កម្ពុជា ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកទៅកាន់ទីផ្សារចិន

  • 2021-07-19 02:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៊ីអានលើកទី ៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ ២០២១ នៅស៊ីអានខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ XSRITE 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន ៥០០ ស្តង់ អ្នកលក់ក្នុងស្រុកចំនួន ៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៣០ ។ ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ២ ម៉ឺននាក់។ ក្នុងនោះ ស្តង់របស់ប្រទេសកម្ពុជាមានទំហំ ៥៤ ម៉ែត្រការ៉េសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ តាមការពិនិត្យក្នុងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១០លាននាក់ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ដែលគ្រោងនឹងបញ្ចប់នាពេលប៉ុន្មានខែចុងឆ្នាំ២០២១ ខាងមុខនេះ។

ថ្មីៗនេះដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ លើប្រធានបទ “អាស៊ាន - សហគមន៍សន្តិភាព និងវាសនារួមគ្នា” ដែលមានគោលបំណងដើម្បីស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រមទាំងបានប្រកាសអំពីការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ ១៧ ឧសភា និងថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ នៅកម្ពុជា ប្រធានបទ "កីឡារស់ក្រោមសន្តិភាព"។

នៅថ្ងៃទី ១ នៃព្រឹត្តិការណ៍ពិព័រណ៍នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាន់ស៊ីបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ក្រសួងទេសចរណ៍កម្ពុជា ហើយបន្តទស្សនាការសម្តែងសិល្បៈនានាផងដែរ។ ក្រៅពីកម្ពុជា ប្រទេសជាសមាជិកអាស៊ានដែលបានចូលរួមជាភ្ញៀវអន្តរជាតិក្នុងការតាំងពិព័រណ៍នេះរួមមាន ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;