អ្នកបើករថយន្តបុកសម្ដេចក្រុមព្រះ និងអ្នកម្នាង ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន
- 2018-06-19 08:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើករថយន្តបុកសម្ដេចក្រុមព្រះ និងអ្នកម្នាង ត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន
ចន្លោះមិនឃើញ
អ្នកបើករថយន្តតាក់ស៊ី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលឲ្យទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពនោះ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជនត្រូវចោទមានឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ»។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អ្នកបើករថយន្តខាងលើត្រូវបានយកចេញពីមន្ទីរពេទ្យ ដើម្បីទៅបង្ហាញមុខនៅតុលាការ ហើយបានយកចូលទៅមន្ទីរពេទ្យវិញឲ្យសម្រាកព្យាបាល ដោយមានការយាមកាមផ្ទាល់ពីមន្ត្រីព័ន្ធនាគារខេត្ត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយ រថយន្តតាក់ស៊ី Highlander ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-9667 បើកបរដោយឈ្មោះ ម៉ិល សារ៉េត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ដឹកភ្ញៀវចំនួន ៤នាក់ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ ក៏រ៉េចង្កូតមកខាងឆ្វេងដៃ បុករថយន្តមួយគ្រឿងម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋសភា 5 2-090 ជិះគ្នា ៣នាក់ របស់សម្ដេចក្រុមព្រះ ដែលមានទិសដៅផ្ទុយគ្នា៕
ចុចអានអត្ថបទទាក់ទង៖