កម្ពុជានាំចេញស្វាជាង ២០០០ក្បាល ក្នុង១ឆ្នាំៗ ទៅកាន់៥ប្រទេស
- 2017-07-19 12:59:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានាំចេញស្វាជាង ២០០០ក្បាល ក្នុង១ឆ្នាំៗ ទៅកាន់៥ប្រទេស
ចន្លោះមិនឃើញ
ក្រុមហ៊ុនចំនួន ៦ បានគ្រប់គ្រងកសិដ្ឋានចំនួន ៧ ដែលមានស្វាក្ដាម សរុបចំនួន ៣៩៩២២ ក្បាល។ ក្នុងនោះ កូនកើតក្នុងខែសរុបមានចំនួន ៣៦០៩ ក្បាល ហើយចំនួនសត្វស្វាក្ដាមជំទង់ នាំចេញ មានចំនួនសរុប ២៣១២ ក្បាល។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្រុមហ៊ុនទាំង ៦ ដែលបើកកសិដ្ឋានចិញ្ចឹមស្វានៅកម្ពុជា ជាក្រុមហ៊ុនមកពីប្រទេសចិន អាមេរិក កូរ៉េ និងក្រុមហ៊ុនកម្ពុជា ចំនួន ២។ ក្រុមហ៊ុនទាំងនោះ បានបើកកសិដ្ឋានចិញ្ចឹមស្វា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែលក៏បានបង្ហាញថា សត្វស្វា ដែលនាំចេញពីកម្ពុជាទាំង ២៣១២ ក្បាលនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េ អាមេរិក និងសហភាពអឺរ៉ុប។ សត្វស្វាក្តាមទាំងនោះ ត្រូវបាននាំចេញ ក្នុងចន្លោះអាយុពី ១០ ទៅ ១២ ខែ។ ស្វាទាំងនោះ មិនមែនដើម្បីធ្វើជាម្ហូបអាហារទេ តែជាការយកទៅធ្វើពិសោធន៍ស្រាវជ្រាវថ្នាំវេជ្ជសាស្ត្រ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឲ្យដឹងថា ក្រុមហ៊ុនដែលនាំចេញសត្វស្វាក្តាមពីកម្ពុជា សព្វថ្ងៃនេះ មាន ៣ ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនចិញ្ចឹមស្វាទាំង ៦។ ក្នុងនោះ ទី១-ក្រុមហ៊ុន ធានហ៊ូ របស់អាមេរិក នាំចេញស្វាប្រមាណ ១៥០០ ក្បាល ក្នុង ១ឆ្នាំ ទី២-ក្រុមហ៊ុន វ៉ាន់នី របស់ចិន ចន្លោះពី ៨០០ ទៅ ១០០០ ក្បាល និងទី៣-ក្រុមហ៊ុន អូរាំង ខាម របស់កូរ៉េ នាំចេញស្វាប្រមាណ ១០០ ក្បាល។
ក្រសួងបានឲ្យដឹងថា ក្រសួងបានផ្តល់សិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុនទាំង ៦ បើកកសិដ្ឋានចិញ្ចឹមស្វា ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ៕