ក្រុមហ៊ុន​ជប៉ុន បើក​សាលា​បង្រៀន​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា សម្រាប់​អ្នក​ចង់​ធ្វើការ​នៅ​ជប៉ុន

  • 2018-01-18 09:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ជប៉ុន Procast (CAMBODIA) Co., Ltd នឹង​បើក​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​សេវា​ថែទាំ​មនុស្ស​ចាស់ នៅ​កម្ពុជា​ក្នុងខែ​មេសា​ខាងមុខ​នេះ។ វិទ្យាស្ថាន​នេះ ស្ថិត​នៅក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​អគារ​កម្ពស់ ៥​ជាន់ ដោយ​ក្រុមហ៊ុន​ជប៉ុន ចំណាយ​ប្រមាណ ៣លាន​ដុល្លារ។ ដំណឹង​នៃការ​បើក​សាលា​​នេះ ត្រូវបាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និង​លោក Kondo Yoshio ប្រធាន​ក្រុមហ៊ុន Procast (CAMBODIA) Co., Ltd. នៅ​ទីស្តីការ​ក្រសួង​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨។

ក្នុង​ជំនួប​នេះ លោក Kondo Yoshio បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា វិទ្យាស្ថាន​ថែទាំ​មនុស្ស​ចាស់​នេះ នឹង​បណ្តុះ​បណ្តាល​ដល់​សិក្ខាកាម​កម្ពុជា ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ឲ្យ​យល់ដឹង​ពី​វិធីសាស្រ្ត​មើល​ថែ​ទាំ​មនុស្ស​ចាស់​បាន​យ៉ាងល្អ។ ក្នុង​នោះ មានការ​បណ្តុះ​បណ្តាល​ជា​ភាសា​ជប៉ុន ចិត្ត​វិទ្យា ក្នុងការ​ថែទាំ​មនុស្ស​ចាស់ និងការ​សង្គ្រោះ​បឋម​ជាដើម ហើយ​ចំពោះ​គ្រូ​បណ្តុះ​បណ្តាល សុទ្ធ​តែ​ជា​ជនជាតិ​ជប៉ុន។

ជាមួយគ្នា​នោះ លោក Kondo yoshio ក៏បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់​លោក​បាន​បញ្ជូន​ពលករ​កម្ពុជា ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន ២០០នាក់​រួចមក​ហើយ លើស​ពីនេះ ក្រុមហ៊ុន គ្រោងនឹង​បង្កើន​ឲ្យដល់​៣០០នាក់​បន្ថែម​ទៀត​នៅឆ្នាំ​២០១៨​នេះ។ លោក​​ឲ្យដឹង​ថា នៅ​ប្រទេស​ជប៉ុន បច្ចុប្បន្ន មាន​មនុស្ស​ចាស់​ប្រមាណ​ជាង ៥០ម៉ឺន​នាក់ ខ្វះការ​ថែទាំ។

ចំណែក​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​សាទរ​ចំពោះ​វិទ្យាស្ថាន​ថែទាំ​មនុស្ស​ចាស់​នេះ ដោយ​លើកឡើង​ថា វិទ្យាស្ថាន​នេះ ជា​ថ្នាក់​បណ្តុះ​បណ្តាល​សេវា​ថែទាំ​មនុស្ស​ចាស់​ដំបូង​បំផុត​នៅ​កម្ពុជា ក្នុងការ​បណ្តុះ​បណ្តាល​សេវា​ថែទាំ​មនុស្ស​ចាស់​ដល់​ពលករ​កម្ពុជា ដែលនឹង​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន។

លោក​បាន​ប្រៀបធៀប​សមត្ថភាព​របស់​សិក្ខាកាម ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅក្នុង​វិទ្យាស្ថាន​នេះ​ថា មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​គិលានុប្បដ្ឋាកយិកា​ដែរ។

ជាការ​កត់សម្គាល់ ដំណឹង​នៃការ​ប្រកាស​បើក​សាលា​បណ្តុះ​បណ្តាល​អ្នក​ថែទាំ​មនុស្ស​ចាស់​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ គឺ​ស្របពេល​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹកថ្ងៃ​ទី១៨ ខែ​មករា​ ២០១៨ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ ២០១៧-២០៣០៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;