ក្រសួង៨ និងអង្គការអន្តរជាតិ៦ ប្តេជ្ញារួមគ្នាបញ្ចប់វិបត្តិអន្ទាក់សត្វព្រៃនៅកម្ពុជា

  • 2022-03-04 07:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងចំនួន៨ និងអង្គការអន្តរជាតិដៃគូ៦ បានប្តេជ្ញារួមគ្នាបញ្ចប់វិបត្តិអន្ទាក់សត្វព្រៃនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រការសារព័ត៌មានរួមចេញផ្សាយនៅថ្ងៃ៣មីនាម្សិលមិញ។ ក្រសួងទាំង៨រួមមាន ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា។ អង្គការអន្តរជាតិដៃគូទាំង៦រួមមាន អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការជីវិតធម្មជាតិ BirdLife អង្គការ Fauna & Flora International (FFI), និងអង្គការ Wild Earth Allies។

សេចក្តីប្រកាសព័ត៌មានរួមនេះបានបញ្ជាក់ថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នានៅថ្ងៃនេះដើម្បីបើក «យុទ្ធនាការអន្ទាក់-សូន្យ» នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅចំបងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា។

ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

វិបត្តិអន្ទាក់មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ។ យោងតាមរបាយការណ៍ឆ្នាំ២០២០របស់អង្គការ WWF ដែលមានចំណងជើងថា«ភាពស្ងប់ស្ងៀមនៃអន្ទាក់៖ វិបត្តិអន្ទាក់នៃអាស៊ីអាគ្នេយ៍» អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណថាមានវត្តមាននៅក្នុងតំបន់ការពារនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;