គម្រោងសាងសង់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម នឹងចាប់ផ្តើមនៅខែក្រោយ
- 2018-01-11 01:41:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងសាងសង់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម នឹងចាប់ផ្តើមនៅខែក្រោយ
ចន្លោះមិនឃើញ
គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ ពីចំណុចព្រែកក្តាម ដល់ធ្លាម្អម ក្នុងខេត្តពោធិ៍សាត់ ប្រវែង ១៣៥,២៥គីឡូម៉ែត្រ នឹងចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងរយៈពេល ៤ឆ្នាំ។ កាលពីថ្ងៃទី៩ មករាម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងលើគម្រោងនេះ ជាមួយតំណាងក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុនSumitomo Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Co., ltd Joint Venture និងក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd។
គម្រោងផ្លូវនេះ គ្រោងចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ២៤៦,៣៥លានដុល្លារជាគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA)។ គម្រោងផ្លូវនេះជាប្រភេទផ្លូវ AC ចែកចេញជា៣កំណាត់ មានទទឹង២៣ម៉ែត្រ និងមានសួនច្បារនៅកណ្តាលមាន៤គន្លង ២ទៅ២មក។ ។ កំណាត់ផ្លូវទី១ មានប្រវែង ៤១,៥៤គីឡូម៉ែត្រ កំណាត់ផ្លូវទី២មានប្រវែង៤២,៥០គីឡូម៉ែត្រ និងកំណាត់ផ្លូវទី៣មាន ប្រវែង ៥១,២០គីឡូម៉ែត្រ។
ក្រសួងសាធារណការអះអាងថា គម្រោងផ្លូវនេះជាចំណែកមួយនៃផ្លូវអាស៊ានហាយវេលេខ១ ដែលតភ្ជាប់ពីប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម និងជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងជាពិសេស ជាសរសៃឈាមដ៏ធំមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែមានការអភិវឌ្ឍថែមទៀត។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានគូសបញ្ជាក់អំពីការពង្រឹងគុណភាពសាងសង់ និងវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង៕