តម្លៃ​សុនខ​ហិត​មីន​នៅ​កម្ពុជា​មួយ​ក្បាល​ អាច​ទិញ​ផ្ទះ​នៅ​បុរី​១ខ្នង

  • 2018-01-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ព្រឹត្តិការណ៍​​ពិព័រណ៍​យោធា និង​​ការ​ប្រកួត​កីឡា​កង​ខេមរៈ​ភូមិន្ទ​ ​កាល​ថ្ងៃ​ទី​១២ ដល់ ១៤ ខែ​មករា ឆ្នាំ​២០១៨​កន្លង​ទៅ មន្ត្រី​មជ្ឈមណ្ឌល​គ្រប់​គ្រង​សត្វ​សុនខ​ដោះ​មីន បាន​ឲ្យដឹង​ថា ​សុនខ​ហិត​មីន​មួយ​ក្បាល មាន​តម្លៃ​រហូត​ដល់ ៤ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​

ក្នុង​ព្រឹត្តិការណ៍​​ខាងលើ សុនខ​ដោះ​មីន​២​ក្បាល​​ ក៏ត្រូវ​បាន​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ និង​បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​ យក​មក​ចូល​រួម​បង្ហាញ​សមត្ថភាព​ផង​ដែរ។​

សុនខ​ដោះ​មីន​ទាំង​២​ក្បាល​នោះ​មាន​ឈ្មោះ​ មីកគី សម្បុរ​ស​ និង​ដាឡេ​ ​សម្បុរ​ខ្មៅ​។ បើ​តាម​មន្ត្រី​មជ្ឈមណ្ឌល​​ដែល​គ្រប់​គ្រង​សត្វ​សុនខ​ដោះ​មីន​បាន​លើក​ឡើង​ថា​ សុនខ​២ក្បាល​នេះ​មាន​អាយុ​៤​ឆ្នាំ​ដូច​គ្នា​​ យក​មក​ពី​ប្រទេស​ឥណ្ឌា​។ ចំណែក​ភាសា​សម្រាប់​បញ្ជា​វា​គឺ​ ភាសា​ឥណ្ឌា និង​អង់គ្លេស​។

មីកគី និង​ដាឡេ​ ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​ចេះ​ហិត​រក​មីន​នឹង​ចេះ​ស្ដាប់​ អាច​ធ្វើ​ការ​ជាមួយ​មនុស្ស​បាន​តាំង​ពី​អាយុ​៩​ខែ​មក​ម្ល៉េះ។ ពួកវា​ស៊ី​អាហារ​ក្នុង​មួយ​ថ្ងៃ​២​ពេល (​ព្រឹក​ និង​ល្ងាច)។ ​អាហារ​របស់​ពួក​វា​ ​គឺ​អាហារ​កញ្ចប់​ដែល​លក់​នៅ​ផ្សារ​ទំនើប​ ហើយ​សុនខ​ប្រភេទ​នេះ​មិន​ស៊ី​សាច់​ឆៅ​ជា​អាហារ​ឡើយ។ ក្នុង​មួយ​ថ្ងៃ​សុនខ​ឆ្លាត​នេះ​ធ្វើការ​ ៨​ម៉ោង​ ហើយ​ចូល​និវត្តន៍​នៅ​អាយុ​១០​ឆ្នាំ។

​សូម​បញ្ជាក់​ថា បើ​គិត​ត្រឹម​ពេល​នេះ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ និង​បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បច្ចុប្បន្ន​មាន​សុនខ​ដែល​មាន​សមត្ថភាព​បែប​នេះ​មាន​ចំនួន​១៤​ក្បាល​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;