មៀន និងផ្កាម្លិះ ជាមុខរបរប្រចាំត្រកូលរបស់អ្នកភូមិកោះក្របី និងភូមិព្រែកថ្មី
- 2017-07-16 02:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មៀន និងផ្កាម្លិះ ជាមុខរបរប្រចាំត្រកូលរបស់អ្នកភូមិកោះក្របី និងភូមិព្រែកថ្មី
ចន្លោះមិនឃើញ
ភូមិកោះក្របី និងភូមិព្រែកថ្មី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងភូមិទាំងពីរ ស្ថិតនៅជាប់នឹងស្ពានព្រែកសំរោង ស្របទន្លេបាសាក់ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីភ្នំពេញ។ នៅទីនោះ ល្បីល្បាញយូរឆ្នាំមកហើយអំពីដំណាំផ្កាម្លិះ និងផ្លែមៀនខ្មែរ។
នៅខែកក្កដានេះ ជាខែមៀន ដែលអ្នកភូមិកោះក្របី និងភូមិព្រែកថ្មី សឹងតែគ្រប់ផ្ទះ មានដើមមៀន។ ដើមមៀនភាគច្រើន នៅមុខផ្ទះ រីឯផ្កាម្លិះ នៅក្រោយផ្ទះ។ ក្រៅពីនោះ នៅចម្ការ ក៏មានមៀនរាប់រយដើម ដែលចម្ការខ្លះ មានដាំផ្កាម្លិះផង និងមានដើមមៀនផង។
ម្ចាស់ចម្ការមៀន នៅភូមិព្រែកថ្មី បានឲ្យដឹងថា ខែនេះ មៀនដល់គ្រប់គ្នា នាំឲ្យថ្លៃចុះថោក។ គាត់លក់ចេញបោះដុំបានត្រឹមតែ ៦ ០០០រៀលទេ ក្នុង ១គីឡូក្រាម។ តែតម្លៃ អាចថ្លៃជាងនេះ ទៅតាមប្រភេទសាច់មៀន ក្រាស់ ឬស្តើង។ ម្យ៉ាងទៀត មៀន ដែលដាក់លក់តាមផ្លូវ នៅខែនេះ មានតម្លៃ ១ ៥០០០ រៀល ក្នុង ១គីឡូក្រាម។ នៅខែបានថ្លៃ គឺមៀនខ្មែរ នៅភូមិព្រែកថ្មី និងភូមិកោះក្របី អាចលក់បានដល់ទៅ ៣ ទៅ ៤ម៉ឺនរៀល ក្នុង ១គីឡូក្រាម។
ដោយឡែកផ្កាម្លិះវិញ ក្នុង ១គីឡូក្រាម លក់បោះដុំឲ្យម៉ូយ ដែលមកទិញដល់ផ្ទះ នៅភូមិព្រែកថ្មី ក្នុងតម្លៃ ១ ៥០០០រៀល ក្នុង ១គីឡូក្រាម។ រីឯអ្នកស៊ីឈ្នួលបេះផ្កាម្លិះ គិតថ្លៃ ៦ ០០០ ទៅ ៧ ០០០រៀល ក្នុង ១គីឡូក្រាម។
ដីចម្ការប្រកបដោយជីជាតិល្អ គួបផ្សំនឹងដំណាំតពីដូនតាផងនោះ នាំឲ្យភូមិកោះក្របី និងភូមិព្រែកថ្មី នៅតែបន្តល្បីល្បាញអំពីមៀន និងផ្កាម្លិះ។ ដំណាំនេះ ក៏បានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខណៈដែលសង្កាត់ព្រែកថ្មី បានកាត់ចូលទឹកដីរាជធានីភ្នំពេញ ហើយមានការអភិវឌ្ឍនូវផ្លូវបេតុងផង សព្វថ្ងៃ ដែលនាំឲ្យដីចម្ការនៅកោះក្របី និងភូមិព្រែកថ្មី ឡើងថ្លៃខ្ពស់ផងដែរ៕