រដ្ឋមន្រ្តី​រំពឹង​ថា បាក់ឌុប​ឆ្នាំនេះ អាច​​នឹង​មាន​សិស្ស​ជាប់​និទ្ទេស A កើន​ជាង​ឆ្នាំមុន

  • 2018-09-05 09:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​រំពឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​ឆ្នាំ២០១៨​នេះ អាច​នឹង​​មាន​សិស្ស​ជាប់​និទ្ទេស A កើន​ជាង​ឆ្នាំ​២០១៧ ដោយសារ​តែ​សិស្ស​មាន​ការ​ខំ​ប្រឹងប្រែង​រៀនសូត្រ​ត្រៀម​ប្រឡង ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​បាន​ឡើយ​។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​អបអរ​សាទរ​សិស្ស​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ​២០១៨។

លោក​បាន​អះអាងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ហើយ​លោក​ប្ដេជ្ញា​ថា នឹង​ខិតខំ​កែ​លម្អ​ការ​ប្រឡង​ឱ្យមាន​លក្ខណៈ​ល្អ​ប្រសើរ​បន្ថែម​ទៀត។

លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងសន្និសីទស្តីពីការរៀបចំការប្រឡងបាក់ឌុបឆ្នាំ២០១៨ កាលពីខែកក្កដា
សូម​រំលឹក​ថា ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៧ មាន​បេក្ខជន​ជាប់​និទ្ទេស​ A ចំនួន ៤២៤​នាក់, និទ្ទេស​ B ចំនួន​ ២៤៦៤​នាក់, និទ្ទេស C ចំនួន​ ៥០០០​នាក់, និទ្ទេស​ D ចំនួន​ ៩១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦៦៥៧នាក់។

រដ្ឋមន្រ្តី​រូបនេះ​បន្ថែម​ថា លទ្ធផល​ផ្លូវការ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នឹងត្រូវ​ប្រកាស​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​ការ​ស្រង់ និង​បូក​ពិន្ទុ​ប្រឡង​ដំណើរការ​បាន​រលូន ពោលគឺ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​កញ្ញា​។ ដោយឡែក​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១០​កញ្ញា​។

បើតាម​ការ​ជូនដំណឹង​របស់​ក្រសួង​អប់រំ​នាពេល​កន្លង​មក លទ្ធផល​ប្រឡង​បាក់ឌុប​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​១១​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ ចំណែក​ឯ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី១២ ​កញ្ញា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទង

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;