បក្សមូលដ្ឋាន ថាការដក EBA ធ្វើឱ្យបាត់ចំណូលជាតិ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ឯកជន
- 2018-10-31 07:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បក្សមូលដ្ឋាន ថាការដក EBA ធ្វើឱ្យបាត់ចំណូលជាតិ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ឯកជន
ចន្លោះមិនឃើញ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៣១តុលានេះថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប (EU) នឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់វិស័យឯកជន ដែលកំពុងនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ កៅស៊ូ និងអង្ករ ទៅកាន់ EU។ ការណ៍នេះ នឹងធ្វើឱ្យកម្ពុជា បាត់បង់សមត្ថភាពប្រកួតប្រជែង បាត់បង់ចំណូលជាតិ ព្រមទាំងប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់កម្មករ ក៏ដូចជាអត្រានៃកំណើនសេដ្ឋកិច្ចជាតិ។
សេចក្តីថ្លែងការណ៍នេះ បន្តថា តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៦ បង្ហាញថា បើគ្មានប្រព័ន្ធអនុគ្រោះពន្ធនេះទេ វិស័យឯកជនមានបន្ទុកត្រូវបង់ពន្ធប្រមាណ ៦៧៦លានដុល្លារ។ លើសពីនេះទៀត បើតាមសមាគមកាត់ដេរនៅកម្ពុជា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងអាចមានផលប៉ះពាល់ដល់កម្មករជិត ៧០ម៉ឺននាក់ និងអ្នកអាស្រ័យផលពីវិស័យនេះ ជិត ២លាននាក់។
ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសមិនគាំទ្រការដកប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ និងស្នើសុំឱ្យមានការចរចារវាងភាគីពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា និងតំណាង EU ក្នុងការរកដំណោះស្រាយសមស្របណាមួយ ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន និងចៀសវាងនូវហានិភ័យចំពោះសេដ្ឋកិច្ចជាតិ និងការងាររបស់ប្រជាពលរដ្ឋ៕
អត្ថបទទាក់ទង៖
GMAC៖ ការព្យួរបណ្តោះអាសន្ន EBA អាចប៉ះពាល់ដល់កម្មករក្នុងរយៈពេលវែង
រាជរដ្ឋាភិបាល អំពាវនាវកុំឱ្យមានការព្រួយបារម្ភ ជុំវិញនីតិវិធីដកការអនុគ្រោះពន្ធរបស់ EU
សម្តេច ហ៊ុន សែន៖ បើ EU ដកការអនុគ្រោះពន្ធ គឺហាក់បោះបង់ចោលនូវអ្វីៗដែលខ្លួនខំធ្វើកន្លងមក