្លែង​បំពេញ​ការងារ​នៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម​ដែល​ត្រូវបាន​លើកលែង​ឱ្យបើកដំណើរការ​ដូចមាន​ចែងក្នុង​ក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់​ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។

«រាល់​គ្រឹះស្ថាន​សាធារណៈ និង​សហគ្រាស​ ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្ម​ដែល​ត្រូវបានអនុញ្ញាត​ឱ្យ​នៅបើកដំណើរការ​ស្របតាមមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវផ្អាក​ប្រតិបត្តិការ​របស់ខ្លួន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ សម្រាប់​ទទួលអតិថិជន​ដោយផ្ទាល់ លើកលែងចំពោះ​សេវាសង្គ្រោះបន្ទាន់ សេវា​សុខាភិបាល ឱសថស្ថាន ស្ថានីយ៍ប្រេងឥន្ធនៈ និងសេវាសាធារណៈ​ចាំបាច់ដទៃទៀត​ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។

សូម​បញ្ជាក់​ថា ការដាក់​ចេញ​វិធានការ​បិទខ្ទប់រាជធានី ឬខេត្ត និង​ការដាក់ចេញវិធាន​ការរដ្ឋបាល​ផ្សេងទៀតដែលមាន​វិសាលភាព​អនុវត្តលើសពីដែនដី​នៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាព​អនុវត្ត​នៅទូទាំងប្រទេស​ ត្រូវធ្វើឡើង​តាមសេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។

ចំណែក​វិធានការ​រដ្ឋបាល​ណាមួយ​ដែលមានវិសាលភាព​អនុវត្តសម្រាប់​​ផ្នែក​ខ្លះ ឬទីកន្លែង​ខ្លះ​ក្នុងដែនដី​នៃរាជធានីខេត្ត​ ឬមាន​វិសាលភាព​អនុវត្ត​ទូទាំង​រាជធានី​ ឬខេត្តរបស់ខ្លួន​ដែលមានការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ គឺត្រូវបាន​ផ្តល់សមត្ថកិច្ច​ឱ្យ​គណៈអភិបាលរាជធានីខេត្ត ជាអ្នកសម្រេចដាក់ចេញ៕

អត្ថបទថ្មី
;