សាវតាពិតរបស់ការិយាល័យអង្គការយូណេស្កូ អាយុជាង១០ទសវត្សរ៍ ជាវីឡារបស់...

  • 2021-04-21 04:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារការិយាល័យ អង្គការយូណេស្តូប្រចាំនៅរាជធានីភ្នំពេញ គឺជាអគារបុរាណមួយក្នុងចំណោមអគារដែលសេសសល់នៅរាជធានីភ្នំពេញ។ អគារនេះសាងសង់ចន្លោះឆ្នាំ ១៩១០-១៩២០។

ការិយាល័យអង្គការយូណេស្កូប្រចាំនៅរាជធានីភ្នំពេញកំពុងជួសជុលថតនៅថ្ងៃ ៧ មីនា ឆ្នាំ២០២១ រូបថត៖ លោក ពុំ មាសបណ្តូល
**ប្រវត្តិអគារ៖**

វីឡានេះសាងសង់ដោយ អាជីវករកូនចៅចិនម្នាក់។ បើតាមការប្រៀបធៀបផែនទីចាស់ៗ និងរូបថតនានាជាច្រើន យើងអាចសន្មតថាអាគារ នេះសាងសង់ឡើងនៅចន្លោះឆ្នាំ ១៩១០-១៩២០។ វាមានទីតាំងស្ថិតនៅខាងក្នុងអតីតសង្កាត់ខ្មែរ ឬ អតីតសង្កាត់រដ្ឋបាលក្នុងស្រុកហើយជាផ្នែកមួយនៃ ស៊េរីវីឡា សារមន្ទីរជាតិ និងព្រះបរមរាជវាំងដែលនៅជុំវិញវាលព្រះមេរុនេះ។ គ្រួសារអាជីវករកូនចៅចិននេះរស់នៅក្នុងវីឡានេះរហូតដល់ក្រុមកងទ័ពខ្មែរក្រហម គ្រប់គ្រងទីក្រុងបានទាំងស្រុងនាឆ្នាំ ១៩៧៥ ។

ចាប់តាំងពីឆ្នាំ១៩៧៩ អង្គភាពកងទ័ពវៀតណាមការពារទីក្រុង បានប្រើប្រាស់អគារនេះបណ្តោះអាសន្នរហូតដល់ឆ្នាំ ១៩៨៩។ បន្ទាប់មកនៅ ចន្លោះឆ្នាំ ១៩៨៩-១៩៩១ អគារនេះបានក្លាយទៅជា ការិយាល័យនៃនាយកដ្ឋានអភិរក្សប្រាសាទបុរាណ សារមន្ទីរ និងទេសចរណ៍នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត័មាន។ នាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩១ លោក ហ្វដំរីកូ មៃយ័រ អគ្គនាយកអង្គការយូណេស្កូ បានបើកជាផ្លូវការឱ្យប្រើប្រាស់ អាគារនេះធ្វើជាការិយាល័យតំណាងអង្គការយូណេស្កូ ប្រចាំនៅរាជធានីភ្នំពេញ។

ការិយាល័យអង្គការយូណេស្កូប្រចាំនៅរាជធានីភ្នំពេញកំពុងជួសជុលថតនៅថ្ងៃ ៧ មីនា ឆ្នាំ២០២១ រូបថត៖ លោក ពុំ មាសបណ្តូល

ស្ថាបត្យកម្មអគារ និងការជួសជុល៖

នៅក្នុងដីឡូត៍នេះមានអគារចំនួនពីរ គឺអគារធំ និងអគារតូច ដែលអគារទាំងពីរភ្ជាប់គ្នាតាមរយះស្ពានថ្មើរជើងមួយនៅជាន់ទីមួយ ។ ការរៀបចំប្លង់រួមមានច្រកចូល រានហាល និងតួផ្ទ៖ គឺជាការរៀបចំមួយបែបដែល ពេញនិយមណាស់នៅក្នុងសម័យនោះ ។ អគារនេះមានជាន់ក្រោមដី ជាន់ផ្ទាល់ដី និងជាន់ទីមួយ។ តួផ្ទះ ធំមានការរៀបចំជាពិសេសដូចជា បន្ទប់ទទួលភ្ញៀវដ៏ធំ លាតសន្ធឹងពេញផ្ទះទាំងមូល ហើយមានបន្ទប់ចំនួន២ ស្ថិតនៅជ្រុងនីមួយៗនៃផ្ទះ។ នៅផ្នែកខាងក្រោយមានជណ្តើរខាងជាអក្សរអ៊ុយ សម្រាប់ឡើងទៅជាន់ទី១។ ចំណែកឯជាន់ទី១ មានការ បែង ចែកជាបន្ទប់ផ្សេងៗទៅតាមល្វែងអគារ ក្នុងនោះបន្ទប់ដែលនៅខាងត្បូង អាចមើលព្រះបរមរាជវាំង និងសួនច្បារបានយ៉ាងល្អនៅលើយ៉ផ្ទះ។

ចំពោះសម្ភារៈមានដូចជា ឥដ្ឋតាន់សម្រាប់ទ្រទម្ងន់ កម្រាលធ្វើពីបេតុង បង្អួចធ្វើពីឈើ និងដែក និងមានបង្កាន់ដៃដែក។ ចំពោះកម្រាលវិញមាន លម្អការ៉ូ និងរៀបចំជាច្រើនប្រភេទហើយយើងអាចចាត់ទុកអគារនេះជាសារមនី្ទរការ៉ូមួយអញ្ចឹង។ ជាទូទៅគេបានប្រើការ៉ូនៅលើកម្រាលតែប៉ុណ្ណោះ ប៉ុន្តែអគារនេះមានប្រើការ៉ូលើពីដានដែលជាលក្ខណៈ ពិសេសមួយ។ ម៉្យាងវិញទៀតតាមសសរនៃរាលហាលខាងមុខផ្ទះមានលម្អប្លែកៗ ដូចជា រូបក្បាលមនុស្ស និងរូប ហង្ស ជាដើម ។ នៅខាងក្រោមបង្កាន់ដៃជាន់ទីមួយ យើងឃើញមានការលម្អជាការ៉ូសេរ៉ាមិចជារាងខ្សែបូ និងគំនូររមូលជាប់គ្នា។ ការ៉ូនេះនៅក្នុងជំនឿចិនជាតំណាងអាយុវែង និងភាពស្តុកស្តម្ភ ។ ទ្វារ និងបង្អួចទាំងអស់សុទ្ធតែមានលម្អជាក្បាច់ផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍ ។

អង្គការយូណេស្កូបានរៀបចំជួសជុលអគារនេះនៅក្នុងឆ្នាំ២០០៨ ក្នុងឆ្នាំ២០១១ និងក្នុងឆ្នាំ២០១៦ ដោយបានផ្លាស់ប្តូររចនាសម្ព័នដំបូល និង ក្បឿង លាបជញ្ជាំងឡើងវិញ ក៏ដូចជាការរៀបចំ និងជួសជុលប្រព័ន្ធលូនៅជាន់ក្រោមដីដើម្បីប្រើប្រាស់ជាបន្ទប់តម្កល់ឯកសារផ្សេងៗ។

អត្ថបទ៖ ការិយាល័យអង្គការយូណេស្កូ

អត្ថបទថ្មី
;