រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមគឺធ្វើឡើងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល
- 2021-04-29 02:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមគឺធ្វើឡើងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល
ចន្លោះមិនឃើញ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (តំបន់ក្រហម) គឺធ្វើឡើងតាមសេចក្ដីណែនាំ លេខ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងក្រោមការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំ ដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាស្ថាប័នជំនាញ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលចុះពិនិត្យស្តង់លក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន៨គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន ១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការ ឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៣-២៧ ខែមេសា ឆ្នាំ២០២១ ការលក់តាមស្តង់ទាំង១១ទីតាំង បានអង្ករ ១ ៣៦២បាវ មីជាតិ ៤ ៣៣១កេស ទឹកត្រី ១ ២២៧យួរ ទឹកស៊ីអ៊ីវ ១ ១៩១យួរ ត្រីខ ២ ៧៦៣យួរ ឆៃប៉ូវ ៤៨៣ថង់ និងទឹកសុទ្ធ ៨៨កេស ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។
ដើម្បីជាជំនួយដល់ការទិញរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ដូចជា៖ ០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម