ព្រឹត្តិការណ៍​នយោបាយ​ជាតិ​សំខាន់​ៗ​​ប្រចាំ​សប្តាហ៍

  • 2018-12-09 07:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើកយកព្រឹត្តិការណ៍នយោបាយ​ជាតិ​សំខាន់ៗ ដែលកើត​មាន​ឡើង​ក្នុងសប្តាហ៍នេះ មក​បង្ហាញ​ជូន​ដូចខាងក្រោម។

១. លោក កឹម សុខា មិន​គាំទ្រ​សន្និសីទ​ពិភពលោក​របស់​លោក សម រង្ស៊ី

កាលពី​ថ្ងៃទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុម​មេធាវីរ​បស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ជំហរ​របស់ លោក កឹម សុខា​ ថា មិន​ទទួលស្គាល់​សន្និសីទ​របស់​ក្រុម​លោក សម រង្ស៉ី​ នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី០១ ខែធ្នូនោះទេ។ គួរ​បញ្ជាក់ថា សន្និសីទ​នោះ ធ្វើឡើង​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។

ចុចអាន​លម្អិត

២. រដ្ឋសភា នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ បើក​ផ្លូវ​ដល់​អ្នកជាប់​បម្រាម​លើ​សកម្មភាព​នយោបាយ

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួចផ្តើម​ធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្មមាត្រា ៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ គោលបំណង​គឺ បញ្ជាក់​ឲ្យច្បាស់​តាម​ផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល​ដែលត្រូវ​បាន​តុលាការ​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ និង​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ​អាច​ទទួល​បាន​នីតិសម្បទា​ឡើងវិញ​តាម​ច្បាប់​នេះ និង​គោលបំណង១ទៀត គឺ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ។

ចុចអាន​លម្អិត

៣. ក្រសួង​មហាផ្ទៃ នឹង​ពិនិត្យ​ការ​ដកបម្រាម​ហាមឃាត់​សកម្មភាព​នយោបាយ​លោក កឹម សុខា

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨​ថា ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យ​លើ​ការ​ដកបម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​លើ​លោក កឹម សុខា អតីតប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ រួមទាំង​មន្ត្រីមួយ​ចំនួន បន្ទាប់​ពីរដ្ឋសភា​អនុម័ត​វិសោធនកម្មលើមាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់ស្តីពី​គណបក្សនយោបាយ នាពេល​ខាងមុខនេះ។

ចុចអាន​លម្អិត

៤. សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ធ្វើទស្សនកិច្ច​នៅប្រទេសឡាវ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥​ ដល់​ថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ​២០១៨។ សម្តេច​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត នាយក​រដ្ឋមន្ត្រី​ឡាវ។ បន្ទាប់ពី​ជំនួប​នោះ នាយករដ្ឋមន្រ្តី​ទាំង២ បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៤​ផងដែរ។

ចុចអាន​លម្អិត

៥. សម្តេច ហ៊ុន សែន បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម ពីថ្ងៃទី៦ ដល់ ៨ធ្នូ ឆ្នាំ២០១៨។ ក្នុង​អំឡុង​ទស្សនកិច្ច​នេះ សម្តេច​បាន​ជួប​ទ្វេភាគី​លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី​វៀតណាម។ ក្រោយជំនួប​ទ្វេភាគីនេះ នាយករដ្ឋមន្រ្តី​ទាំង ក៏បាន​ធ្វើ​ជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​ចំនួន​៥ផងដែរ។ សូម​អានល​ម្អិតបន្ថែម​ក្នុង​លិខិត​ខាងក្រោម​នេះ។

អត្ថបទ៖ សំភី

អត្ថបទថ្មី
;