ការបោះឆ្នោត​ធំៗចំនួន ៦ នឹងធ្វើ​ឡើង​នា​ឆ្នាំ ២០១៨ នេះ!

  • 2018-01-15 08:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២០១៨ នឹង​ក្លាយជា​ឆ្នាំ​ដែល​មាន​ការ​រៀបចំ​ការ​បោះឆ្នោត នៅ​ប្រទេស​ជាច្រើន​ក្នុងលោក។ ខ្លីៗ សូម​លើក​យក​ការ​បោះឆ្នោត​សំខាន់នៅ ៦ប្រទេស ដែលមាន​ដូច​ខាងក្រោម (គិត​លំដាប់លំដោយ​តាម​កាលបរិច្ឆេទ​បោះឆ្នោត)៖

អ៊ីតាលី (ខែមីនា)

សភា​អ៊ីតាលី​ ត្រូវ​បាន​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ២០១៧ កន្លង​ទៅ​ ហើយ​ការ​បោះ​ឆ្នោត​ថ្មី​ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៤ ខែ មិនា​ឆ្នាំ ២០១៨​។ សមាជិក​សភា ៦៣០នាក់ និង​សមាជិក​ព្រឹទ្ធសភា ៣១៥ នាក់ នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោតនេះ។ ការស្ទង់មតិ​កន្លងមក រកឃើញ​ថា គណបក្ស Five Star Movement មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ

លោកLuigi Di Maio (ស្ដាំ) ប្រធានគណបក្ស Five Star Movement (រូបថត៖ Getty)
**រុស្ស៊ី (ខែមីនា)**

រុស្ស៊ី​ នឹង​ធ្វើ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោតជ្រើសរើស​ប្រធានាធិបតី​ នាថ្ងៃ​ទី​១៨ ខែ​មិនា ឆ្នាំ២០១៨នេះ​។ បើ​តាម​ការ​ស្ទង់​មតិ​ បាន​ឲ្យ​ដឹង​ថា ៨០% នៃ​ប្រជាជន​រុស្ស៊ី​ នៅ​តែ​ជឿជាក់​លើ​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។

លោក​ពូទីន រំពឹង​ថា​នឹង​ជាប់​ឆ្នោត​ម្ដង​ទៀត នា​ឆ្នាំ​២០១៨ នេះ (រូបភាព៖ Sputnik)

គុយបា​ (ខែមេសា)

នា​ថ្ងៃ​ទី១៩ ខែ​មេសា​ ឆ្នាំ២០១៨ សមាជិក​រដ្ឋសភា​ជាតិ​គុយបា នឹង​ធ្វើ​ការបោះ​ឆ្នោត​ជ្រើស​រើស ប្រធានាធិបតី​ថ្មី ជំនួសលោក Raul Castro វ័យ​៨៦ឆ្នាំ ។ គួរ​រម្លឹក​ថា ​លោក Raul Castro ​បាន​កាន់​តំណែង នៅ​ក្នុង​ឆ្នាំ​២០០៨​ បន្ត​ពី​បង​ប្រុស​របស់​លោក គឺ​ លោក Fidel Castro ដែលចូលនិវត្តន៍​ដោយ​បញ្ហា​សុខភាព។

លោក Raul Castro ប្រធានា​ធិបតី​បច្ចុប្បន្ន​របស់​គុយបា (រូបភាព៖ Reuters)

កម្ពុជា (ខែកក្កដា)

កម្ពុជា នឹង​​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​សម្ដេចនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ត្រូវ​បាន​គេរំពឹង​ថា នឹង​ទទួល​បាន​​ជ័យជម្នះ​នៅ​អាណត្តិ​ថ្មី​នេះ​បន្ត​ទៀត។ ក្រៅ​ពី​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រនេះ កម្ពុជា​ក៏​នឹង​រៀបចំ​​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ២០១៧

ប្រេស៊ីល (ខែតុលា)

ប្រេស៊ីល​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី នៅ​ថ្ងៃ​ទី០៧ ខែតុលា ឆ្នាំ២០១៨។ ការស្ទង់មតិ​បាន​រក​ឃើញថា អតីត​ប្រធានាធិបតី Luiz Inacio Lula da Silva (កាន់តំណែង ២០០៣-២០១០) គឺ​ជា​បេក្ខភាព​ដែល​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​លោក​នឹងអាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ឬ​អត់ ដោយសារ​ពេល​នេះ លោក​កំពុង​ញាំញី​ដោយសារ​រឿង​ក្ដី​ពុក​រលួយ។ ប្រធានាធិបតី​បច្ចុប្បន្ន គឺលោក Michel Temer ក៏ជា​បេក្ខភាព​ដ៏​លេចធ្លោ​មួយ​រូប​ផងដែរ។

លោក Luiz Inacio Lula da Silva អតីត​ប្រធានាធិបតីប្រេស៊ីល ដែល​ទទួល​ការ​គាំទ្រ​ច្រើន​ក្នុង​ការ​ស្ទង់មតិ​ចុងក្រោយ (រូបភាព៖ Getty)

ថៃ (ខែវិច្ឆិកា)

នាយក​រដ្ឋមន្រ្តី​ថៃ​លោក ប្រយុទ្ធ​ ចាន់អូចា ធ្លាប់​បាន​បញ្ជាក់កាល​ពី​ខែ​ក្នុង​ខែ​តុលា ឆ្នាំ២០១៧ ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​​ នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៨។​ ប្រសិន​បើ​កើត​ឡើង​មែន វា​នឹង​ក្លាយជា​ការ​បោះឆ្នោត​លើក​ដំបូង​ បន្ទាប់​ពី​មាន​រដ្ឋប្រហារ កាលពីឆ្នាំ២០១៤​ មក៕

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដី​ថៃ​នា​ពេល​បច្ចុប្បន្ន

ប្រភព៖ Xinhua អត្ថបទ៖ អ៊ឹម ម៉េងស៊ាង

អត្ថបទថ្មី
;