ចម្លើយ​ខ្លី តែ​មិន​សូវ​មាន​អ្នក​ដឹង៖ តើ​សម័យ​មុន​​មាន​មនុស្ស​ប៉ុន្មាន​នាក់​រស់នៅ​​​ក្នុង​បរិវេណ​អង្គរវត្ត?

  • 2021-07-06 01:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ប្រាសាទ​អង្គរវត្ត​ត្រូវ​គេ​ចាត់​ទុក​ជា​​​​​​​សំណង់​ប្រាសាទ​ព្រហ្មញ្ញ​សាសនា​ធំ​បំផុត និង​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​នៅ​លើ​​​ពិភពលោក។ ដោយ​ផ្អែក​លើ​ការ​សិក្សា​របស់​បុរាណ​វិទូ​​នា​ពេល​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​សាងសង់ គេ​សង្កេត​ឃើញ​មាន​ដី​​ទួល​ជា​ច្រើន​​នៅ​ព័ទ្ធ​ជុំវិញ​ ដែល​នេះ​ទំនង​ជា​កន្លែង​ដែល​មនុស្ស​ធ្លាប់​រស់នៅ។

យោង​តាម​​ការ​ចុះ​ផ្សាយ​​អត្ថបទ​សារព័ត៌មាន​មួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​​បង្ហាញ​ថា នៅ​ក្នុង​បរិវេណ​ផ្ទៃដី​១០០០​គីឡូម៉ែត្រ​ការ៉េ​នៃ​​ប្រាសាទ​អង្គរវត្ត​ប្រហែល​ជា​​​មាន​ប្រជាពលរដ្ឋ​​រហូត​ដល់ ៧៥​ម៉ឺន​​នាក់​ឯណោះ។ ការ​លើក​​ឡើង​​នេះ​ធ្វើ​ឡើង​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រាវ​ក្នុង​គម្រោង​មហា​អង្គរ GAP (Great Angkor Project) របស់​សាកល​វិទ្យាល័យ​ស៊ីដនី ដឹក​នាំ​ដោយ​បណ្ឌិត Roland Fletcher និង​អាជ្ញាធរ​ជាតិ​អប្សរា។

គម្រោង​មហា​អង្គរ GAP ដែល​បង្ហាញ​​​ក្នុង​អត្ថបទ​សារព័ត៌មាន​​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​រៀបរាប់​បង្ហាញ​​ដូច​ខាង​ក្រោម៖

ដើម្បី​ចាប់ផ្តើម​យល់​ដឹង​ពី​ជីវិត​របស់​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ បុរាណវិទូ​បាន​ជីក​ដី​រក​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ប្រជាជន​ជំនាន់​នោះ​។ តាមរយៈ​កំណាយ​នៃ​កន្លែង​រស់នៅ​របស់​គេ យើង​អាច​យល់​ដឹង​ពី​ទម្លាប់​ក្នុង​ការ​រស់នៅ​របស់​គេ​ក្នុង​អតីតកាល​។ ការងារ​នេះ​អាច​ផ្តល់​ព័ត៌មាន​បន្ថែម ស្តីពី​ភាព​ខុស​គ្នា​រវាង​គ្រួសារ សហគមន៍ និង​កន្លែង​រស់​នៅ​ផ្សេង​ៗ ព្រមទាំង​រវាង​អ្នក​មាន​វណ្ណៈ​ខ្ពស់ និង​មនុស្ស​សាមញ្ញ ដូច្នេះ​យើង​អាច​ចាប់ផ្តើម​យល់​ដឹង​ពី​សង្គម​នៅ​សម័យ​អង្គរ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​។

