ស្គាល់​តែ NewsFeed លើ Facebook តែ​ធ្លាប់​ឆ្ងល់​ថា វា​ដំណើរការ​​ដូចម្ដេច​អត់?

  • 2017-07-22 08:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុខងារ New Feed របស់ Facebook គឺ​ជា​មុខងារ​ដែល​ជ្រើសរើស​រឿង​ដែល​ទាក់ទង និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​នេះ ពោល​គឺ​ជ្រើសរើស​រឿង​ដែល​សំខាន់​បំផុត ​ក្នុង​ចំណោម​រាប់ពាន់​រឿង​ដែល​កើត​មាន​ឡើង​ក្នុង Facebook ដើម្បី​បង្ហាញ​នៅ​លើ NewsFeed របស់​អ្នក ដោយ​ដាក់​នៅ​លើ​ទំព័រ​ខាងលើ​បង្អស់ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់ Facebook ម្ដងៗ។

កត្តា ៤​យ៉ាង​សំខាន់ៗ ដែល Facebook ជ្រើសរើស​រឿង​សម្រាប់ NewsFeed របស់​អ្នក មាន​ដូច​តទៅ៖

១- តើ​នរណា​ជា​អ្នក​បង្ហោះ​រឿង​នោះ?

នៅ​ពេល​ដែល​អ្នក​ឧស្សាហ៍​ឆ្លើយឆ្លង Comment ឬ Like លើ​ការ​បង្ហោះ​របស់​នរណា​ម្នាក់​ច្រើន នោះ Facebook នឹង​គិត​ថា អ្នក​គឺ​ជា​គោលដៅ​សម្រាប់​ការ​បង្ហោះ​បន្ត​បន្ទាប់​របស់​ម្នាក់​នោះ។ ក្រៅពី Like និង Comment ក៏​អាច​មាន​ដូច​ជា ការ​ចុច​អាន ការ​ចូល​ទៅ​កាន់ Profile ការ​ចុច Tag ឬ​ការ​ត្រូវ​បាន​គេ​ចុច Tag ក្នុង​រូបថត​ណា​មួយ និង​សកម្មភាព​ជាច្រើន​ទៀត។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ពុំ​សូវ​ឃើញ​ការ​បង្ហោះ​ពី​មិត្តភ័ត្តិ​ចាស់ៗ ឬ ទំព័រ (Page) ផ្សេងៗ ដែល​អ្នក​ខាន​ឆ្លើយឆ្លង​យូរ​ឆ្នាំ។

២- តើ​រឿង​នោះ​ទាក់ទាញ​អ្នក​ចូល​មើល ឬ អាន​បាន​ច្រើន​កម្រិត​ណា?

រឿង​មួយ​ដែល​មាន Engage ពី​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន នោះ Facebook នឹង​ផ្ដល់​អាទិភាព​រឿង​នោះ​នៅ​លើ NewsFeed របស់​អ្នក។ អ្នក​លេង ឬ ទំព័រ​មួយ​ចំនួន តែងតែ​បង្ហោះ​រឿង​ដែល​គួរ​ឲ្យ​ធុញ ដូច្នេះ Facebook នឹង​មិន​សូវ​បង្ហាញ​រឿង​របស់​អ្នក​លេង ឬ ទំព័រ​ទាំងនោះ​ឡើយ។ ប៉ុន្តែ​បើ​មនុស្ស​ភាគច្រើន​ពេល​ឃើញ​ការ​បង្ហោះ​មួយ​ភ្លាម​ហើយ Engage, Facebook នឹង​ចាត់​ទុក​ការ​បង្ហោះ​នោះ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បន្ត​ចែកចាយ​រឿង​នោះ​ទៅ​កាន់​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត។

៣- តើ​ការ​បង្ហោះ​នោះ ជា​ប្រភេទ​រឿង​អ្វី?

នៅ​ពេល​ដែល​អ្នក​ឧស្សាហ៍ Engage លើ​ប្រភេទ​ការ​បង្ហោះ​ណា​មួយ ដូចជា Status, Link, រូបថត, វីដេអូ, ព្រឹត្តិការណ៍, ការងារ ឬ រឿង​ផ្សេង​ៗ​ទៀត នោះ Facebook នឹង​ព្យាយាម​ស្វែងរក​តែ​ប្រភេទ​ការ​បង្ហោះ​ដូចគ្នា​នោះ មក​ដាក់​លើ NewsFeed របស់​អ្នក។ អ្នក​ប្រើប្រាស់​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា។ អ្នក​ខ្លះ​ចូលចិត្ត​អាន​ព័ត៌មាន ឯ​អ្នក​ខ្លះ​ទៀត ចូលចិត្ត​ចុច​មើល​វីដេអូ។

៤- តើ​វា​ត្រូវ​បាន​បង្ហោះ​នៅ​ពេល​ណា?

រឿង​កាន់តែ​ថ្មី មាន​ន័យ​ថា អ្នក​កាន់តែ​ឆាប់​ឃើញ​មុនគេ នៅ​លើ NewsFeed ។ ប៉ុន្តែ Facebook ក៏​មាន ភាព​ឆ្លាតវៃ ក្នុង​ការ​តាមដាន​នូវ​សកម្មភាព​របស់​អ្នក​ដែល​ចូល​ទៅ​កាន់ NewsFeed នោះ ហើយ Facebook នឹង​ដាក់​ចំណាត់​ថ្នាក់​រឿង​ដែល​ចាស់​តែ​ល្អ នៅ​ខាង​លើ​បំផុត​របស់ NewsFeed ប្រសិនបើ​អ្នក​ខាន​ចូល (Log in) ទៅ​កាន់ Facebook ក្នុង​រយៈ​ពេល​យូរ។

ក្រៅពី​កត្តា​ធំៗទាំង​៤ ក៏​នៅ​មាន​កត្តា​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត ដូចជា រឿង​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា ពោលគឺ​ព័ត៌មាន ឬ វីដេអូ ដែល Friends របស់​អ្នក​បង្ហោះ​ដូចៗ​គ្នា ។ Facebook នឹង​ធ្វើ​ការ​សន្មត​ថា វា​ជា​រឿង​ធំ ហើយ​បង្ហាញ​នៅ​លើ NewsFeed ផង​ដែរ។ កត្តា​ខ្លះ​ទៀត ​ដូចជា ការ​បញ្ចេញ​ផលិត​ថ្មីៗ​របស់ Facebook ក៏​នឹង​ត្រូវ​លេច​ឡើង​មុនគេ​ផង​ដែរ ព្រោះ Facebook តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​សាកល្បង​ផលិតផល​ទាំង​នោះ និង​ចង់​ដឹង​ថា តើ​អ្នក​ប្រើប្រាស់​ចាប់​អារម្មណ៍​ផលិតផល​ថ្មី​ទាំងនោះ​កម្រិត​ណា ដោយ​ពួកគេ​អាច​បញ្ចេញ​ជា​មតិ​ត្រឡប់​មក​វិញ (Feedback) ដើម្បី​ឲ្យ​គ្រប់​តាម​ការ​កំណត់ ទើប Facebook សម្រេច​ចេញ​ជា​ផ្លូវការ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;