តាមការប៉ាន់ស្មាន ចំនួនសត្វត្រយងយក្សនៅក្នុងប្រទេសកម្ពុជាមានប្រហែល ២០០ក្បាល

  • 2021-05-03 03:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វត្រយងយក្ស ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុតនៅលើពិភពលោក និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាផ្លូវការដោយព្រះរាជក្រឹត្យឆ្នាំ ២០០៥ ថាជា ប្រភេទបក្សីតំណាងជាតិ ដែលត្រូវការពារ។ ត្រយងយក្សមានវត្តមានតែនៅតាមតំបន់ទំនាបស្ថិតក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីនៃប្រទេសកម្ពុជាប៉ុណ្ណោះ និងទំនងជាមានវត្តមានខ្លះនៅភាគខាងត្បូងនៃប្រទេសឡាវ និងវៀតណាម។ ចំនួនសត្វត្រយងយក្សនៅទូទាំងតំបន់កំពុងមានការថយចុះ ដោយសារការបាត់បង់ទីជម្រក ការបរបាញ់ ការរំខានពីមនុស្ស និងការកាប់រានដីព្រៃនៅតាមតំបន់ទំនាប។ តាមការប៉ាន់ស្មាន ចំនួនសត្វត្រយងយក្សនៅក្នុងប្រទេសកម្ពុជាមានប្រហែល ២០០ក្បាល។

យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វត្រយងយក្សត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វព្រៃជិតផុតពូជ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀល ដល់ ១៥០ លានរៀល។ ក្នុងឆ្នាំ ២០០៩ អង្គការ WCS ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគម្រោងស្រូវ អាប៊ីស (ឬស្រូវត្រយងយក្ស) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយជួយគាំទ្រដល់ការអភិរក្សប្រភេទនេះ។

គម្រោងនេះមានគោលបំណងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានឱ្យចូលរួមអភិរក្ស តាមរយៈការទិញស្រូវសរីរាង្គពូជផ្ការំដួលក្នុងតម្លៃមួយខ្ពស់បំផុតពីក្រុមកសិករផលិតដែលបានប្តេជ្ញាចិត្តចូលរួមការពារព្រៃឈើនិងឈប់បរបាញ់សត្វព្រៃ។ បច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានអនុវត្តដោយអង្គការសន្សំម្លប់ព្រៃ និងបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមកសិករគោលដៅ ព្រមទាំងបានដោះស្រាយកត្តាគំរាមកំហែងចំបងៗស្របពេលជាមួយគ្នា ចំពោះប្រភេទជិតផុតពូជបំផុតនានា រួមទាំងសត្វត្រយងយក្ស និងការគំរាមកំហែងដល់ទីជម្រករបស់វាតាមរយៈការកាប់រានដីព្រៃនិងតំបន់ដីសើមយកធ្វើជាស្រែសម្រាប់ដាំស្រូវ៕

ប្រភព៖ WCS Cambodia

អត្ថបទថ្មី
;