ពិតជាល្អណាស់ «គម្រោងប្លាស្ទិកដូរយកអង្ករ» ក្នុង១ឆ្នាំកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ១០០តោន
- 2021-12-10 07:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាល្អណាស់ «គម្រោងប្លាស្ទិកដូរយកអង្ករ» ក្នុង១ឆ្នាំកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ១០០តោន
ចន្លោះមិនឃើញ
«គម្រោងប្លាស្ទិកដូរយកអង្ករ» របស់សហគមន៍លើបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាបបានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាបក្នុង១ឆ្នាំ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពេលចុះពិនិត្យ«គម្រោងប្លាស្ទិកដូរយកអង្ករ» កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បញ្ជាក់ថា គម្រោងប្លាស្ទិកដូរយកអង្ករនេះបានកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានចូករួមការពារបរិស្ថាន និងចូលរួមការពារជីវៈចម្រុះនៅបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។ ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់ បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។ បច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការសម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកដំឡើង។ គម្រោងអង្ករដូរយកប្លាស្ទិកនេះជាគម្រោងដែលបានសហការគាំទ្រដោយក្រសួងបរិស្ថានជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេ សាប។
ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលបានចូលរួមទុកដាក់ញែកសំរាមសំណល់ប្លាស្ទិកទាំងនៅផ្ទះដែលជាសំណល់ប្រើប្រាស់ក្នុងផ្ទះ និងចូលរួមក្នុងការសម្អាតប្លាស្ទិកក្នុងបរិស្ថាន នឹងត្រូវផ្តល់រង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនផង។
ការអនុវត្តគម្រោងនេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។ គម្រោងនេះបានទទួលជោគជ័យគួរកត់សម្គាល់ ហើយប្រជាពលរដ្ឋរស់នៅសហគមន៍នានាបានចូលរួមអនុវត្តដោយសេចក្តីរីករាយ និងការយល់ដឹង។ ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកនឹងយកទៅផលិតឥដ្ឋសម្រាប់ក្រាល ទីធ្លាសាលារៀន និងសាងសង់សំណង់ផ្សេងៗ។ លោក នេត្រ ភក្ត្រា បន្ថែម។
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍ថា គម្រោងប្លាស្ទិកដូរយកអង្ករនឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ ឆ្នាំនេះ យុទ្ធនាការនឹងបំផុសស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ផងដែរ ស្របពេលដែលកម្ពុជាប្រកាសពីការបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរវ៉ាក់សាំង៕
រូបថត៖ ក្រសួងបរិស្ថាន