Chow Yun Fat ប្រាប់​មូលហេតុ​ដែល​នឹង​បរិច្ចាគ ៩៩% នៃ​ទ្រព្យ​សម្បត្តិ​ទាំង​អស់

  • 2021-05-12 00:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​តារាសម្ដែង​ហុងកុង​ដ៏​ល្បី​ល្បាញ​សុសសាយ​ពេញ​ពិភពលោក លោក Chow Yun Fat កំពុង​​ក្ដោបកាប់​នូវ​គំនរ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​មហាសាល​រហូត​ដល់ ៥,៦​ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ស្មើ​នឹង​ជាង ៧១៤​លាន​ដុល្លារ​អាមេរិក។ ថ្វី​ត្បិត​ជា​សេដ្ឋី​ក៏​ពិត​មែន តែ​​​លោក​ Chow Yun Fat បាន​រស់នៅ​ក្នុង​ជីវិត​យ៉ាង​សាមញ្ញ​បំផុត​មិន​គួរ​ឲ្យ​ជឿ ដោយ​ក្នុង​១​ខែៗ​លោក​ចំណាយ​អស់​ប្រមាណ​តែ​ជាង ១០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ក្រៅ​តែ​ពី​ភាព​សាមញ្ញ​គួរ​ឲ្យ​គោរព សិល្បករ​ជើង​ចាស់​រូប​នេះ​ក៏​មាន​ទឹក​ចិត្ត​សប្បុរស​ ដែល​កម្រ​មាន​​មនុស្ស​ប្រដូច​បាន​ណាស់​នៅ​លើ​លោក។ ស្ថិត​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​កូរ៉េ Munhwa Broadcasting Corporation នា​ពេល​កន្លង​ទៅ លោក Chow Yun Fat បាន​បញ្ជាក់​ពី​គោល​បំណង​ធំ​មួយ​ ក្រោយ​ពេល​លោក​ទទួល​មរណភាព ដោយ​នោះ​គឺ​ជា​ការ​បរិច្ចាគ​​ទ្រព្យ​សម្បត្តិ​ចំនួន ៩៩% របស់​លោក​ទាំង​អស់​​ដើម្បី​ធ្វើ​អំពើ​សប្បុរសធម៌។

លោក Chow Yun Fat បាន​ពន្យល់​ថា ប្រាក់​ដែល​លោក​រក​បាន​មាន​ប្រភព​ចេញ​ពី​​សង្គម ហើយ​វា​ជា​រឿង​ធម្មតា​នោះ​ទេ​ដែល​លោក​ត្រូវ​ផ្ដល់​វា​ឲ្យ​ទៅ​ជួយ​សង្គម​វិញ។ "នៅ​ពេល​អ្នក​ស្លាប់ អ្នក​មិន​អាច​នាំ​យក​​ប្រាក់​ទៅ​ជាមួយ​អ្នក​បាន​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​មិន​ឲ្យ​វា​​ទៅ​កាន់​អ្នក​ដែល​ត្រូវការ?" នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ហុងកុង​វ័យ​៦៥​ឆ្នាំ។ លោក​បាន​បន្ត​ទៀត​ថា ភរិយា​​របស់​លោក​បាន​គាំទ្រ​ពេញ​ទំហឹង​អំពី​ការ​សម្រេច​ចិត្ត​​របស់​លោក​បែប​នេះ។

សូម​បញ្ជាក់​ថា Chow Yun Fat ជា​បុគ្គល​ល្បី ដែល​មាន​ភាព​សាមញ្ញ​ជា​​ទី​បំផុត ហើយ​មិន​​ចេះ​​ខ្ជះខ្ជាយ​​ទ្រព្យ​សម្បត្តិ​នោះ​ទេ។ លោក​តែង​ធ្វើ​ដំណើរ​ទៅ​ណា​មក​​ណា​តាម​មធ្យោបាយ​សាធារណៈ ហើយ​ប្រើប្រាស់​​របស់​របរ​ធម្មតាៗ​ដូច​គេ​ឯង។ បើ​យោង​តាម​ភរិយា​​​របស់​លោក Chow Yun Fat បាន​ឲ្យ​ដឹង​​ថា ស្វាមី​ខ្លួន​បាន​ប្រើប្រាស់​ទូរសព្ទ​ចាស់​ស៊េរី Nokia អស់​រយៈ​ពេល​១៧​ឆ្នាំ​រហូត​ដល់​ខូច​ទើប​លោក​ដាច់​ចិត្ត​ទិញ​ទូរសព្ទ​ថ្មី។

លោក Chow Yun Fat ​ធ្លាប់​និយាយ​ថា "សុបិន​របស់​ខ្ញុំ​គឺ​​ចង់​បាន​ភាព​រីករាយ និង​ជា​មនុស្ស​សាមញ្ញ​ម្នាក់។ រឿង​ដេល​លំបាក​ជាង​គេ​នៅ​ក្នុង​ជីវិត​​មិន​ផ្ដោត​លើ​​ចំនួន​ប្រាក់​ដែល​អ្នក​រក​បាន​​ឡើយ តែ​វា​ជា​​ការ​រក្សា​បាន​នូវ​ផ្នត់​គំនិត​សន្តិភាព ហើយ​រស់នៅ​ក្នុង​អាកប្បកិរិយា​សាមញ្ញ​និង​មិន​សូវ​ខ្វល់ខ្វាយ"៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ ឈាង.

;