“មេត្តា​រៀម​ផង” បទ​ចម្រៀង​ស្នេហា ដែល​រសាត់​ពី​ស្រុក​ជប៉ុន​មក​ដល់​ស្រុក​ខ្មែរ

  • 2017-05-12 08:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​អ្នក​ចម្រៀង​ពីរ​នាក់​បង​ប្អូន​ដែល​ជា​តារា​ភាព​យន្ត​ខ្មែរ​ដ៏ ល្បី​ល្បាញ​គឺ​លោក គង់ សំ​អឿន និង លោក គង់ ចន្ថា។ បទ​នេះ​ត្រូវ​បាន​ផលិត​​​ឡើង​នៅ​ឆ្នាំ ១៩៧២ ដើម្បី​ដាក់ បញ្ចូល​ទៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​រឿង "លំអង​ពុធ​ឆាត" ។ "មេត្តា​រៀម​ផង" និពន្ធ​ទំនុក​ដោយ​លោក ញ៉ែម ផុន រៀប​​សម្រួល​បទ ភ្លេង​ដោយ​លោក ម៉ម ប៊ុន​ណា​រ៉ៃ។

ប៉ុន្តែ​បទ​ភ្លេង​នៃ​បទ​ចម្រៀង​នេះ មាន​ប្រភព​មកពី​ប្រទេស​ជ​ប៉ុន​ និង​មាន​ចំណង​ជើង​ថា Ameno Nakano Futari (អា​មែ ណូ ណា​កា ណូ ហ៊្វឹ​តារិ) ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា "គូ​ស្នេហ៍​ក្រោម​​តំណក់​ភ្លៀង"​។ "គូ​ស្នេហ៍​ក្រោម​តំណក់​ភ្លៀង"​ ចេញ​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ១៩៦៦​។ បទ​នេះ​ច្រៀង​ដោយ​លោក Yukio Hashi  និពន្ធ​ទំនុក​ដោយ Tetsuo Miyagawa (តេ​ហ្ស៊ឹ​អុ មី​យ៉ា​ហ្កា​វ៉ា)និង​និពន្ធ​បទ​ភ្លេង​ដោយ Tone Ichiro (តូណេ អ៊ីជីរ៉ូ)។

សង្ខេប​រឿង លំអង​ពុធ​ឆាត

កាល​ពី​ព្រេង​នាយ មាន​យុវជន​ម្នាក់​ឈ្មោះ ពុធឆាត​និង​មិត្ត​ភក្តិ​២នាក់​ទៀត បាន​នាំ​គ្នា ទៅ​រៀន​មន្ត​អាគម​វិជ្ជា​ការ ពី​អាចារ្យ​ទិសា​បា​មោក្ខ​ម្នាក់។ លុះ​ចំណេរ​ក្រោយ​មក នៅ​ឯ​ស្រុក​មួយ  មាន​ពួក​ចោរ​ចូល​លុក​លុយ និង​លួច​ប្លន់​អ្នក​ស្រុក។ មេ​ភូមិ​ក៏ផ្ញើ​លិខិត​​សុំជំនួយពី​អាចារ្យ​ទិសា​បាមោក្ខ​នោះ ។  លោក​គ្រូ ក៏​អនុញ្ញាត​ឱ្យ​សិស្ស​ទាំង​បី នាក់​ចុះពីភ្នំ​ដើម្បី​ជួយ​យក​អាសារ​អ្នក​ស្រុក​។

បន្ទាប់​ពី​ច្បាំង​ឈ្នះ​ពួក​ចោរ អ្នក​ភូមិ​បាន​សម្តែង​សេចក្តី​ត្រេក​អរ និង​ដឹង​គុណ​ចំពោះ​យុវជន​ទាំង​៣​នាក់ និង​បាន​ឱ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ភូមិ​ស្រុក​នោះ​ជា​បណ្តោះ​អាសន្ន​សិន។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ភូមិ​ស្រុក​នោះ  ពុធឆាត​និង​មិត្ត​របស់​គេ​ម្នាក់​ទៀត បាន​ចាប់​ ចិត្ត​ស្រឡាញ់​នាង លំ​អង ដែល​ជា​កូន​ស្រី​មេ​ភូមិ។ ប៉ុន្តែ នាង​លំអង ស្រឡាញ់​ ពុធ​ឆាត​។​