ការ​សិក្សា​បុរាណវិទ្យា​នៅ​សម័យ​អង្គរ​បាន​ផ្តោត​ដំបូង​ទៅ​លើ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​ដែល​មាន​សិលា​ចារឹក​ប្រាប់​យើង​អំពី​អាទិទេព ស្តេច និង​វីរជន​។ យើង​មាន​ព័ត៌មាន​តិចតួច​ពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ ​មនុស្ស​សាមញ្ញ​នៅ​សម័យ​អង្គរ​។ នៅ​ក្នុង​ឆ្នាំ​១២៩៦ បេសកជន​ចិន​ម្នាក់​ឈ្មោះ ជីវ តាក្វាន់​ បាន​មក​ទស្សនា​ក្រុង​អង្គរ ហើយ​បាន​រៀបរាប់​អំពី​អ្វី​ដែល​លោក​បាន​ឃើញ​។ លោក​បាន​សរសេរ​ថា មនុស្ស​ក្នុង ​វណ្ណៈ​ខ្ពស់​រស់នៅ​ក្នុង​ផ្ទះ​ធំ​ដែល​មាន​ដំបូល​ប្រក់​ក្បឿង ហើយ​មនុស្ស​សាមញ្ញ​រស់នៅ​ក្នុង​ផ្ទះ​តូច ​ដំបូល​ប្រក់​ស្បូវ​។ នេះ​គឺ​ជា​ភស្តុតាង​ជាក់ស្តែង​តែ​មួយ​គត់​ស្តីពី​គេហដ្ឋាន​សម័យ​អង្គរ​។ តែ​យើង​ក៏​បាន​ដឹង​ពី​ការ​ រស់នៅ​ជំនាន់​អង្គរ​តាមរយៈ​រូប​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន​ដែល​បាន​បង្ហាញ​ពី​គេហដ្ឋាន និង​ជីវិត​រស់នៅ ប្រចាំ​ថ្ងៃ​ជំនាន់​នោះ​។ ក្រៅ​ពី​នេះ មាន​បុរាណវិទូ​បារាំង និង​ខ្មែរ​មួយ​ក្រុម​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​អំពី ​ផ្ទះ​សម្បែង​នៅ​តំបន់​ក្រៅ​បរិវេណ​អង្គរ ឯ​ចំណែក​ការ​សិក្សា​ពី​កន្លែង​រស់នៅ​នៅ​តំបន់​កណ្តាល​អង្គរ ​ដែល​ជា​ទី​​ប្រមូល​ផ្តុំ​នៃ​ប្រាសាទ ហើយ​មាន​មនុស្ស​រស់នៅ​ច្រើន យើង​មាន​ព័ត៌មាន​តិចតួច​ណាស់​។

ក្នុង​ការ​សិក្សា​ច្រើន​លើក​របស់​គម្រោង GAP លោកស្រី​បណ្ឌិត Miriam Stark បាន​ធ្វើ​កំណាយ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ដូចជា អង្គរវត្ត ដើម្បី​រក​ភស្តុតាង​នៃ​លំនៅឋាន​របស់​ប្រជាជន ព្រោះ​សិលាចារឹក​បាន​បញ្ជាក់​ថា​មាន​មនុស្ស​មួយ​ចំនួន​រស់​នៅ​ជុំវិញ​ប្រាសាទ ឧទាហរណ៍ សិលា​ចារឹក​នៅ​ប្រាសាទ​តាព្រហ្ម បាន​រៀបរាប់​អំពី​មនុស្ស​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រាសាទ ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ប្រហែល​២០០០​នាក់ រស់នៅ​ក្នុង​កំពែង​ប្រាសាទ​។

នៅ​ឆ្នាំ​២០១២ ការ​ស្រាវជ្រាវ​លើ​ប្រធានបទ​នេះ​បាន​ទទួល​ជំនួយ​ពី​បច្ចេកទេស​ថ្មី LiDAR ដែល​ប្រើ​កាំរស្មី Laser អាច​មើល​ធ្លុះ​គម្រប​ព្រៃ ដូច្នេះ​អាច​មើល​ឃើញ​រចនាសម្ព័ន្ធ​លើ​ដី​ដែល​រុក្ខជាតិ​បាន​គ្រប​ដណ្តប់​។ ក្នុង​ករណី​ប្រាសាទ​អង្គរវត្ត LiDAR បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ជុំវិញ​ប្រាសាទ​នូវ​ដី​ទួល និង​ដី​ទំនាប​ជាប់​ៗ​គ្នា​រៀបរយ​ជា​ក្រឡាចក្រត្រង់​តាម​ខ្សែ​បន្ទាត់​ស្រប​ទៅ​ទិស​ទាំង​បួន​។

ក្នុង​ឆ្នាំ​២០១០ និង​២០១៣ គម្រោង GAP បាន​សិក្សា​លើ​ដី​ទួល​ទាំង​នេះ​ដោយ​បាន​កាយ​រណ្តៅ តូច​ៗ​ទំហំ ១ម​x​២​ម ក្នុង​កន្លែង​ជា​ច្រើន​ជុំវិញ​អង្គរវត្ត​។ ការ​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា ដី​ទួល​ជា​ទីកន្លែង​ដែល​មនុស្ស​រស់នៅ​។ បច្ចេកទេស​ធ្យូង​វិទ្យុសកម្ម​បាន​បង្ហាញ​ថា​ដី​ទួល​ទាំង​នោះ​ត្រូវ​បាន​រៀបចំ​សម្រាប់​រស់នៅ​ពី ស.វ.​ទី​១០ ដល់​ស.វ.​ទី​១៣​។ ការ​ស្រាវជ្រាវ​របស់​យើង​ក៏​បាន​បញ្ជាក់ ​បន្ថែម​ថា នៅ​លើ​ដី​ទួល​ទាំង​នោះ​មាន​មនុស្ស​រស់នៅ​ក្រោយ​សម័យ​អង្គរ​ពី​ស.វ.​ទី​១៥ ដល់​ស.វ.​ទី​១៧​។

