ព្រះស៊ីសុវត្ថិ វិទ្យាល័យចំណាស់បំផុតនៅភ្នំពេញ ធ្លាប់មានទាំងព្រះមហាក្សត្រសិក្សា
- 2017-07-12 06:35:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះស៊ីសុវត្ថិ វិទ្យាល័យចំណាស់បំផុតនៅភ្នំពេញ ធ្លាប់មានទាំងព្រះមហាក្សត្រសិក្សា
ចន្លោះមិនឃើញ
ព្រះស៊ីសុវត្ថិ ជាវិទ្យាល័យចំណាស់បំផុតក្នុងរាជធានីភ្នំពេញ ដែលមានប្រវត្តិតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បុគ្គលល្បីៗជាច្រើន ធ្លាប់បានសិក្សានៅវិទ្យាល័យមួយនេះ ដែលរួមមានទាំងព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ ដែលមានដូចខាងក្រោម៖
១. ព្រះបាទនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
២. ព្រះអង្គម្ចាស់នរោត្ដម យុវនាថ ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម សីហនុ
៣. លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីតាំងពីសម័យសង្គមរាស្ត្រនិយម
៤. លោក ហង់ ជួនណារ៉ុន បច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា
៥. លោក រាជ សម្បត្តិ អតីតប្រធានការិយាល័យកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម និងជាអតីត អ្នកកាសែតល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា
៦. លោក រីម គីន កវីនិពន្ធអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញ
៧. អៀង សារី អតីតមេដឹកនាំខ្មែរក្រហម ៨. អៀង ធារិទ្ធិ ជាអតីតមេដឹកនាំខ្មែរក្រហមជាស្ត្រី (ឈ្មោះកំណើត ខៀវ ធីរិទ្ធ)
៩. សាឡុត ស ហៅ ប៉ុល ពត អតីតមេដឹកនាំខ្មែរក្រហម
១០. ខៀវ ប៉ុណ្ណារី ភរិយា ប៉ុល ពត
វិទ្យាល័យព្រះស៊ីសុវត្ថិ កើតឡើងក្រោមការផ្ដួចផ្ដើមរបស់លោក ហ្រ្វង់ស្វ័រហ្វុងតែន ហើយជាសាលាទំនើបដំបូងគេ ត្រូវបានបង្កើតនៅឆ្នាំ១៨៧៣។ ដំបូងឡើយ វិទ្យាល័យព្រះស៊ីសុវត្ថិ មានឈ្មោះថា Ecole duProtectorat (សាលារាជការអាណាព្យាបាល) ហើយត្រូវបានគេប្ដូរឈ្មោះទៅជា Collège du Protectorat (អនុវិទ្យាល័យរាជការអាណាព្យាបាល) នៅឆ្នាំ១៨៩៣ និងទៅជា Collège Sisowath ឬ អនុវិទ្យាល័យស៊ីសុវត្ថិ នៅឆ្នាំ១៩០៥។
អនុវិទ្យាល័យព្រះស៊ីសុវត្ថិ គឺសម្រាប់បំពាក់បំប៉នចំណេះដឹងសិស្សដើម្បីបម្រើការនៅក្នុងស្ថាប័នរាជការអាណានិគមនិយមបារាំងសេស ផ្នែកយុត្តិធម៌និងផ្នែករដ្ឋបាល។ នៅឆ្នាំ១៩៣៣ អនុវិទ្យាល័យស៊ីសុវត្ថិបានប្រែក្លាយទៅជាវិទ្យាល័យព្រះស៊ីសុវត្ថិ។ សិស្សានុសិស្សជាតិកម្ពុជា បានបញ្ចប់ការសិក្សាលើកដំបូងនៅវិទ្យាល័យនេះ នៅក្នុងឆ្នាំ១៩៣៩។ មានតែសិស្សចំនួន ១៤៤នាក់ប៉ុណ្ណោះ ដែលបានបញ្ចប់សញ្ញាបត្រទុតិយភូមិនៅឆ្នាំ១៩៥៤។
នៅជំនាន់សាធារណរដ្ឋខ្មែរ វិទ្យាល័យនេះត្រូវបានគេប្ដូរឈ្មោះ២ដង ៖ លើកទី១ វិទ្យាល័យ៩តុលា នៅឆ្នាំ១៩៧០ បន្ទាប់មកនៅក្រោយថ្ងៃប្រកាសសាធារណរដ្ឋខ្មែរ ក៏ប្ដូរឈ្មោះទៅជា វិទ្យាល័យភ្នំដូនពេញ នៅក្នុងឆ្នាំ១៩៧៤។ ក្រោមរបកម្ពុជាប្រជាធិបតេយ្យបានប្រែក្លាយជាសាលាអង្គលីលេខ។
ក្រោយថ្ងៃ៧ មករា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបើកសាលានេះឡើងវិញ។ វិទ្យាល័យនេះបានបើកជាផ្លូវការនៅថ្ងៃទី២១ មករា ឆ្នាំ១៩៨០ ហើយបន្តរក្សាឈ្មោះរហូតដល់ឆ្នាំ ១៩៩៣ ទើបក្រសួងអប់រំស្នើឲ្យប្ដូរទៅឈ្មោះដើមវិញ ដើម្បីរក្សាកេរតំណាលប្រវត្តិសាស្ត្រ។
វិទ្យាល័យព្រះស៊ីសុវត្ថិមានទំហំ ៤ហិចតា ខាងលិចទល់ផ្លូវប៉ាស្ទ័រ (៥១) ខាងជើងទល់ផ្លូវ ១៧៨ ខាងត្បូងទល់ផ្លូវកែវជា (១៨៤) និងខាងកើតទល់មហាវិថីនរោត្តម។ វិទ្យាល័យនេះមានអាគារសិក្សា១០ខ្នង អគាររោងជាង១ អាហារដ្ឋាន២ តារាងបាល់ធំ១ តារាងបាល់បោះ១ តារាងបាល់ទះ២ តារាងបោះប៊ូល១ និងអគារទីចាត់ការ១ ដែលមានសោភណភាពបែបឥទ្ធិពលបារាំងសេស៕