ថៃ រឹបអូស ទ្រព្យសម្បត្តិរបស់លោកស្រី យីងឡាក់
- 2018-02-01 03:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រឹបអូស ទ្រព្យសម្បត្តិរបស់លោកស្រី យីងឡាក់
ចន្លោះមិនឃើញ
នាយកដ្ឋានអនុវត្តច្បាប់នៃក្រសួងយុត្តិធម៌ថៃ បានធ្វើការរឹបអូសទ្រព្យសម្បត្តិជាង ៣០ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ។ នេះជាការអះអាងរបស់មេធារីលោកស្រី យីងឡាក់ កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសទាំងនោះ ក៏មានផ្ទះរបស់លោកស្រី យីងឡាក់ ដែលស្ថិតនៅទីក្រុងបាងកកផងដែរ។ ផ្ទះនេះ ដែលមានតម្លៃ ១១០លានបាត ឬជាង ៣,៥ លានដុល្លារអាមេរិក គឺជាទ្រព្យសម្បត្តិដែលមានតម្លៃខ្ពស់បំផុត ដែលត្រូវបានរឹបអូស។ ក្រៅពីនោះ មាន ដី អាផាតមិន និងគណនីធនាគារជាង ១២ ។ នេះជាការបន្ថែមរបស់មេធាវីដដែល។
ទ្រព្យសម្បត្តិមួយចំនួនរបស់លោកស្រី ដែលមានតម្លៃជាង ៣៥លានបាត ទំនងជាត្រូវដាក់ឲ្យដេញថ្លៃ តាមការប្រកាសរបស់ក្រុមប្រឹក្សាជាតិសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីដោះស្រាយលើការខាតបង់នៃគម្រោងស្រូវអង្កររបស់លោកស្រី។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីការដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ។ ថ្មីៗនេះ គេបានឃើញរូបថត ដែលអាចជារបស់លោកស្រី ដោយថតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