សង្ខេបព្រឹត្តិការណ៍ជាតិសំខាន់ៗ ក្នុងឆ្នាំ២០១៧
- 2017-12-25 09:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ខេបព្រឹត្តិការណ៍ជាតិសំខាន់ៗ ក្នុងឆ្នាំ២០១៧
ចន្លោះមិនឃើញ
Kley Kley សូមបង្ហាញជូនព្រឹត្តិការណ៍ជាតិសំខាន់ៗមួយចំនួន ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៧នេះ។
ព្រឹត្តិការណ៍ទាំងនោះរួមមាន៖
ថ្ងៃទី២២ ខែមករា៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមចុះមូលដ្ឋាន ជាលើកដំបូង ក្រោយពីលោកបានឃុំខ្លួនឯងនៅក្នុងទីស្នាក់ការបក្សអស់រយៈពេលជិតកន្លះឆ្នាំ ដើម្បីគេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា ដែលបានចោទប្រកាន់លោកនៅក្នុងសំណុំរឿងផ្លូវភេទដ៏ចម្រូងចម្រាស់ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចាប់តាំងពីខែឧសភាឆ្នាំមុន។
ថ្ងៃទី១១ ខែកុម្ភៈ ៖ លោក សម រង្ស៊ី បានលាលែងចេញពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពគណបក្ស។ លោកបញ្ជាក់ថា ការលាលែងនេះដោយសារមូលហេតុផ្ទាល់ខ្លួន។
ថ្ងៃទី១៧ ខែកុម្ភៈ៖ តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនលោក គឹម សុខ ជាអ្នកវិភាគនយោបាយ១រូប ដាក់ក្នុងពន្ធនាគារ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។
ថ្ងៃទី២ ខែមីនា៖ លោក កឹម សុខា ត្រូវបានសមាជគណបក្សសង្គ្រោះជាតិ ជ្រើសរើសជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី។ ក្នុងនោះក៏មានការជ្រើសរើសអនុប្រធានគណបក្ស ៣រូបផងដែរ រួមមានលោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ និងលោក ប៉ុល ហំម។
ថ្ងៃទី១៥ ខែមីនា៖ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព វេលាម៉ោង ៦:៣២នាទីលា្ងច នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។
ថ្ងៃទី៨ ខែឧសភា៖ កងទ័ពកម្ពុជា ៤រូប បានបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាម នៅប្រទេសអាហ្វ្រិកកណ្តាល។
ថ្ងៃទី៤ ខែមិថុនា៖ ប្រជាពលរដ្ឋកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ថ្ងៃទី២៥ ខែមិថុនា៖ គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនជាងគេចំនួន ៦៥០៣អាសនៈ បន្ទាប់មកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥០០៧អាសនៈ។
ថ្ងៃទី៣ ខែសីហា៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីផលិតគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២។
ថ្ងៃទី១១ ខែសីហា៖ កងទ័ពកម្ពុជា ត្រូវបានចល័តចេញពីមូលដ្ឋានក្រុងតាខ្មៅ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង ដែលកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំង២។
ថ្ងៃទី១៣ ខែសីហា៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុក ដោយញុះញង់កងទ័ពមិនឲ្យស្តាប់បញ្ជា។
យប់ឈានចូលថ្ងៃទី៣ ខែកញ្ញា៖ លោក កឹម សុខា ត្រូវបានមន្រ្តីនគរបាលយុត្តិធម៌ចាប់ខ្លួន ពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ក្រោយការបញ្ចេញវីដេអូរបស់បណ្តាញ CBN។
ថ្ងៃទី៤៖ ជាថ្ងៃដែលកាសែត The Cambodia Daily បានចេញផ្សាយព័ត៌មានចុងក្រោយ។ កាសែតនេះ បានប្រកាសបិទខ្លួនឯង ពាក់ព័ន្ធនឹងបញ្ហាពន្ធដារ។
ថ្ងៃទី១៦ ខែវិច្ឆិកា៖ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨រូប រយៈពេល ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីរៀបចំផែនការឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល៕