មកដឹងចំណូល​ដែល​គយ​ប្រមូលបាន ក្នុងរយៈពេល៦ខែឆ្នាំនេះ

  • 2021-07-15 08:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានចំនួន ៤៦៩៥,៨ ប៊ីលានរៀល ស្មើនឹង ១១៥៩,៥ លានដុល្លារ ថយចុះ ប្រមាណ ៨,៩% ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០។ លទ្ធផលប្រមូលចំណូលក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន ៤៩%នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ១៧៧៥,០១ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧,៨%នៃចំណូលសរុប), អាករពិសេសមាន ១៧៦៥,០២ ប៊ីលានរៀល (ត្រូវជា ៣៧,៦%នៃចំណូលសរុប), ពន្ធគយមាន ៨៤៧,៦៣ ប៊ីលានរៀល (ត្រូវជា ១៨,១%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ២១៤ ប៊ីលានរៀល (ត្រូវជា ៤,៥%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៩៤,១៣ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,៩៨៥.៥ ប៊ីលានរៀល គ្របដណ្តប់ ៤២,៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ១៣១៦,៣ ប៊ីលានរៀល ត្រូវជា ២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ១១០១,៩ ប៊ីលានរៀល ស្មើនឹង ២៣,៥% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ២៩២,២ ប៊ីលានរៀល ស្មើនឹង ៦,២% នៃចំណូលសរុប ។

បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

-ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤៧២១,៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤០,១ លានដុល្លារអាមេរិក ស្មើនឹង ០,៩%,

-ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ១៨៩៩,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៣២,៥ លានដុល្លារអាមេរិក ស្មើនឹង ៤៩,៩%។

កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា

-ការនាំចេញកសិផលមានចំនួន ១៥៨០,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦១៧,៦ លានដុល្លារអាមេរិក ឬ ៦៤,១៣% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១,៦៩ លានតោន មានតម្លៃ ៤២៥,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០១៩,៧ ពាន់តោន (១៥១,៧%) ឬស្មើនឹងប្រមាណជា ២៨៥,១ លានដុល្លារអាមេរិក (២០៣,៥%), ការនាំចេញអង្ករសម្រេចបាន ២៩១,១ ពាន់តោន មានតម្លៃ ២០៤,២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨,១ ពាន់តោន (២១,២%) ឬប្រមាណ ៦០,៥ លានដុល្លារអាមេរិក (២២.៩%), កៅស៊ូនាំចេញមានចំនួន ១០២,៨ ពាន់តោន មានតម្លៃ ១៥៧,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥,៦ ពាន់តោន (៧៩,៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣,២%) និងកសិផលផ្សេងទៀតមានចំនួន ៣៥៩២,៧ ពាន់តោន មានតម្លៃ ៧៩៣,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១៤១,៩ ពាន់តោន (៤៦,៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២,៨%)៕

អត្ថបទថ្មី
;