អគារប៊ូឌីញ ស រចនាឡើងដោយស្ថាបត្យករខ្មែរ និងរុស្ស៊ី
- 2017-06-07 09:13:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារប៊ូឌីញ ស រចនាឡើងដោយស្ថាបត្យករខ្មែរ និងរុស្ស៊ី
ចន្លោះមិនឃើញ
គម្រោងអគារស្នាក់នៅសាលាក្រុង ឬក្រោយមកហៅថា អគារប៊ូលឌីញ ស ត្រូវបានរចនាឡើងដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ និងស្ថាបត្យកររុស្ស៊ី លោក Vladimr Bodiansky និងមើលការខុសត្រូវដោយលោក វណ្ណ ម៉ូលីវណ្ណ។
អគារនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦៣ មានកម្ពស់៤ជាន់ និង ៤៦៨បន្ទប់ ដែលកសាងឡើងសម្រាប់ផ្តល់ជូនប្រជាជនដែលមានចំណូលទាបទៅមធ្យម ក្នុងពេលដែលសម័យកាលនោះ ប្រជាជននៅក្នុងទីក្រុងភ្នំពេញ បានកើនឡើងយ៉ាងគំហុក។
អគារប៊ូឌីញ ដែលលាតសន្ធឹងស្របតាមបណ្តោយទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានទំហំសរុប ៦៥៣១,៦៧ម៉ែត្រការ៉េ ដែលបន្ទប់នៅក្នុងអគារនេះ មានប្រវែងខ្នាត និងទំហំដូចៗគ្នាទាំងអស់ ដោយយូនីត ២បន្ទប់ មានទំហំ ៤ គុណ ៨ម៉ែត្រ និងយូនីត ៣បន្ទប់ ទំហំ ៤គុណ ១០ម៉ែត្រ។ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅក្នុងអគារសរុបប្រមាណជិត ៥០០គ្រួសារ ស្មើនឹង ៤៩៣យូនីត។
អំឡុងពេលប៉ុន្មានទសវត្សចុងក្រោយនេះ ហាក់មានសភាពទ្រុឌទ្រោមខ្លាំង និងមានស្នាមប្រេះ នៅលើអគារ ដែលធ្វើឱ្យពលរដ្ឋរស់នៅទីនោះភាគច្រើន ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយភ័យខ្លាចការបាក់ស្រុត ឬរលំអគារដោយប្រការណាមួយជាយថាហេតុ។
នៅឆ្នាំ២០១៧ ពលរដ្ឋរស់នៅអគារប៊ូឌីញ ស បានសម្រេចចិត្តទទួលយកសំណងជាថ្នូរ នឹងការចាកចេញពីលំនៅឋានរបស់ខ្លួន បន្ទាប់ពីបានជួបប្រជុំជាមួយក្រុមហ៊ុនជប៉ុន ARAKAWA ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អស់ជាច្រើនលើកច្រើនសារ។ ហាងឆេងទីផ្សារក្នុង១ម៉ែត្រការ៉េ គឺមានតម្លៃ ១៤០០ដុល្លារ។
សំណង់អគារដែលមានអាយុកាលដ៏ច្រើនមួយនេះ គ្រោងនឹងកម្ទេចចោល នៅក្នុងពេលដ៏ខ្លីខាងមុខ នៅពេលដែលអ្នករស់នៅទីនោះ រុះរើលំនៅឋាន របស់អស់ ដែលក្រសួងដែនដី បានទុកពេលឱ្យ១ខែ គឺចាប់ពីថ្ងៃទី៦មិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា។ ក្រុមហ៊ុនជប៉ុន នឹងសាងសង់ទៅជាអគារពាណិជ្ជកម្មដ៏ទំនើបមួយ ក្នុងពេលខាងមុខ៕