NAGA គ្រោង​ពង្រីក​សេវាកម្ម​ជើង​ហោះហើរ ដើម្បី​ចាប់យក​កំណើន​ជនជាតិ​ចិន

  • 2018-02-18 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


NagaCorp ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ប្រតិបត្តិករ​កាស៊ីណូ និង​សណ្ឋាគារ ណាហ្កា​វើល (Naga World) បាន​បង្ហើប​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ពង្រីក​សេវាកម្ម​ជើង​ហោះហើរ​បន្ថែម ខណៈ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ​បាន​ជួល​យន្តហោះ​ខ្នាតតូច​មួយ (Jet) ហើយ​មាន​យន្តហោះ​ខ្នាតធំ (Airbuss) ផ្ទាល់ខ្លួន​ចំនួន​ពីរ​គ្រឿង។

ផែនការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​ភ្នាល់ល្បែង​អន្តរជាតិ​មួយ​នេះ បាន​ប្រកាស​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​២០១៧​ របស់​ខ្លួន ដែល​មាន​កម្រាស់​ជាង ២០​ទំព័រ​ ចេញផ្សាយ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ គម្រោង​ពង្រីក​ជើង​ហោះហើរ​របស់ NagaCorp ទំនង​ដើម្បី​ទទួល​ស្វាគមន៍​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ស្រប​ពេល​ដែល​របាយការណ៍​ខ្លួន​បង្ហាញ​ចំណាប់​អារម្មណ៍​នៃ​កំណើន​ភ្ញៀវ​ជនជាតិ​នេះ មក​ទស្សនា​នៅ​កម្ពុជា​ច្រើន​ជាងគេ។

កាស៊ីណូ និង​សណ្ឋាគារ ណាហ្កា​វើល។ រូបថត៖ វិបសាយ Asia Gambing Brief
យោងតាម​សារ​ព័ត៌មាន South China Morning Post លោក Sean Tan អនុ​ប្រធាន​ក្រមហ៊ុន​ NagaCorp បានថ្លែង​ថា ចំនួន​ភ្ញៀវ​ជនជាតិ​ចិន​ដែល​ចូល​ភ្នាល់ល្បែង​នៅក្នុង​កាស៊ីណូ​ណាហា្គ បាន​កើនឡើង​ស្មើនឹង ២០% នៃ​អតិថិជន​ដែល​ចូល​ភ្នាល់ល្បែង​ទាំងអស់ ក្នុ​ងរយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

«ភាគច្រើន យើង​ធ្លាប់តែ​មាន​ចំនួន​ភ្ញៀវ​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ តែ​បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ដែល​ច្រើន​ជាងគេ គឺ​ជនជាតិ​ចិន»។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក Tan។

ប្រភព​ដដែល​បាន​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុនNagaCorp ដែល​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​ពី​ចិន​ដី​គោក ឆ្ពោះមក​កាន់​រាជធានី​ភ្នំពេញ មាន​ចំនួន ៣៨៦ជើង​ក្នុងឆ្នាំ​២០១៣ ហើយ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​នេះ​បាន​កើន​ដល់ ៥៨០​ជើង គិត​ត្រឹម​ខែ​វិច្ឆកា​ ឆ្នាំ​២០១៧។

គួរ​កត់​សម្គាល់​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧  ប្រាក់​ចំណូល​ដុល​ពី​ការ​លេងល្បែង (GGR) របស់​កាស៊ីណូ ណាហ្កា កើន​ឡើង ៨៥% ស្មើនឹង​ទំហំ​ទឺក​ប្រាក់ ៩២៦​លានដុល្លារ ក្នុងនោះ​ប្រាក់​ចំណេញ​កើនឡើង ៣៩% ស្មើនឹង​ទំហំ​ប្រាក់ ២៥៥,២ លានដុល្លារ៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;