នៅភ្នំពេញនឹងមើលឃើញ «ចន្ទគ្រាស» ​ថ្ងៃនេះ​ម៉ោង​ ៦ ល្ងាច​បើ​សិន​មេឃ​មិន​ស្រទំ

  • 2021-05-26 05:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ត្រូវ​នឹង​ភាសាខ្មែរ​តែង​ហៅ​ថា​​​ «ចន្ទគ្រាស» ​អាច​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ៦ ​ល្ងាច​នេះ​តទៅ​នៅ​ថ្ងៃទី ២៦ ​ខែឧសភា​ឆ្នាំ ២០២១ ។ ​នេះ​បើ​យោង​តាម​ប្រភពសារព័ត៌មាន​វិទ្យាសាស្ត្រ​នានាចុះផ្សាយ កាល​ពី​ម្សិលមិញ​។

​ដំណឹង​នេះ​ អាច​នឹង​ខកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​ ​ដោយ​ហេតុ​ថា​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ កម្ពុជា ​ទើប​នឹង​​ចេញ​សេចក្តី​ប្រកាស​អំពី​ ​អាកាសធាតុ​មិន​អំណោយផល​ ដោយ​កន្លែង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នឹង​មាន​ព្យុះភ្លៀង​​ឥទ្ធិពល​ពី​បង្គួរ​ទៅ​ខ្លាំង​ ​ចាប់​ពី​ថ្ងៃ​ទី ២៦-២៨ ​ឧសភា ​និង​បន្ត​រហូត​ដល់ថ្ងៃទី ១ មិថុនា ២០២១។​

​ប្រសិន​បើ​ផ្ទៃមេឃ​​ ​ត្រឡប់​មក​ប្រក្រតី​វិញ​ ​កម្ពុជា​ ​ក៏​ដូច​ជាអ្នករស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​អាច​មើលឃើញ​ផ្នែក​ដំបូង​របស់​ចន្ទគ្រាស ​រហូត​ដល់​ដំណាក់​កាល ចន្ទគ្រាស​ពេញ​បញ្ចប់។

ក្នុង​ថ្ងៃ​តែ​មួយ​នឹង​មាន​ព្រឹត្តិការណ៍​បី​ផ្ទួន​គ្នា​កើត​ឡើង​គឺ បាតុភូតព្រះចន្ទពេញបូណ៌មី (Supermoon), បាតុភូតព្រះចន្ទក្រហម ( Blood Moon) និង​បាតុភូត​ចន្ទគ្រាស​ពេញ​វង់​ (Total Lunar Eclipse)។​

​ព្រឹត្តិការណ៍​នេះ​ជា​ពេល​ដែល​ព្រះចន្ទ​វិល​មក​ជិត​ផែនដី​បំផុតស្ថិត​នៅ​ចម្ងាយ​ ​៣៥៧០ ៤៦០ ​គីឡូម៉ែត្រ​ពី​ផែនដី។ ​ព្រះចន្ទ ​នៅ​ថ្ងៃនេះ​​នឹង​មាន​ទំហំ​ធំជាង​ធម្មតា​ដល់​ទៅ​ ៧% ​ព្រម​ទាំង​ភ្លឺ​ខ្លាំង​ជាង​សព្វ​មួយ​ដង​។ អ្នកគ្រប់​គ្នា​ អាច​មើល​វាឃើញដោយ​ភ្នែកទទេ ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ​

​អ្នក​វិទ្យាសាស្រ្ត​ NASA ​និយាយ​ថា​៖​ ​«ទីតាំង​ល្អបំផុត​ ដើម្បី​មើល​បាតុភូតនេះគឺ រដ្ឋហាវ៉ៃ និងរដ្ឋ​កាលីហ្វ័រញ៉ា ជាដើម​។ ​មនុស្ស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​ដូច​ជា៖ អូស្ត្រាលី ខាងត្បូងនិងខាងកើតទ្វីបអាស៊ី, អូស្ត្រាលី, ភាគច្រើននៃភាគខាងជើងទ្វីបអាមេរិក, អាមេរិកខាងត្បូង, តំបន់ប៉ាស៊ីហ្វិក, អាត្លង់ទិក, មហាសមុទ្រឥណ្ឌា, ទ្វីបអង់តាកទិក សុទ្ធ​តែ​នឹង​មាន​ឱកាស​តាមដាន​បាតុភូត​ដ៏​អស្ចារ្យ​ខាង​លើ​នេះ​បាន៕

ប្រភព៖ Space ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;