លោក គង់ សំអឿន ក្នុងរឿង កម្មម្តាយ ឆ្នាំ ១៩៦០ (fb page ប៊ី សោភ័ណ)
**ក្រោយ​មក​មិន​យូរ​ប៉ុន្មាន** អំពើ​ចោរ​កម្ម​បាន​កើត​ឡើង​នៅ​ឯ​ស្រុក​ឆ្ងាយ​មួយ​ទៀត។ អាចារ្យ​ទិសា​បា​មោក្ខ បាន​សរសេរ​លិខិត​ឱ្យ​អ្នក​ទាំង​៣​ ទៅ​ជួយ​អ្នក​ស្រុក​នៅ​ទី​នោះ។ ពុធ​ឆាត ដែល​ជាប់​ចិត្ត​ស្រឡាញ់​នាង លំអង ខ្លាំង​ពេក ​មិន​ព្រម​ចាក​ចេញ​ពី​នាង​ទេ។ ដោយ​ចង់ឱ្យ​ពុធ​ឆាត ទៅ​ជួយ​ជីវិត​អ្នក​ស្រុក នាង​លំអង បាន​ប្រើ​ឧបាយ​កល​ធ្វើជា​ស្អប់ ពុធ​ឆាត ។ នៅ​ទី​បំផុត ពុធ​ឆាត បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពីនាង លំអង ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួក​ចោរ។ ដំណើរ​ផ្សង​ព្រេង និង​រឿង​រ៉ាវ​ស្នេហា របស់​យុវជន​ទាំង​បី បាន​ផ្តើម​ជា​បន្ត​បន្ទាប់​………។
អ្នកស្រី គីម ណូវ៉ា (ក្រុមស្រាវជ្រាវព្រះសុរិយា)

នៅ​ចង់​បញ្ចប់​នៃ​សាច់​រឿង នាង​លំអង បាន​ជិះ​សេះ​ទៅ​រក​ពុទ្ធ​ឆាត ដល់​ស្រុក​ឆ្ងាយ​នោះ។ ប៉ុន្តែ ពុធ​ឆាត ដែល​បាន​ដឹង​រឿង​រ៉ាវ​អស់​ហើយ​នោះ បាន​ធ្វើ​ពុត​ជាមិន​ស្រឡាញ់​នាង​វិញ​ឡើយ។ ដោយ​អស់​សង្ឃឹម នាង​លំអង ប្រុង​នឹង​ធ្វើ​អត្ត​ឃាត ប៉ុន្តែ ពុធ​ឆាត មក​ជួយ​នាង ទាន់​ពេល ហើយ​ពួក​គេ​ទាំង​ពីរ ក៏​យល់​ចិត្ត​យល់​ថ្លើម​គ្នា​ដូច​ដើម​វិញ។

អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី

ខ្សែ​ភាព​យន្ត​រឿង លំអង​ពុធឆាត ជា​ស្នា​ដៃ​និពន្ធ​និង​ដឹក​នាំ​រឿង​ដោយ លោក គង់ សំអឿន និង​ផលិត​ដោយ​ផលិត​កម្ម​អង្គរ​វត្ត​ភាព​យន្ត។ តួ​សម្តែង​សំខាន់​ៗ​នៅ​ក្នុង​រឿង​នេះ​មាន លោក គង់ សំអឿន លោក គង់ ចន្ថា លោក គង់ សំអាត អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី អ្នកស្រី គីម ណូវ៉ា៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;