សាវតាខ្លីៗរបស់ទីភ្នាក់ងារលក់រូប វីដេអូ និងព័ត៌មានធំទាំង៤នៅលើពិភពលោក
- 2021-04-08 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវតាខ្លីៗរបស់ទីភ្នាក់ងារលក់រូប វីដេអូ និងព័ត៌មានធំទាំង៤នៅលើពិភពលោក
ចន្លោះមិនឃើញ
មានទីភ្នាក់ងារបរទេសធំ៤ដែលមានបុគ្គលិកនៅជុំវិញពិភពលោកផលិត រូប វីដេអូ ព័ត៌មាន ដែលល្បីនៅលើពិភពលោក មាន AP, REUTERS, AFP និងEPA។ ទីភ្នាក់ងារទាំងនេះផលិតរូប វីដេអូ ព័ត៌មាននៅជុំវិញពិភពលោកសម្រាប់លក់ទៅឲ្យស្ថាប័នព័ត៌មានក្នុងស្រុកប្រចាំប្រទេសនានានៅលើពិភពលោកយកទៅផ្សាយបន្ត។ ទីភ្នាក់ងារធំទាំង៤នេះក៏មានបុគ្គលិកធ្វើការប្រចាំនៅកម្ពុជាផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានបង្ហាញពីសាវតារបស់ទីភ្នាក់ងារធំទាំង៤នេះ៖
១.AP=Associated Press គឺជាទីភ្នាក់ងារព័ត៌មានដែលបង្កើតនៅឆ្នាំ១៨៤៦ នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ AP មានបុគ្គលិកសរុប ៣៣០០នាក់ ដែលកំពុងធ្វើការនៅ២៦៣ទីតាំងនៅជុំវិញពិភពលោក។ AP អាចផលិតបាន២០០០រឿងក្នុងមួយថ្ងៃ ១លានរូបក្នុងមួយឆ្នាំ ៧ម៉ឺនវិដេអូ ក្នុងមួយឆ្នាំ។ នៅកម្ពុជាមានបុគ្គលិកប្រចាំការ២នាក់ គឺលោក ជាង សុផេង ជាអ្នកឆ្លើយឆ្លងព័ត៌មាន និងលោក ហេង ស៊ីនិត្យ ជាអ្នកថតរូប។
២. REUTERS៖ គឺជាទីភ្នាក់ងារព័ត៌មានរបស់ក្រុមហ៊ុនមេ Thomson Reuters ដែលបង្កើតនៅខែតុលា ឆ្នាំ១៨៥១ ដែលទីស្នាក់ការធំនៅប្រទេសអង់គ្លេស។ រ៉យទ័រ មានអ្នកយកព័ត៌មានប្រហែល២៥០០នាក់ និងអ្នកថតរូប៦០០នាក់ដែលធ្វើការ២០០កន្លែងនៅទូទាំងពិភពលោក។ នៅកម្ពុជាមានបុគ្កលិកប្រចាំការគឺលោក ប្រាក់ ចាន់ថុល ជាទីអ្នកឆ្លើយឆ្លងព័ត៌មាន និងលោក ឡាយ ចាន់ថា ជាអ្នកថតវិដេអូ។
៣. AFP=Agence France-Presse៖ គឺជាទីភ្នាក់ងារព័ត៌មានដែលបង្កើតនៅឆ្នាំ១៨៣៥ ដែលទីស្នាក់ការធំនៅទីក្រុងប៉ារីស ប្រទេសបារាំង។ គិតត្រឹមឆ្នាំ២០១៨ AFP មានបុគ្គលិកសរុប២៤០០នាក់ ១០០សញ្ជាតិផ្សេងគ្នា ដែលធ្វើការនៅ១៥០ប្រទេសនៅជុំវិញពិភពលោក ដែលក្នុងនោះប្រទេសនៅទ្វីបអាហ្វ្រីក អាមេរិកខាងជើង អាមេរិកឡាទិន អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា។ AFP ផលិតរូបថត វីដេអូ អត្ថបទ ក្រាហ្វិក ព័ត៌មាន សេដ្ឋកិច្ច កីឡា វិទ្យាសាស្ត្រនិងបរិស្ថាន សុខភាព វប្បធម៌ និងកម្សាន្ត ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក។ បុគ្គលិករបស់AFPនៅកម្ពុជា មានលោក តាំង ឈិនសុធីជាអ្នកថតរូប និងលោក ស៊ុយ សែ ជាអ្នកឆ្លងឆ្លើយព័ត៌មាន និងជាអ្នកផលិតវីដេអូ។
៤. EPA=European Pressphoto Agency៖ គឺជាទីភ្នាក់ងារដែលលក់រូបព័ត៌មានដែលបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ មានទីស្នាក់ការធំទីក្រុង ហ្វ្រេងហ្វឺត នៅប្រទេសអាល្លឺម៉ង។ ទីភ្នាក់ងារនេះមានអ្នកថតរូបប្រចាំនៅប្រទេសនានទូទាំងពិភពលោក ក្នុងមាននៅទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រីក មជ្ឈិមបូព៌ា ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអាមេរិក។ បច្ចុប្បន្ន EPA ផលិតរូបថ្មីៗក្នុងមួយថ្ងៃប្រមាណជា២២០០សន្លឹក និងចាប់ផ្តើមផលិតវីដេអូព័ត៌មានទូទៅ ៤០វីដេអូក្នុងមួយថ្ងៃ។ អ្នកថតរូបប្រចាំនៅកម្ពុជាគឺលោក ម៉ក់ រ៉េមីស្សា និងលោក គិត សេរី។
ប្រភព និងរូបថត៖ គេហទំព័រទីភ្នាក់ងារទាំង៤, រូបព្រីនស្គ្រីនពីគេហទំព័រទីភ្នាក់ងារទាំង៤