MMA៖ គូប្រកួត​របស់​រិន សារ័ត្ន នៅ​ឥណ្ឌូណេស៊ី ជា​កីឡាករ​ធ្លាប់​វ៉ៃ​កីឡាករ​ខ្មែរ​ឲ្យ​សន្លប់​ទឹក​ទី១

  • 2018-01-16 09:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sunoto ជា​កីឡាករ​លេច​ធ្លោ​មួយរូប ក្នុង​ចំណោម​កីឡាករ​ក្បាច់​គុន​ចម្រុះ MMA នៅ​ឥណ្ឌូណេស៊ី។ កីឡាករ​ជំនាញ​ក្បាច់​ការ៉ាតេដូ​រូបនេះ នឹង​ត្រូវ​ប៉ះ​កីឡាករ​គុន​ខ្មែរ រិន សារ័ត្ន នា​ថ្ងៃ​ទី២០ មករា ក្នុង​កម្មវិធី ONE: Kings of Courage របស់​ស្ថាប័ន ONE Championship នៅ​លើ​ទឹកដី​ខ្លួនឯង គឺ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍ គឺប្រកួត​ចុងក្រោយ​របស់ Sunoto ក៏​ប៉ះ​កីឡាករ​កម្ពុជា​ដូច​គ្នាដែរ គឺ​កីឡាករ ចាន់ ហេង កាលពី​ខែមករា ឆ្នាំ២០១៧។ នៅ​ក្នុង​ការ​ប្រកួត​នោះ Sunoto បាន​វាយ​ ចាន់ ហេង ឲ្យ​សន្លប់​ក្នុង​ទឹក​​ទី១។ ចាប់តាំងពី​ពេល​នោះ​មក Sunoto ត្រូវ​ស្ថាប័ន ONE Championship ដាក់ឈ្មោះ​ប្រកួត​ ២កម្មវិធី​ទៀត ប៉ុន្តែ​សុទ្ធ​តែ​ត្រូវ​លុប​ចោលវិញ។ មួយ​ប្រកួត​ក្នុង​ចំណោម​២ប្រកួត​នោះ Sunoto ត្រូវ​ប៉ះ​កីឡាករ​កម្ពុជា​ ថៃ រិទ្ធី នាខែកញ្ញា ឆ្នាំ២០១៧ តែ​ត្រូវ​ដកខ្លួននៅមុន​ការ​ប្រកួត​មក​ដល់ដោយសារ​ជំងឺ​ផ្ដាសាយ ដែល​ធ្វើ​ឲ្យ ថៃ រិទ្ធី ត្រូវ​ជួប​កីឡាករ​ម៉ាឡេស៊ី Maye ជំនួស​វិញ (ថៃ រិទ្ធី ឈ្នះ)។

Sunoto ពេល​វាយ​ជាមួយ​ចាន់ ហេង កាលពី​ខែមករា ឆ្នាំ២០១៧
អំឡុង​ពេល​ខកខាន​ប្រកួតក្នុង​ទ្រុង MMA កីឡាករ​ដែល​មាន​រហស្សនាម The Terminator រូបនេះ បាន​ជាប់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ផ្នែក​កីឡា Sambo (កីឡា​ក្បាច់គុនមួយ​ប្រភេទ​ មាន​ដើម​កំណើត​នៅ​រុស្ស៊ី)។ ក្រោយជាប់​ក្នុង​ក្រុម​ជម្រើសជាតិ Sunoto ត្រូវ​ទៅហ្វឹកហាត់​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ត្រៀម​ប្រកួត Asian Games ឆ្នាំ២០១៨ ប៉ុន្តែ​សំណាង​មិនល្អ កីឡាករ​ប្រភេទ​នោះ ត្រូវ​ដក​ចេញ​ពី​កម្មវិធី​ប្រកួត​វិញ។

Sunoto បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ប្រកួត​តទល់​នឹង រិន សារ័ត្ន។ " ខ្ញុំ​ត្រៀម​រួចរាល់​អស់​ហើយ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត ដោយសារ​ខ្ញុំ​បាន​ហ្វឹកហាត់​ដើម្បីប្រកួត​ អស់​រយៈពេល​ពេញ​មួយឆ្នាំ។ ខ្ញុំ​មាន​ជំនឿចិត្ត​ថា​អាច​ធ្វើ​បាន"។

គួរ​បញ្ជាក់ថា កំណត់ត្រា​ក្នុង​ទ្រុង MMA របស់ Sunoto គឺ​ឈ្នះ ៦ និង​ចាញ់ ៣។ ក្នុងចំណោម ៩ប្រកួត​នោះ គឺមាន ៧ប្រកួត ក្នុង​ស្ថាប័ន ONE Championship។

រិន សារ័ត្ន ក្នុង​ពេល​ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team នាពេល​កន្លងមក

ចំណែក សារ័ត្ន វិញ ជា​កីឡាករ​លេច​ធ្លោ​មួយ​រូប​ក្នុង​សង្វៀន​ប្រដាល់​គុន​ខ្មែរ។ ទោះ​ខាន​ប្រកួត MMA យូរ តែ​កូន​សិស្ស​លោក​គ្រូ​ហ៊ុន ចាន់រាជ ប្រចាំ​ក្លឹប Cambodian Top Team រូបនេះ ក៏ធ្លាប់​មាន​បទ​ពិសោធន៍​ច្រើន​គួរសម​​ដែរ ពោល​គឺ​ សារ័ត្ន ធ្លាប់​ឈ្នះ​ជើងឯក​រង ក្នុង​កម្មវិធី​ប្រកួត​ក្បាច់គុន​ចម្រុះ​របស់ MYTV កាលពី​ចុង​ឆ្នាំ ២០១៤៕

ចុច​អាន​អត្ថបទ​ទាក់ទង៖

វីដេអូ Sunoto វាយ​ឈ្នះ​ចាន់ ហេង កាលពីខែមករា ឆ្នាំ២០១៧

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;