ដំណើរជីវិតសង្ខេបរបស់​អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ [បណ្ដុំរូបភាព]

  • 2018-06-20 06:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកម្នាង​អ៊ុក ផល្លា ប្រសូត្រ​នៅ​ថ្ងៃ​សុក្រ ទី២៧ ខែកក្កដា ឆ្នាំ១៩៧៩ នៅ​រាជធានី​ភ្នំពេញ។ អ្នកម្នាង​ជាកូន​ទី៥ ក្នុង​ចំណោម​បងប្អូន​ចំនួន ៨នាក់។ មាតា​របស់​អ្នកម្នាង មានឈ្មោះ សុខ ស៊ីដេត អាយុ ៧៥ឆ្នាំ ចំណែក​បិតា​ ឈ្មោះ អ៊ុក ខន (ស្លាប់)។

កាលពី​អាយុ ៦ឆ្នាំ កុមារី អ៊ុក ផល្លា បាន​ចូលសិក្សា​នៅ​សាលា​បឋម​សិក្សា​វត្តកោះ រាជធានី​ភ្នំពេញ។ ក្នុង​រយៈពេលតែ២ឆ្នាំ​ប៉ុណ្នោះ កុមារី អ៊ុក ផល្លា បាន​បន្ត​ចូលរួម​នៅ​សាលា​ភូមិន្ទវិចិត្រសិល្បៈ រាជធាន​ភ្នំពេញ។ ដោយសារ​ការ​ខិតខំ​ ព្យាយាម​ ឧស្សាហ៍ និង​ជា​ក្មេង​ស្រី​ឆ្លាត​វៃ និង​ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​សាស្រ្ដាចារ្យ នានា ជាពិសេស​ក្រោម​ព្រះ​វត្តមាន​នៃ​សម្ដេចរាជ​បុត្រី​ព្រះរាម បុប្ផាទេវី ដែល​ជា​សាស្រ្ដចារ្យ​ផ្ទាល់​ផង​នោះ កុមារី អ៊ុក ផល្លា បាន​រីកចម្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ហើយ​ក្លាយ​ជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា​។

នៅ​ឆ្នាំ​១៩៩៣ អ្នក​ម្នាង បាន​ក្លាយ​ជា​នាដការី​ដ៏​សំខាន់​ដែល​តំណាង​ឲ្យ​អប្សរា​ជាតិប្រចាំ​ប្រទេស ហើយ​ទទួលបាន​ការ​អញ្ជើញ​ទៅ​សម្ដែង​តំណាង​ជាតិ​ នៅ​បរទេស រួម​មាន ប្រទេស​ជប៉ុន បារាំង អាមេរិក ឥណ្ឌា ថៃ ឡាវ ភូមា និង​ប្រទេស​មួយចំនួន​ផ្សេងទៀត។

នៅឆ្នាំ​១៩៩៩ អ្នក​ម្នាង​អ៊ុក ផល្លា បាន​ចូលរួម​សម្ដែង​ជា​តួឯក​ ក្នុង​រឿង "រាជបុរី" ដែល​ជា​ព្រះ​រាជនិពន្ធ​ និង​ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ។

អ្នកម្នាង​ធ្លាប់​មានចំណងអាពាហ៍ពិពាហហ៍ដំបូងជាមួយលោក វេង សេរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ ប៉ុន្តែ​មិនយូរប៉ុន្មានជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង អ៊ុក ផល្លា បានដល់ផ្លូវបំបែក។ ក្រោយពីបែកបាក់ស្វាមី តួឯកអប្សរាសរូប​នេះ ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សព្វព្រះទ័យ និងបានសាងជីវិតគ្រួសារជាមួយគ្នា ក្រោយពីព្រះអង្គបានលែងលះម្ចាស់ក្សត្រីម៉ារី រណឫទ្ធិ។

អ្នកម្នាង​ត្រូវ​បាន​សម្ដេច​ក្រុមព្រះ ដាក់​ព្រះនាមថា នរោត្តម ផល្លារណឫទ្ធិ។ អ្នកម្នាង និង​សម្ដេច​ក្រុមព្រះ មាន​បុត្រ​ ២អង្គ គឺ​បុត្រ​ច្បង មាន​នាម នរោត្តម សុធាឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ២០០៣ និង​បុត្រ​ទី២ មាន​នាម នរោត្តម រណវង្ស ប្រសូត​ក្នុង​ឆ្នាំ​២០១១។

សម្ដេច​ក្រុមព្រះ ជាមួយ​អ្នក​ម្នាង និង​បុត្រ​ទី២ ព្រះនាម នរោត្តម រណវង្ស ក្នុង​សមាជ​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពីឆ្នាំ២០១៧
នៅ​ឆ្នាំ២០១៨ អ្នក​ម្នាង​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដរបស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មណ្ឌល​ខេត្ត​ព្រៃវែង សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦។ ប៉ុន្តែ​ជា​អកុសល អ្នកម្នាង បាន​ទទួល​មរណភាព​ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ សព​របស់​អ្នកម្នាង ត្រូវ​បូជា នៅ​មុខ​វត្ត​បទុមវត្តិ នា​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនានេះ ខណៈ​សម្ដេច​ក្រុមព្រះ បាន​រង​របួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;