ស្ថានភាពជំងឺរបស់បិតាស្ថាបត្យកម្មខ្មែរលោកតា វណ្ណ ម៉ូលីវណ្ណ យ៉ាងណាហើយ?
- 2017-08-24 01:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពជំងឺរបស់បិតាស្ថាបត្យកម្មខ្មែរលោកតា វណ្ណ ម៉ូលីវណ្ណ យ៉ាងណាហើយ?
ចន្លោះមិនឃើញ
ក្រោយពីមានព័ត៌មានជាច្រើនបានចុះផ្សាយពីដំណឹងមរណភាព លោក វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកម្មរបស់ខ្មែរនោះ ដំណឹងនេះត្រូវបានបដិសេធភ្លាមពីអ្នកផ្ទះរបស់លោក។ យោងតាមការបញ្ជាក់ពី លោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ឲ្យថា បន្ទាប់ពីមានព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយដំណឹងមរណភាពរបស់ លោក វណ្ណ ម៉ូលីវណ្ណ នោះលោកបានទំនាក់ទំនងទៅសមាជិកគ្រួសាររបស់លោកតា ហើយសមាជិកគ្រួសាររបស់លោកបានបញ្ជាក់ថា មកដល់ម៉ោងនេះលោកតានៅរស់រានមានជីវិតនៅឡើយទេ គ្រាន់តែស្ថានភាពជំងឺរបស់លោក គឺមានសភាពធ្ងន់ធ្ងរជាងថ្ងៃធម្មតា ហើយលោកតាមិនអាចកម្រើកបានឡើយ។
សូមជម្រាបថា បច្ចុប្បន្ននេះ លោក វណ្ណ ម៉ូលីវណ្ណ កំពុងសម្រាកព្យាបាលជំងឺនៅឯគេហដ្ឋានរបស់លោកនៅឯទីរួមខេត្តសៀមរាប។ លោកតា វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកតាបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។បន្ទាប់ពីសិក្សានៅទីនោះរយៈពេល ១ឆ្នាំលោកតាក៏បានប្ដូរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកតាបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកតាត្រឡប់មកប្រទេសកម្ពុជា វិញនៅឆ្នាំ១៩៥៥។
មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកតាជាព្រឹទ្ធបុរសទី១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧)។លោកបានបន្សល់ទុកនូវស្នាដៃជាច្រើនចាប់តាំងពីសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុ ដូចជា វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក និងសណ្ឋាគារកាំបូឌីយ៉ាណាជាដើម៕