CMAC រកឃើញ ស្រះបុរាណ ៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ

  • 2021-09-13 07:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលពីរសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMACបានរកឃើញ ស្រះបុរាណចំនួន៣ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែរប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។

គួរបញ្ជាក់ កាលពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាម។

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និង មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទចំនួន៦គឺ ប្រាសាទគោកគ្រង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និង ប្រាសាទដងទង់ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរៀបចំដំណើរការដោះមីនជាបន្ទាន់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;