មកដឹង និងស្គាល់ ស្ពានអាកាសទាំង៧ នៅរាជធានីភ្នំពេញ
- 2022-01-31 08:57:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង និងស្គាល់ ស្ពានអាកាសទាំង៧ នៅរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញមានស្អានអាកាសសរុបទាំងអស់មានចំនួន៧ ដោយក្នុងនោះសាងសង់រួចនិងដាក់ឲ្យប្រើប្រាស់មានចំនួន៥ និងកំពុងសាងសង់មាន១ និងចាប់ផ្តើមសាងសង់មាន១។
១.ស្ពានអាកាសក្បាលថ្នល់៖ ជាស្ពានអាកាសដំបូងគេ នៅភ្នំពេញ និងនៅប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ មានបណ្ដោយ ៣០៨ ម៉ែត្រ ទទឹង ១៤,២ ម៉ែត្រ ចំណាយថវិកាអស់ ៦,៤ដុល្លារអាមេរិក។
២-ស្ពានអាកាស ៧មករា៖ ស្ពានអាកាសទី២នេះ មានបណ្តោយប្រវែង ៣៤៥ ម៉ែត្រ ទទឹង ១៥,២០ ម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី និងមានខ្នែងជាដៃស្ពាន ទៅមហាវិថីកម្ពុជាក្រោម មានប្រវែង ១៦០ ម៉ែត្រ និងទទឹង ៦,៥ ម៉ែត្រ។ ចំណាយថវិកា ជាង ៨,៧ លានដុល្លារអាមេរិក ជាថវិកាជួលដី នៅតំបន់កោះពេជ្រ បានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២។
៣-ស្ពានអាកាសស្ទឹងមានជ័យ៖ ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ ស្ពាននេះមានប្រវែងសរុប ១.១៣៤ ម៉ែត្រ និងផ្លូវវាងក្រោមដី ប្រវែង ៤៨៧ ម៉ែត្រ ទទឹងជាង ៦ ម៉ែត្រ។ ស្ពានអាកាសស្ទឹងមានជ័យ ជាស្ពានអាកាសទី៣ នៅភ្នំពេញ ចំណាយ ១៨,៩ លានដុល្លារអាមេរិក ដោយប្រើប្រាស់កញ្ចប់ថវិកាដែលបានមកពីការវិនិយោគតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។
៤-ស្ពានអាកាសទី៤ តិចណូ ឬ ស្ពានអាកាស ៥មករា៖ ជាស្ពានអាកាសស្របនឹងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចំណាយថវិកាជាង ១៤,៥ លានដុល្លារអាមេរិក ដែលបានមកពីគម្រោងវិនិយោគកោះពេជ្ររបស់ក្រុមហ៊ុន OCIC។ ស្ពានអាកាសតិចណូនេះ មានទាំងផ្លូវក្រោមដី នៅប្រសព្វមហាវិថី គីម អ៊ីលស៊ុង និងមហាវិធីម៉ៅសេទុង និងបានសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦។
៥.ស្ពានអាកាសផ្សារដីហ៊ុយ ៖ ស្ពាននេះមានប្រវែង៩៤២ម៉ែត្របណ្តោយ ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ រួមនិងការត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពាននេះសាងសង់ដោយចំណាយថវិការអស់១៧លានដុល្លារអាមេរិក។
៦.ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ៖ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះបានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨។ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គ្រោងប្រើប្រាស់ថវិការសាងសងប្រមាណ ២២លានដុល្លារ។
៧.ស្ពានអាកាសឫស្សីកែវ៖ បើកការដ្ឋានសាងសង់ថ្ងៃទី៣១ មករា ឆ្នាំ២០២២ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ ជិត១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ៕
រូបថត៖ OCIC និងរដ្ឋបាលរាជធានីភ្នំពេញ