ក្រសួងព័ត៌មាន មានផែនការបិទការផ្សាយពាណិជ្ជកម្ម ដែលសម្ដែងដោយបរទេស
- 2017-11-01 04:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព័ត៌មាន មានផែនការបិទការផ្សាយពាណិជ្ជកម្ម ដែលសម្ដែងដោយបរទេស
ចន្លោះមិនឃើញ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងកម្មវិធីបិទមហោស្រពភាពយន្តខ្លីចតុមុខ កាលពីយប់ម្សិលម្ង៉ៃថា ក្រសួងមានផែនការបិទនូវរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ដែលមិនសម្ដែងដោយសិល្បករខ្មែរ ឬ ផលិតដោយផលិតករខ្មែរ។
បើតាមការអង្កេតឃើញរបស់លោក បច្ចុប្បន្នផលិតករខ្មែរក៏មានសមត្ថភាព ព្រមជាមួយបច្ចេកទេសកាន់តែប្រសើរ ហើយសិល្បករខ្មែរក៏មានសមត្ថភាពខ្ពស់ៗផងដែរ។ បន្ថែមពីនេះលោកថា៖ «យើងក៏ត្រូវរៀនសូត្របន្ថែមលើការផលិតស្ប៉តពាណិជ្ជកម្មឲ្យកាន់តែល្អជាងបណ្តាប្រទេសជិតខាងយើង ដូចជាថៃ ឬម៉ាឡេស៊ីជាដើម ហើយខាងក្រុមហ៊ុន ក៏គួររួមសហការជ្រើសរើសផលិតករខ្មែរ និង Talents ខ្មែរយើងផងដែរ»។
សម្រាប់លោក ជុំ សុភា ផលិតករ ដែលធ្លាប់មានបទពិសោធន៍ ថតស្ប៉តពាណិជ្ជកម្មដែលមានការចូលរួមពីបរទេស ក្នុងតម្លៃចាប់ពី ១ម៉ឺនដុល្លារកន្លះ រហូតដល់ ៦ម៉ឺនដុល្លារ ក៏សាទរចំពោះចំណាត់ការរបស់ក្រសួងព័ត៌មានដែរ ប៉ុន្តែលោកពន្យល់ថា ដោយសារកម្ពុជាគ្មានសាលាបណ្តុះបណ្តាលលើការសម្តែង ឬផលិតស្ប៉តពាណិជ្ជកម្ម ដូចបរទេស ហេតុដូចនេះផលិតផលវីដេអូរបស់យើង នៅមានកម្រិតច្រើន ដែលក្រុមហ៊ុនភាគច្រើនគ្មានជម្រើសត្រូវតែយកបរទេសមកផលិត ឬសម្តែងសម្រាប់បង្ហាញពីផលិតផលរបស់គេ។
លោក ជុំ សុភា ផលិតករវ័យ ២៦ឆ្នាំដដែលលើកឡើងថា៖ «បើយកល្អគួរតែកំណត់ចំនួនការចូលរួមរបស់បរទេស ៣០% ខ្មែរ៧០% វិញ ដើម្បីយើងមានឱកាសរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍វិញល្អជាង»។ លោកថា ផលិតករ និងតារាសម្តែងបរទេស ហេតុតែគេមានប្រៀបជាងយើង ព្រោះគេមានសាលាបណ្តុះបណ្តាលជំនាញសម្តែង និងបច្ចេកទេសផលិតត្រឹមត្រូវ ហើយគេក៏មានបទ ពិសោធន៍ជាងយើងដែរ ដូចនេះយើងជាផលិតករ ឬសិល្បករគួរតែរៀនសូត្របន្ថែមពីគេ ជាជាងរុញគេចេញភ្លាមៗ។
សម្រាប់តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា វិញបានលើកឡើងថា នាងពិតជាគាំទ្រយ៉ាងខ្លាំងនូវចំណាត់ការរបស់ក្រសួងព័ត៌មាន ដែលមិនអនុញ្ញាតឲ្យផ្សាយស្ប៉តពាណិជ្ជកម្មណាមានតារាបរទេសនៅលើប៉ុស្តិ៍ទូរទស្សន៍ ដោយជំនួសមកវិញជាមួយសិល្បករខ្មែរ។
នាងថា៖ «ចំពោះចំណាត់ការនេះ មិនត្រឹមតែធ្វើឲ្យសិល្បករខ្មែររកចំណូលបានបន្ថែមទៀតនោះទេ អ្វីដែលពិសេសជាងនេះ វាថែមទាំងអាចជួយលើកស្ទួយសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរបានមួយកម្រិតទៀត ព្រោះសមត្ថភាព និងរូបសម្រស់តួខ្មែរសព្វថ្ងៃមិនចាញ់បរទេសប៉ុន្មានឡើយ»៕