លទ្ធផល​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​រំភើប​ចិត្ត តែ​កំណាយ​តូច​ៗ​បន្ទាប់​មក​បាន​បំផុស​សំណួរ​យ៉ាង​ច្រើន​។ ក្នុង​ខែ​មិថុនា និង​កក្កដា ២០១៥ ក្រោយ​ពី​បាន​ទទួល​ជំនួយ​របស់​អង្គការ National Geographic ខ្ញុំ​បាន​រៀបចំ​ក្រុម​ស្រាវជ្រាវ​តំណាង​ដោយ​សាកលវិទ្យាល័យ​ស៊ីដនី និង​អាជ្ញាធរ​អប្សរា (​លោក ឆាយ រចនា​) ដើម្បី​ពង្រីក​កំណាយ​លើ​ដី​ទួល​តែ​មួយ​ស្ថិត​ក្នុង​កំពែង​អង្គរវត្ត​។

ចំណុច​ដែល​ត្រូវ​ស្រាវជ្រាវ​មាន​ដូច​តទៅ​៖

១. យើង​ចង់​ដឹង​ថា តើ​ពិត​ជា​មាន​ប្រជាជន​រស់​នៅ​លើ​ដី​ទួល​មែន​ឫ​ទេ​? រណ្តៅ​តូច​ៗ​ដែល​យើង​បាន​ជីក​បាន​ផ្តល់​ចម្លើយ​វិជ្ជមាន​លើ​សំណួរ​នេះ​។ យើង​សង្ឃឹម​ថា កំណាយ​ទំហំ​ធំ អាច​ឲ្យ​យើង​រក ​ឃើញ​សំណល់​នៃ​បំណែក​ផ្ទះ និង​ភស្តុតាង​ផ្សេង​ទៀត​នៃ​ការ​រស់នៅ​លើ​ដី​ទួល​នេះ​។

២. យើង​ចង់​ដឹង​ថា តើ​មនុស្ស​សាមញ្ញ​បាន​រស់​នៅ​លើ​ដី​ទួល​នេះ​ឫ​ទេ​? យើង​ជឿ​ថា​រឿង​នេះ​ទំនង​ជា​ពិត ពីព្រោះ​ដី​ទួល​នោះ​មាន​ទំហំ​តូច​ដែល​អាច​ឲ្យ​គេ​គិត​ថា​ផ្ទះ​ក៏​តូច​ដែរ​។ ការ​រក​ឃើញ​ភស្តុតាង ​ពី​សំណង់​ផ្ទះ និង​ប្រភេទ​នៃ​របស់​ប្រើប្រាស់​ដោយ​គ្រួសារ នឹង​ធ្វើ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់​នូវ​សម្ភារៈ​ផ្សេង​ៗ​ដែល​គេ​បាន​ប្រើប្រាស់​។

៣. យើង​ចង់​ដឹង​ថា តើ​ដី​ទួល​នោះ​អាច​បាន​ប្រើប្រាស់​ជា​យូរ​អង្វែង​ហើយ​ច្រើន​ដង​ឫ​ទេ​?

ក្នុង​ឱកាស យើង​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ យើង​បាន​ជីក​លើ​ដី​ទួល​ដែល​បាន​ពិពណ៌នា​ខាង​លើ​នូវ​រណ្តៅ​ចំនួន​២២ លើ​ផ្ទៃ​ដី​សរុប​ ៤១​ម២ ។ លទ្ធផល​៖ ថ្វី​បើ​យើង​មិន​បាន​រក​ឃើញ​ទម្រង់​ផ្ទះ​ទាំង​មូល យើង​បាន​ប្រទះ​ឃើញ​នូវ​ស្នាម​ជើង​សសរ​ ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​ចំណែក​មួយ​នៃ​ផ្ទះ​។ យើង​ក៏​បាន​រក​ឃើញ​ដែរ​៖

១. ផ្ទាំង​ថ្ម​ភក់​ជា​ច្រើន​៖ យើង​ជឿ​ថា​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរវត្ត​ប្រហែល​ជា​យក​ថ្ម​ភក់​នេះ ដែល​សល់​ពី​ការ​សាងសង់​អង្គរវត្ត​មក​ប្រើ តែ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​គេ​យក​ថ្ម​ទាំង​នោះ​មក​ប្រើ​ធ្វើ​អ្វី​។ យើង​គិត​ថា​ប្រហែល​គេ​យក​វា​ទៅ​ក្រាល​ជា​ផ្លូវ ឫ​ក្រាល​នៅ​ក្រោម​ផ្ទះ ឫ​ក្រាល​ជុំវិញ​ផ្ទះ​។

