ការក្អកឈាម ជារោគសញ្ញាមួយ ដែលគួរឲ្យបារម្ភ ព្រោះវាអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនពុំមានការព្យាបាលឲ្យទាន់ពេលវេលា។ បើតាមការឲ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត ក្អកឈាម មានមូលហេតុផ្សេងៗជាច្រើន ដែលជាទូទៅបង្កឡើងដោយការឆ្លងរោគដូចជា៖
-
ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្ដៅខ្លួនរ៉ាំរ៉ៃ
-
ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺ ដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្ដែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ
-
ជំងឺរលាកទងសួត ឬរលាកសួត៖ រោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្ដៅខ្លួន
-
ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ
-
ជំងឺបេះដូងត្បៀតប្រឺសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់
-
ជំងឺស្ទះសរសៃឈាមក្នុងសួត៖ អ្នកជំងឺមានរោគសញ្ញាហត់ចុកទ្រូង ដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជា សម្រាកនៅពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬការប្រើប្រាស់ថ្នាំពន្យារកំណើត ជាដើម។
បើមានករណីក្អកឈាម តើត្រូវមកជួបគ្រូពេទ្យជាបន្ទាន់ ឬយ៉ាងណា?
-
ចម្លើយ៖ បើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ ឈាង.