តើសពស្តេចឈីងអាយុកាលជាង២ពាន់ឆ្នាំ អាចនឹងរលួយឬនៅ?
- 2021-07-13 07:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើសពស្តេចឈីងអាយុកាលជាង២ពាន់ឆ្នាំ អាចនឹងរលួយឬនៅ?
ចន្លោះមិនឃើញ
សពអធិរាជ ឈីង ស៊ីហ័ង ដែលកប់ក្នុងផ្នូរដ៏អាថ៌កំបាំង ឬរាជវាំងក្រោមដី អាយុកាលជាង ២ពាន់ឆ្នាំមកហើយនោះ អាចនឹងមិនទាន់រលួយនៅឡើយទេ រហូតមកដល់ពេលនេះ។
លោក Guo Zhikun អ្នកឯកទេសប្រវត្តិសាស្រ្តសម័យរាជវង្សឈីង និងហាន បានលើកឡើងនូវមូលហេតុដែលបង្ហាញថា សពស្តេចឈីងនៅតែរក្សាសភាពល្អ គឺដោយសារក្នុងអំឡុងរាជវង្សឈីង គឺវាជារឿងធម្មតាចំពោះការដាក់បារតក្នុងផ្នូរ ដើម្បីការពារសាកសពមិនឱ្យរលួយ សម្រាប់អភិជន។
លោកបញ្ជាក់ថា ការធ្វើតេស្តសម័យទំនើបនេះ លើស្រទាប់ដីផ្នូរគឺពិនិត្យឃើញជាតិបារតខ្ពស់ ដែលបង្ហាញលទ្ធភាពនៃការរក្សាសពទុកបានយូរ។
ចំនួនសារធាតុបារតក្នុងផ្នូរក៏បានបញ្ជាក់ដែរថា ផ្នូរនេះមិនដែលត្រូវបានគេយាយីម្តងណាឡើយ ព្រោះបើវាត្រូវបានជីកគាស់នោះ វានឹងមានការសាយភាយជាតិបារតចេញមកហើយ។ លើសនេះទៀត ក៏គ្មានស្នាមជីកកកាយផ្នូរពីមុនមកដែរ។
ស្តេចឈីង បានចេញបញ្ជាឱ្យសង់ផ្នូរនេះ នៅពេលឡើងគ្រងរាជ្យក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះទាហានដីឥដ្ឋ ត្រូវបានបញ្ជាឱ្យធ្វើឡើងដើម្បីយាមផ្នូរ ដោយមានជំនឿថា ទាហានទាំងនេះនឹងបន្តតាមការពារទ្រង់ និងអំណាចក្រោយចូលទីវង្គត។ ការធ្វើទាហានដ៏ឥដ្ឋនេះ គឺដើម្បីជំនួសពីការយកជីវិតទាហានជាមនុស្សពិតមកយាម។ ចំពោះការសង់ផ្នូរនេះធ្វើឡើងលើផ្ទៃដីទំហំ៥០គីឡូម៉ែត្រការ៉េ ដោយប្រើកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់ឯណោះ ចំណាយពេល ៣៦ឆ្នាំ ពោលគឺផែនការនេះត្រូវបញ្ចប់ ពេលស្តេចចូលទីវង្គតក្នុងឆ្នាំ ២១០មុនគ.ស។
សូមជម្រាបថា ក្រោយរកឃើញផ្នូរនេះនៅក្រុងស៊ីអាន ក្នុងឆ្នាំ១៩៧៤មក អ្នកស្រាវជ្រាវបានជីកកកាយឃើញមានទាហានដីឥដ្ឋប្រមាណជាង ៨ពាន់រូប, រទេះចម្បាំង ១៣០គ្រឿង, សេះ ៦៧០ក្បាល។ ក្រៅពីនេះក៏មានតន្រ្តីករ សិល្បករ និងទាសីជាដីឥដ្ឋផងដែរ៕