២. ភស្តុតាង​នៃ​សកម្មភាព​ក្នុង​គ្រួសារ​ទាក់ទង​នឹង​ការ​ដាំ​ស្លរ​។ នៅ​ត្រង់​ផ្នែក​មួយ​នៃ​ដី​ទួល យើង​បាន​រក​ឃើញ​ឥដ្ឋ និង​ដី​ឥដ្ឋ​ដុត ព្រមទាំង​៖

– ធ្យូង និង​បំណែក​ចង្ក្រាន​ដែល​ជា​ភស្តុតាង​នៃ​ការ​ប្រើ​ភ្លើង សម្រាប់​ដាំ​ស្លរ​នៅ​សម័យ​អង្គរ

– កុលាលភាជន៍ ភាគ​ច្រើន​ជា​កុលាលភាជន៍​ប្រភេទ​ផុយ ហើយ​មាន​ខ្លះ​មាន​ស្នាម​នៃ​ការ​ឆេះ​ពី​ក្រៅ ដែល​អាច​បណ្តាល​មក​ពី​ការ​ដាក់​ដាំ​ស្លរ​នៅ​លើ​ភ្លើង​។ មាន​បំណែក​ក្រឡ​ជំនាន់​អង្គរ​ដែល​មាន ​ស្រទាប់​រលោង​ពណ៌​បៃតង ឫ​ពណ៌​ត្នោត ព្រមទាំង​ភាជន៍​នាំ​ចូល​ពី​ប្រទេស​ចិន​។ យើង​ក៏​បាន​រក​ឃើញ ខួច​ដែល​នៅ​រូបរាង​ទាំង​មូល​ចំនួន​មួយ នៅ​ទីតាំង​ដែល​យើង​សន្និដ្ឋាន​ថា​ជា​លំនៅឋាន​។

– ក្រៅ​ពី​ភាជន៍​ អ្នក​ជំនាញ​ផ្នែក​រុក្ខជាតិ គឺ​លោកស្រី Cristina Castillo បាន​ស្រាវជ្រាវ​រក​ឃើញ គ្រាប់​ស្រូវ បំណែក​សំបក​ក្រូច គ្រាប់​រុក្ខជាតិ​ក្នុង​អំបូរ​ខ្ញី ព្រមទាំង​សំណល់​រុក្ខជាតិ​ខ្លះ​ដែល​គេ​បាន​ប្រើ ប្រាស់​ធ្វើ​ជា​ឱសថ​។ ការងារ​នេះ​ចាប់ផ្តើម​អោយ​យើង​ស្វែង​យល់​អំពី​រុក្ខជាតិ ផ្លែឈើ និង​បន្លែ ដែល​មនុស្ស​រស់នៅ​លើ​ដី​ទួល​នោះ​ប្រហែល​ជា​បាន​បរិភោគ និង​បាន​ប្រើប្រាស់​។

ក្រៅ​ពី​​នេះ យើង​បាន​ជីក​រណ្តៅ​នៅ​លើ​ដី​ទំនាប​៖ ថ្វី​បើ​គេ​សង្ស័យ​ថា​ទី​នេះ​ជា​ស្រះ​ទឹក អ្នក​ជំនាញ​ធរណីសាស្រ្ត​របស់​យើង​បាន​រក​ឃើញ​ថា ទី​នេះ​មាន​ទឹក​ដក់​តែ​នៅ​រដូវ​ភ្លៀង​ទេ​។ ដូច្នេះ មិន​អាច​ដើរ​តួ​នា ទី​ជា​ស្រះ​ផ្តល់​ទឹក​ខួប​ប្រាំង​ខួប​វស្សា​ឡើយ​។

ការងារ​ទាំង​នេះ​ត្រូវ​បន្ត​ដើម្បី​ឆ្លើយ​តប​នឹង​សំនួរ​ជា​ច្រើន ដែល​នៅ​សេសសល់ ដូច្នេះ​យើង​សង្ឃឹម​ថា​អាច​បន្ត​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​ទាក់ទង​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នៅ​សម័យ​អង្គរ​។

ជា​ការ​សន្និដ្ឋាន យើង​យល់​ឃើញ​ថា​ការ​ស្រាវជ្រាវ​មិន​ត្រូវ​ផ្តោត​តែ​លើ​ប្រាសាទ​ទេ ត្រូវ​ផ្តោត​ផង​ដែរ ទៅ​លើ​ជីវភាព​រស់នៅ និង​សមិទ្ធផល​នៃ​ប្រជាជន​សម័យ​អង្គរ៕

ប្រភព៖ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;