Terengganu យក​ការ​ប្រកួត​នៅ​កម្ពុជា ​តេស្ត​សមត្ថភាព​រក​ប្រធាន​ក្រុម ឯ ធារី ជា​បេក្ខភាព​១​រូប

  • 2018-01-03 10:01:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ក្លឹប Terengganu FC បាន​បង្ហើប​ពី​គម្រោង​របស់​ខ្លួន ​ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​កម្ពុជា នា​ដើម​ខែ​មករា ​ឆ្នាំ​២០១៨នេះ ដោយ​ជា​ការ​ធ្វើ​តេស្ត​សមត្ថភាព និង​វាយតម្លៃ​ទៅ​លើ​កីឡាករ​និមួយៗ រួមទាំង​កីឡាករ ធារី ចន្ថាប៊ីន ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ស្វែងរក​បេក្ខភាព​ដែល​ស័ក្ដិសម​ជា​ប្រធាន​ក្រុម សម្រាប់​ការ​ប្រកួតប្រជែង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី នា​រដូវ​កាល​២០១៨។

ធារី ចន្ថាប៊ីន ជាប្រធានក្រុមជម្រើសជាតិកម្ពុជា នាពេលកន្លងទៅ
យោង​តាម​វេបសាយ​ម៉ាឡេស៊ី 90Minit កាលពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៨ បាន​ចុះផ្សាយ​ថា លោក Mohamad Nik ជំនួយ​ការ​គ្រូ​បង្វឹក​ក្លឹប​ដែល​ទើប​ឡើង​ទៅ​លីគ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​២០១៨ នឹង​វាយ​តម្លៃ​កីឡាករ​ទាំងអស់ តាម​រយៈ​ការ​ដាក់​ឲ្យ​ចូល​លេង​ ដើម្បី​ចម្រាញ់​យក​កីឡាករ​សម្រាប់​តំណែង​ប្រធាន​ក្រុម ក្នុង​ជំនួប​មិត្តភាព ៣ប្រកួត​នៅ​កម្ពុជា និង​ការ​ប្រកួត​ពានរង្វាន់ Menteri Besar Cup ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៥ ខែ​មករា ខាងមុខ​នេះ។

«មក​ទល់​ពេល​នេះ ពួកយើង​មិន​ទាន់​សម្រេច​ថា នរណា​នឹង​ត្រូវ​ផ្ដល់​តួនាទី​ជា​ប្រធាន​ក្រុម​នៅ​ឡើយ​ទេ ព្រោះ​ពួក​យើង​ត្រូវ​ពិនិត្យ​លើ​កត្តា​ផ្សេងៗ​ជាច្រើន រួម​ទាំង​ភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ។ មុន​សម្រេច​ចិត្ត ពួក​យើង​ត្រូវ​មើល​ជា​មុនសិន​ថា កីឡាករ​ម្នាក់​នោះ​មាន​លក្ខណៈ​សម្បត្តិ​អាច​ដឹកនាំ​ ឬ លេង​បាន​ល្អ​គ្រប់​ការ​ប្រកួត ឬ​អត់​»។ នេះជា​សម្ដី​របស់​លោក Mohamad Nik ។

កីឡាករបរទេស៥រូប ដែល Terengganu នាំយកទៅចូលរួម សម្រាប់រដូវកាល២០១៨

ប្រធាន​ក្រុម​របស់ Terengganu កាលពី​នៅ​លីគ​លំដាប់​ទី​ពីរ​រដូវ​កាល​២០១៧ មាន​ពីរ​រូប គឺ​កីឡាករ Latiff Suhaimi និង Lazaro Vicinius ដោយ​ធ្វើ​​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក។

ធារី ចន្ថាប៊ីន ពាក់ស្លាកប្រធានក្រុមឲ្យមិត្តរួមក្រុម ដែលត្រូវទទួលតួនាទីនេះជំនួស ក្នុងការប្រកួតមិត្តភាពរបស់ Terengganu កន្លងទៅ

គួរ​រំឭក​ថា Terengganu នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​បាល់ទាត់ ព្រះខ័នរាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី៦​មករា, ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី៨​មករា និង​ក្លឹប​ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​ទី៩​មករា៕

ចុចអាន កាលបរិច្ឆេទ​ការ​ប្រកួត​លីគ និង Cup របស់​ម៉ាឡេស៊ី រដូវកាល២០១៨ ចេញ​ហើយ!

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;