​ប្រជាជន​អ៊ីស្រាអែល ប្រហែល​ជា​មានភាព​សុំា​ប្រឆាំង​នឹង​កូវីដ១៩ទៅ​ហើយ

  • 2021-04-08 01:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជនអ៊ីស្រាអែល​ប្រហែល​ជាអាចឈានដល់​មានប្រព័ន្ធភាពសុំា​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ហើយ​ ដោយសារតែការចាក់វ៉ាក់សាំង និងការជាសះស្បើយពីជំងឺ។ នេះបើតាមការអះអាងរបស់​អ្នកជំនាញ​នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sheba។

លោកវេជ្ជបណ្ឌិត Eyal Leshem នាយកវិទ្យាស្ថាន​វេជ្ជសាស្រ្តត្រូពិច នៃមជ្ឈមណ្ឌល ​Sheba បាន​បញ្ជាក់​ថា កម្រិតភាពសុំា គឺផ្អែក​លើអត្រាចម្លងនៃវីរុស។ សម្រាប់កូវីដ១៩ គេត្រូវការប្រជាជន​ដែលមានភាពសុំាពី ៦៥ ទៅ ៧០%។

ប្រជាជន​អ៊ីស្រាអែល ប្រហែល ៥៦% នៃប្រជាជន​សរុប ៩,២លាននាក់ ត្រូវបានចាក់វ៉ាក់សាំងរួចហើយ ព្រមទាំង ១៥% ឬស្មើនឹង ៧០ម៉ឺននាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ (អ្នកជាសះស្បើយហើយ មាន​ប្រព័ន្ធការពារស្រាប់) ដែល​ធ្វើឱ្យអ៊ីស្រាអែល សមស្រប​ជាមួយ​លក្ខខណ្ឌ​នៃ​កម្រិតភាពសុំា​ក្នុងប្រទេស។

ទន្ទឹមនឹង​នេះ ករណីឆ្លងកូវីដ១៩នៅអ៊ីស្រាអែល ជាងកន្លះខែមកនេះ គឺធ្លាក់ពីខ្ទង់ពាន់ម៉ឺននាក់ មកនៅខ្ទង់រយនាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតពន្យល់បែបនេះ៖ «យើងបានឃើញ​នូវការ​ធ្លាក់ចុះ​ករណីឆ្លង បើទោះបីជាប្រជាជនអ៊ីស្រាអែល បានវិលទៅរកការ​ប្រមូលផ្តុំគ្នាឡើងវិញ ព្រោះតែមនុស្សភាគច្រើន​ដែលបានជួបគ្នានោះ គឺសុទ្ធតែមានភាពសុំាអស់ហើយ»។

លោក Leshem បន្តថា នៅពេល​ទេសចរណ៍បើកឡើងវិញ ប្រទេសអ៊ីស្រាអែល​ត្រូវបានរំពឹងថា ជាកន្លែង​មានសុវត្ថិភាព​បំផុត​មួយ​សម្រាប់​អ្នកដំណើរ ពីព្រោះការចម្លងកូវីដ១៩ មានកម្រិតទាប៕

ប្រភព៖ Israel21C

អត្ថបទថ្មី
;