ស្វែង​យល់​ពី​ប្រាក់​អេឡិចត្រូនិច Bitcoin ដែល​កំពុង​ល្បី​តគ្នា

  • 2017-12-06 04:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bitcoin ជា​ប្រភេទ​រូបិយប័ណ្ណ​ថ្មី​មួយ​ប្រភេទ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ដោយ​ក្រុម​អ្នក​ជំនាញ​មួយ​ឈ្មោះ​ថា Satoshi Nakamoto។ ការ​ចាយ​វាយ Bitcoin គឺ​មិន​ចាំ​ចាច់​ឆ្លង​កាត់​ធនាគារ​ណា​មួយ​នោះ​ទេ ពោល​គឺ​ការ​ទូទាត់​ធ្វើ​តាម​រយៈ​អនឡាញ​សុទ្ធសាធ។ ក្រុមហ៊ុន ឬ​ស្ថាប័ន​ជា​ច្រើន​លើ​ពិភពលោក ចាប់​ផ្ដើម​ទទួល​ស្គាល់ Bitcoin ជា​បណ្ដើរៗ​ហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ Bitcoin ចេះ​តែ​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ។

គិត​ត្រឹម​ម៉ោង​១១ ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧ Bitcoin ក្នុង​១​កាក់ មាន​តម្លៃ​ប្រមាណ ១២២៨០​ដុល្លារ។

ហេតុ​អ្វី​ត្រូវ​ប្រើ Bitcoin?

Bitcoin អាច​ប្រើ​ដើម្បី​ទិញ​របស់របរ ដោយ​កំបាំង​មុខ ដែល​មិន​ចាំ​បាច់​បង្ហាញ​ពី​អត្តសញ្ញាណ។ មួយ​វិញ​ទៀត ការ​ទិញ​ដូរ​ជា​លក្ខណៈ​អន្តរជាតិ (ឆ្លង​ប្រទេស) មាន​ភាព​ងាយស្រួល និង​តម្លៃ​ថោក ព្រោះ Bitcoin គ្មាន​ធនាគារ ឬ​ប្រទេស​ណា​គ្រប់គ្រង​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​អ្នក​ផ្ញើ​ប្រាក់​ឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត គឺ​មិន​បាច់​បង់​ថ្លៃ​សេវា​ផ្ញើ ឬ​ថ្លៃ​ពន្ធ​អ្វី​នោះ​ឡើយ។

ដោយ​សារ​ភាព​រីក​ចម្រើន​នៃ​ប្រជាប្រិយភាព​របស់​ប្រាក់​អេឡិចត្រូនិច​នេះ មនុស្ស​មួយ​ចំនួន​ចាប់​ផ្ដើម​ទិញ Bitcoin ដើម្បី​ទុក​វិនិយោគ ដោយ​សង្ឃឹម​ថា តម្លៃ​វា​នឹង​បន្ត​កើន​ឡើង។

របៀប​ទិញ​លក់ Bitcoin

ការ​ទិញ​លក់ Bitcoin ប្រព្រឹត្ត​ឡើង​នៅ​តាម​វិបសាយ​មួយ​ចំនួន ដែល​គេ​ហៅ​ថា "Bitcoin Exchanges"។ Mt. Gox គឺ​ជា​វិបសាយ​ដោះដូរ Bitcoin ធំ​បង្អស់ លើ​ពិភពលោក។ សូម​បញ្ជាក់​ថា នៅ​កម្ពុជា ក៏​មាន​វិបសាយ​ដោះដូរ Bitcoin ផង​ដែរ ដូចជា Remitano, LocalBitcoins និង MekongMonkey ជា​ដើម។

Bitcoin កើត​ឡើង​ដោយ​របៀប​ណា?

