សព្វាវុធ​ដែល​នឹង​ត្រូវ​ប្រើប្រាស់ ក្នុង​សមយុទ្ធ​នាគមាស​រវាង​កម្ពុជា-ចិន

  • 2018-02-04 03:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​កម្ពុជា និង​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​នាគមាស ចាប់ពី​ថ្ងៃទី​១៥ ដល់ ៣០ ខែ​មីនា ឆ្នាំ២០១៨ នៅ​តំបន់​យោធភូមិភាគ​ទី៣ ជួរភ្នំ​ម្រះព្រៅ ដែល​ជា​ទីតាំង​របស់​កងពល​អន្តរាគមន៍​លេខ៧០ ក្នុង​ខេត្ត​កំពង់ស្ពឺ។ សមយុទ្ធ​យោធា​នេះ នឹង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បាន​កំណត់ ប្រើប្រាស់​រថពាស​ដែក ថ្មើរ​ជើង និង​ប្រើប្រាស់​យន្តហោះ​ចុះ​ពី​លើ​អាកាស ដើម្បី​រំដោះ​ចំណាត់​ខ្មាំង​ផង​ដែរ។ នេះ​បើតាម​លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី២៥ ខែ​មករា។

ឧទ្ធម្ភាគចក្រចិន Z-10 (រូបតំណាង)
លោក​ឲ្យដឹង​ថា ក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា មាន​កងទ័ព​ចំនួន ២៨០​នាក់ ចំណែក​ភាគី​ចិន មាន​ចំនួន ១៩០​នាក់។ លោក​ថា សម​យុទ្ធ​នេះ​មាន​ប្រធានប​ទ​ចំនួន​ពីរ គឺ​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌ ហើយ​លំហាត់​នេះ​រៀបចំ​ក្នុង​រូបភាព​កងពល​តូច និង​អនុវត្ត​ជាក់ស្តែង​កម្រិត​ថ្នាក់​វរសេនាតូច ដោយ​បែងចែក​ជាពីរ​គឺ​លំហាត់​ទី​បញ្ជាការ និង​លំហាត់​លើ​ទីលាន។
រថ​ពាស​ដែក BTR60PB

ការធ្វើ​សមយុទ្ធ​នេះ គឺជា​លើក​ទី២​ហើយ​រវាង​យោធា​កម្ពុជា និង​ចិន ហើយ​វិញ្ញាសារ​ដែល​ភាគី​ទាំង២​ធ្វើ​រួមមាន៖ ការ​រាវ​មីន និង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ការ​ដោះ​គ្រាប់​បែក​សារធាតុ​គីមី​ពុល ការ​បន្សាប​ជាតិ​គីមី​ពុល ការ​ប្រយុទ្ធ​កង​អនុសេនា​ធំ​រថក្រោះ​សហការ​ជាមួយ​វរសេនា​តូច​ថ្មើជើង ការ​រំដោះ​ចំណាប់​ខ្មាំង និង​ការងារ​មនុស្ស​ធម៌​ ព្រមទាំង​បាញ់​គ្រាប់​ពិត​ជាដើម។

កាំភ្លើង​ត្បាល់ 120mm (MT120)

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​លើកឡើង​ថា គោលបំណង​នៃការ​ធ្វើ​លំហាត់​នេះ គឺ​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន ហើយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;