ផ្លូវជាតិលេខ៣ ប្រវែង ២០គីឡូម៉ែត្រ ខូចខាតពេក លោក វ៉ាង យី ថានឹងបញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា

  • 2021-09-13 06:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី​ក្រសួងការ​បរទេសចិន បាន​បញ្ជាក់​ថា ចិន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មកសិក្សា​ផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០គីឡូម៉ែត្រ។ ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នាព្រឹក​ថ្ងៃទី១៣ កញ្ញា ២០២១។

រូបថត៖ ហ្វេសប៊ុកលោក ហោ ណាំហុង
សូមជម្រាប​ថា ក្រសួង​សាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់​ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង ២០គីឡូម៉ែត្រឡើងវិញ ដែលរងការខូចខាតយ៉ាងដំណំ ដោយប្រើប្រាស់​ថវិកាប្រមាណ ៦០លានដុល្លារដើម្បី​សាងសង់​តាម​ស្តង់ដារ និងរឹងមាំបានយូរ។ គម្រោងនេះបែងចែកជា ២ផ្នែក៖

-ផ្នែកទី១៖ ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លារ ក្នុង១៥គីឡូម៉ែត្រ)

-ផ្នែកទី២៖ ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លារ ក្នុង៥គីឡូម៉ែត្រ)។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

គម្រោងផ្លូវកំពត-វាលរេញនេះ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជាពីរកំណាត់គឺ៖ ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាល បេតុងកៅស៊ូ ហើយពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវធ្វើការ ជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួថ្នល់ចំនួន ៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និង ការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។ កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក៕

អត្ថបទថ្មី
;