កក្តាធំ២ដែលធ្វើឲ្យវិស័យកៅស៊ូកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ជួបប្រទះ

  • 2021-09-07 05:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី កម្ពុជា ភូមា ឡាវ និងហ្វ៊ីលីពីន) ផលិតកៅស៊ូធម្មជាតិ ៧៣% ក្នុងចំណោមកៅស៊ូធម្មជាតិទាំងអស់នៅលើពិភពលោក។ ប៉ុន្តែការដាំដុះកំពុងរងគ្រោះដោយកត្តាធំៗពីរយ៉ាងគឺ៖ ការឡើងកម្តៅអាកាសធាតុដែលអាចប៉ះពាល់ដល់លក្ខខណ្ឌនៃការដំាដុះ និងការថយចុះកម្លាំងពលកម្មក្នុងវិស័យនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍបន្តជួយគាំទ្រដល់ដំណាំកៅស៊ូប្រកបដោយចីរភាពនៅកម្ពុជាចេញផ្សាយថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

កម្មករចម្ការកៅស៊ូនៅខេត្តរតនគិរីកំពុងប្រមូលផលជ័រកៅស៊ូ រូបថតថតនៅខែកញ្ញា ឆ្នាំ២០១៧
ឆ្លើយតបនឹងបញ្ហាខាងលើ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្រេចគាំទ្រដល់គម្រោងថ្នាក់តំបន់មួយស្តីពីការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា FORSEA តាមរយៈការផ្តល់ជំនួយឥតសំណងចំនួន១,៥លានអឺរ៉ូ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវក្សេត្រសាស្រ្តសម្រាប់ការអភិវឌ្ឍ (CIRAD)។

គម្រោងខាងលើនឹងត្រូវដាក់ឱ្យដំណើរការនៅប្រទេសកម្ពុជាដោយរួមសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងនៅប្រទេសថៃ និងវៀតណាមផងដែរ។ គម្រោងនេះមានគោលដៅរួមចំណែកជួយដល់ប្រទេសទាំងនេះទប់ទល់ទៅនឹងបញ្ហាប្រឈមក្នុងវិស័យកៅស៊ូ ដោយផ្តល់ព័ត៌មានអំពីផលវិបាក (ផ្នែកបច្ចេកទេស សង្គម និងសេដ្ឋកិច្ច) នៃការផ្លាស់ប្តូរទាំងនេះ និងដោយបញ្ជាក់ច្បាស់អំពីដំណោះស្រាយនានា ដើម្បីធ្វើការបន្ស៊ាំឱ្យកាន់តែមានប្រសិទ្ធភាព។ ទិន្នន័យទាំងអស់នឹងត្រូវចែករំលែកជាមួយតួអង្គសំខាន់ៗគ្រប់កម្រិតនៃវិស័យកៅស៊ូ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ១,៥លានអឺរ៉ូ ដើម្បីគាំទ្រដល់គម្រោងថ្នាក់តំបន់មួយស្តីពីការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអាគ្នេយ៍រវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអគ្គនាយកដ្ឋានកៅស៊ូកម្ពុជាត្រូវបានធ្វើឡើង។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងចំនួន ១,៥លានអឺរ៉ូ រូបថត៖ AFD

ក្នុងពិធីចុះហត្ថលេខានេះលោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយដ្ឋានកៅស៊ូ បានលើកឡើងថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកៅស៊ូនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពអ្នកដាំដំណាំកៅស៊ូនៅតាមទីជនបទ។ សមិទ្ធផលទាំងនេះអាចសម្រេចបានអាស្រ័យដោយមានការគាំទ្រពីទីភ្នាក់ងារ AFD ជាដៃគូអភិវឌ្ឍតែមួយគត់ដែលបានគាំទ្រវិស័យកៅស៊ូនៅកម្ពុជាក្នុងអំឡុង២០ឆ្នាំចុងក្រោយ។

នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជាប្រចាំប្រទេសកម្ពុជា លោកស្រី អូហ្វេលី បួរីស លើកឡើងថា៖ «គម្រោងនេះស្ថិតក្នុងក្របខ័ណ្ឌនៃការបន្តការផ្តល់ហិរញ្ញប្បទានក្នុងវិស័យអន្តរាគមន៍ជាយូរមកហើយ របស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្នកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ស៊ាំវិស័យកៅស៊ូទៅនឹងអាកាសធាតុ គឺមានសារសំខាន់ដោយសារប្រជាពលរដ្ឋនៅជនបទជាច្រើនទទួលបានចំណូលពីវិស័យនេះ។ គម្រោងនេះផ្តល់ឱកាសឲ្យយើងបន្តកិច្ចសហការប្រកបដោយគុណភាពជាមួយមជ្ឈមណ្ឌល CIRAD ដែលជាដៃគូដ៏យូរលង់ណាស់មកហើយរបស់ទីភ្នាក់ងារ AFD នៅក្នុងគម្រោងផ្តល់ការគាំទ្រដល់ប្រព័ន្ធដាំដុះដំណាំកៅស៊ូ»៕

អត្ថបទថ្មី
;