បុរស​អាមេរិក​ម្នាក់ មមើ​ដើរ​លួច​ឡាន​គេ ហើយ​បើក​ពេញ​ក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ

  • 2018-01-16 06:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសចរ​វ័យ​ក្មេង​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Jared Goldston ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់​ខ្លួន កាល​ពី​ម្សិលមិញ (១៥​មករា) បន្ទាប់​ពី​លោក​បាន​មមើ​លួច​រថយន្ត​មួយ​គ្រឿង នៅ​ក្នុង​ក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ។

បុរស​អាមេរិក​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​លួច​រថយន្ត​របស់​ម្ចាស់​ហាង​ជួល​មួយ​កន្លែង​ម៉ាក Honda City រួច​បើក​ពេញ​ក្រុង​ឈៀងម៉ៃ អស់​រយៈពេល​២​ម៉ោង ក្នុង​ចម្ងាយ​ប្រហែល​ជាង ៣០​គីឡូម៉ែត្រ។ ប៉ូលិស​ថៃ ចាប់​ឃាត់​ខ្លួន​ Goldston បាន​នៅ​ចំណុច​ផ្លូវ​ប្រសព្វ Sri Boonruang ហើយ​មើល​ឃើញ​រថយន្ត​ដែល​លួច មាន​សភាព​កំប៉ិច​នៅ​កាង​ខាង​មុខ។

លោក Wittaya Sukarom ដែល​ជា​ម្ចាស់​ហាង និង​ម្ចាស់​រថយន្ត បាន​ឲ្យ​ដឹង​ថា បុគ្គលិក​របស់​លោក​បាន​ទុក​សោ​ចោល​នៅ​ក្នុង​ឡាន មុន​ពេល​រៀប​ចំ​បិទ​ហាង កាល​ពី​យប់​ថ្ងៃ​ទី​១៤​មករា។ លុះ​ដល់​ព្រឹក​ឡើង លោក​​ទើប​ដឹង​ថា បាន​បាត់​រថយន្ត រួច​ក៏​បាន​ប្ដឹង​ប៉ូលិស​តែ​ម្ដង។

បុរស​ជា​ជន​សង្ស័យ និយាយ​ថា លោក​បាន​មក​ឈៀងម៉ៃ រយៈពេល​២​ថ្ងៃ​មក​ហើយ និង​គ្រោង​ស្នាក់នៅ​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។ លោក​បាន​អះអាង​ថា លោក​តែង​មមើ​ដើរ​ដោយ​មិន​ដឹង​ខ្លួន​យ៉ាង​ដូច្នេះ នៅ​ពេល​ដែល​លោក​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង។ លោក​បន្ថែម​ថា លោក​មិន​បាន​ចាំ​ទាល់តែ​សោះ​ថា​បាន​បើក​រថយន្ត​ទៅ​ណា ឬ​ក៏​បើកបុក​នឹង​អ្វី​ទេ។

យ៉ាង​ណា​មិញ ប៉ូលិស​ថៃ បាន​ចោទ​ប្រកាន់​លោក Goldston ពី​បទ​ចោរកម្ម ហើយ​បាន​ជម្រាប​ដំណឹង​នេះ​ទៅ​កាន់​ស្ថានទូត​អាមេរិក។ ប្រសិន​បើ​រក​ឃើញ​ថា នេះ​មិន​មែន​ជា​ការ​មមើ​នោះ​ទេ លោក Goldstone អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ និង​/ឬ​ក៏​រង​​ពិន័យ​ជា​ប្រាក់ ៦​ពាន់​បាត (ស្មើ​នឹង​ប្រមាណ ១៨៧​ដុល្លារ)៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;