តើ​អ្នក​កើត​ជំងឺ​ឆ្កួត​ជ្រូក​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​កម្ពុជា?

  • 2017-10-27 02:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ថា អ្នក​ជំងឺ​ឆ្កួត​ជ្រូក ឬ​ជំងឺ​អេពីឡឹបស៊ី នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ១០​ម៉ឺន​នាក់ ខណៈ​នៅ​លើ​ពិភពលោក​មាន​អ្នក​ជំងឺ​ឆ្កួត​ជ្រូក​សរុប​យ៉ាង​តិច ៥០​ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ម៉ម ប៊ុនហេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ បញ្ជាក់​ទៀត​ថា ពេល​បច្ចុប្បន្ន ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ប្រឈម​មុខ​នឹង​ការ​ការពារ ការ​ត្រួត​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺ​ឆ្កួត​ជ្រូក ដែល​ជា​បន្ទុក​សុខភាព​សាធារណៈ​នៅ​ទូទាំង​ពិភពលោក។ នៅ​ប្រទេស​កម្ពុជា ជា​ការ​ឆ្លើយ​តប​ក្រសួង​សុខាភិបាល បាន​រួម​សហការ​ជាមួយ មន្ទីរពេទ្យ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សមាគម​ប្រាសាទ​សាស្ត្រ​កម្ពុជា សមាគម​ប្រយុទ្ធ​ប្រឆាំង នឹង​អេពីឡឹបស៊ី​កម្ពុជា និង​ភាគី​បារាំង​តាមរយៈ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូពេទ្យ អំពី​ជំងឺឆ្កួតជ្រូក នៅ​ទូទាំង​ប្រទេស។

​ជំងឺ​ឆ្កួតជ្រូក គឺជា​ជំងឺ​ម្យ៉ាង​ដែល​មាន​អាការៈ​សន្លប់​បាត់ស្មារតី ហើយ​ប្រកាច់​បែកពពុះមាត់​ដួល​ភ្លាមៗ​។ ជំងឺ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ លើក​ឡើង​ថា ជា​ការ​បញ្ចេញ​នូវ​សញ្ញា​ធ្ងន់ធ្ងរ និង​មិនធម្មតា​នៃ​ប្រព័ន្ធ​ចរន្ត​ខួរក្បាល​បណ្ដាល​ឲ្យ​ប្រកាច់​កន្ត្រាក់​រមួលខ្លួន​។ ការ​ប្រកាច់​នេះ អាច​កើតឡើង​ដដែលៗ​ក្នុង​ពេល​ជាក់លាក់​ណាមួយ​។ ក្នុង​ករណី​ខ្លះ ការ​ប្រកាច់​កើតឡើង​ភ្លាមៗ​ក្នុង​រយៈពេល​ខ្លី​ដោយសារ​ការ​បញ្ចេញ​ចរន្ត​កម្តៅ​លើសលប់​ពេក នៅ​ក្នុង​កោសិកា​របស់​ខួរក្បាល (​កោសិកា​ប្រសាទ)៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;