អ្វីទៅជា ពិធីឡើងមាឃ ឬឡើងអ្នកតា?

  • 2022-02-08 04:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីឡើងមាឃ ឬឡើងអ្នកតាគឺជាពិធីបុណ្យដែលធ្វើឡើងប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនា។ បុណ្យនេះប្រជាពលរដ្ឋប្រារព្ធឡើងដើម្បីសុំសេចក្តីសុខ ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។ បច្ចុប្បន្ន ពិធីឡើងមាឃ ឬឡើងអ្នកតា ត្រូវបានអ្នកស្រុកអង្គរ ខេត្តសៀមរាប តែងតែរួមគ្នាប្រារព្ធពិធីប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ៣កើត ខែមាឃធំ។

ពិធីឡើងមាឃ ឬឡើងអ្នកតារបស់អ្នកស្រុកអង្គរ
ឲ្យតែដល់ថ្ងៃប្រារព្ធពិធីអ្នកស្រុកក្នុងតំបន់អង្គរក្មេងចាស់ ប្រុសស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ប្រាសាទវត្តអធ្វា អ្នកតាបាក់រទេះក្នុងភូមិនគរក្រៅ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងតំបន់អង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ដើម្បីសុំសេចក្តីសុខចម្រើន។ នេះអាចនិយាយបានថាអ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណីពីបុរាណកាលដែលបានបន្សល់ទុកពីដូនតាមកដល់បច្ចុប្បន្ន។
ពិធីឡើងមាឃ ឬឡើងអ្នកតារបស់អ្នកស្រុកអង្គរ

ជំនឿរបស់អ្នកភូមិនៅទីនោះជឿថា ការធ្វើពិធីនេះគឺនាំឱ្យកូនចៅសុខសប្បាយ ធ្វើស្រែចម្ការទទួលបានភោគផលច្រើន ចៀសផុតពីជំងឺ។ ដូច្នេះហើយ ទើបពួកគាត់ត្រូវរៀបចំពិធីនេះមិនដែលអាក់ខានឆ្នាំណាទេទៅតាមលទ្ធភាព ព្រោះអ្នកតា គឺជាវត្ថុស័ក្ដិសិទ្ធិ អ្នកថែរក្សាស្រុក ជាអ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយ ឬលេងសើចបានទេ។

បើតាមនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ពិធីឡើងមាឃ ឬឡើងអ្នកតា ប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មញ្ញសាសនាផង ដោយពេលព្រឹកព្រលឹម មានពិធីនិមន្តព្រះសង្ឃសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឃ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនដែរ៕

ប្រភព និងរូបថត៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;