ខំ​ប្រៀបធៀបគ្នាចុះឡើង តែការពិត​គឺ Sinovac និង Pfizer សុទ្ធតែខ្លាំង​ប្រហែលគ្នា

  • 2021-07-21 02:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំង​ដែល​ផលិតដោយ Sinovac និង Pfizer គឺសុទ្ធតែមានប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា ក្នុងការទប់ស្កាត់​ភាពធ្ងន់ធ្ងរនៃ​ការឆ្លងកូវីដ១៩។ នេះជាការអះអាងរបស់​លោក Noor Hisham Abdullah អគ្គនាយក​សុខាភិបាល​នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២១។

ការ​បញ្ជាក់​របស់លោក គឺ​ដកស្រង់​ចេញពី​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ក្នុងព្រឹត្តបត្រវេជ្ជសាស្រ្ត New England កាលពីថ្ងៃទី៧ កក្កដា ដោយបានលម្អិតនូវការប្រើប្រាស់ Sinovac ក្នុងប្រទេសឈីលី ពីខែកុម្ភៈ ដល់ ឧសភា និង​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល ដែល​បង្ហាញ​ពីកម្រិតការពារ​ធ្លាក់ចុះរបស់ Pfizer កាលពីដើមខែកក្កដានេះ។

លោក Noor Hisham Abdullah បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុកថា៖ «Sinovac ត្រូវបានរកឃើញ​ថា បានជួយ​កាត់បន្ថយ​ការឆ្លងកូវីដ១៩ ត្រឹម ៦៥,៩%, កាត់បន្ថយ​ការបញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ ៨៧,៥%, កាត់​បន្ថយការចូលសង្គ្រោះបន្ទាន់ ICU ៩០,៣% និងកាត់បន្ថយការស្លាប់ ៨៦,៣%»។ ការសិក្សានេះ គឺ​ធ្វើទៅលើមនុស្ស ៤,២លាននាក់​ដែល​បាន​ចាក់វ៉ាក់សាំង​គ្រប់ដូសរួច ទល់នឹង​ ៥,៥លាននាក់​ដែលមិនបានចាក់វ៉ាក់សាំង។

លោកបន្ថែមថា៖ «ផ្ទុយមកវិញ ការចាក់សាកល្បង​របស់ Pfizer ឃើញមានប្រសិទ្ធភាព ៩៥% គឺមានទំហំតូចណាស់ ដោយសិក្សាលើមនុស្សត្រឹមតែ ៨នាក់​ដែលចាក់វ៉ាក់សាំងរួច និង ១៦២នាក់ មិនទាន់ចាក់វ៉ាក់សាំង»។

លោក​បាន​ដកស្រង់ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល​ដែលបង្ហាញថា ប្រសិទ្ធភាព​របស់​ Pfizer បានធ្លាក់ចុះមកនៅត្រឹម ៦៤% ចាប់តាំងពីថ្ងៃទី៦មិថុនាមក និងមានប្រសិទ្ធភាព ៩៣% ការពារមិនឱ្យមានភាពធ្ងន់ធ្ងរ និងបញ្ជូនទៅមន្ទីរពេទ្យ។

«ដូច្នេះ វាមិនខុសគ្នាច្រើនឡើយ រវាងវ៉ាក់សាំង Sinovac និង Pfizer ក្នុងការប្រើប្រាស់ជាក់ស្តែង។ វ៉ាកសាំងទាំងពីរ​គឺ​ពិតជាមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ភាពធ្ងន់ធ្ងរនៃជំងឺ និងការបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រាន់​តែមានប្រសិទ្ធភាពតិច ក្នុងការបង្ការមិនឱ្យឆ្លង»។ នេះជាការពន្យល់បន្ថែមរបស់​លោក Noor Hisham Abdullah៕

ប្រភព៖ The Star

អត្ថបទថ្មី
;