សម្រាប់​ក្រដាស​ប្រាក់​ធម្មតា គឺ​ត្រូវ​បាន​ព្រីន​ចេញ​ដោយ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ដើម្បី​ចែក​ចាយ និង​ចរាចរ។ យ៉ាង​ណា​មិញ ចំពោះ Bitcoin គឺ​មិន​ដូច្នោះ​ទេ។ ដើម្បី​បង្កើត Bitcoin យើង​ត្រូវ​ប្រើ​កម្មវិធី​ពិសេស​មួយ ក្នុង​ការ​ដោះស្រាយ​លំហាត់​គណិតវិទ្យា​យ៉ាង​លំបាក ដែល​គេ​ហៅ​វិធី​នេះ​ថា "Mining"។ តម្លៃ Bitcoin កាន់​តែ​ថ្លៃ របៀប "Mining" កាន់តែ​លំបាក។ កុំព្យូទ័រ ឬ​ស្មាតហ្វូន​ដែល​អាច​ធ្វើ​ការ "Mining" ត្រូវ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ជាពិសេស​ក្រាហ្វិច​កាត​ផ្ទាល់​តែ​ម្ដង គួរ​តែ​ជា​ប្រភេទ Gaming ក្រាហ្វិច។

Bitcoin គេ​យក​ទុក​នៅ​កន្លែង​ណា?

ដោយសារ​តែ​វា​ជា​ប្រាក់​អេឡិចត្រូនិច ដូច្នេះ Bitcoin ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង "កាបូប​លុយ​អេឡិចត្រូនិច (Digital Wallet)" ដូច​គ្នា។ កាបូប​លុយ​អេឡិចត្រូនិច​ដែល​គេ​និយម​ប្រើ មាន​ដូចជា Blockchain, Coinbase និង BTCS ជា​ដើម។ នៅ​ក្នុង​កាបូប​លុយ​អេឡិចត្រូនិច​ទាំង​នោះ អ្នក​អាច​ទទួល ផ្ញើ ឬ​ទូទាត់ Bitcoin បាន​យ៉ាង​ងាយ​ស្រួល។

គុណ​សម្បត្តិ Vs គុណ​វិបត្តិ

ចំណុច​វិជ្ជមាន៖ Bitcoin ចាប់​ផ្ដើម​មាន​អ្នក​ទទួល​ស្គាល់​ច្រើន ដូច្នេះ​ការ​ចាយ​វាយ​ក៏​កាន់​តែ​មាន​ភាព​ទូលំទូលាយ និង​ងាយ​ស្រួល។ ព្រោះ​គ្មាន​អ្នក​គ្រប់គ្រង ការ​ទូទាត់​ទំនិញ​តាម​រយៈ Bitcoin មិន​ចាំ​បាច់​បង់​ថ្លៃ​ពន្ធ​ទេ ហើយ​អាច​រក្សា​អត្តសញ្ញាណ​ឯកជន​បាន​ទៀត​ផង។ ជា​ពិសេស​ជាង​នេះ​ទៀត នា​ពេល​បច្ចុប្បន្ន (គិត​ត្រឹម​ខែ​ធ្នូ ២០១៧) តម្លៃ Bitcoin ចេះ​តែ​បន្ត​កើន​ឡើង​ខ្ពស់​សឹង​មិន​គួរ​ឲ្យ​ជឿ។ អ្នក​ដែល​ធ្លាប់ និង​កំពុង​វិនិយោគ​ជាមួយ Bitcoin អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ក្រាស់ក្រែល។

ចំណុច​អវិជ្ជមាន៖ ការ​ដោះ​ដូរ​ទំនិញ​ខុស​ច្បាប់ អាច​នឹង​កើន​ឡើង ដោយសារ​តែ​ការ​ទូទាត់ Bitcoin មិន​តម្រូវ​ឲ្យ​បង្ហាញ​អត្តសញ្ញាណ​ឡើយ។ បន្ថែម​ពី​នេះ​ទៀត រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន ចាប់​ផ្ដើម​បង្ហាញ​ការ​ព្រួយ​បារម្ភ ព្រោះ​ពួក​គេ​មិន​អាច​គ្រប់គ្រង Bitcoin បាន។ ជា​ពិសេស​គឺ​មិន​អាច​យក​ថ្លៃ​ពន្ធ​ពី​ការ​ចរាចរ Bitcoin នោះ​ទេ៕

ប្រភព៖ CNN | YouTube | Investopedia | Coin Desk ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;