លោក គីម ជុងអ៊ុន ក្លែងលិខិតឆ្លងដែនដើម្បីចូលទៅកាន់ប្រទេសលោកខាងលិច
- 2018-02-28 04:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គីម ជុងអ៊ុន ក្លែងលិខិតឆ្លងដែនដើម្បីចូលទៅកាន់ប្រទេសលោកខាងលិច
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង លោក គីម ជុងអ៊ីល ឪពុករបស់លោក បានក្លែងលិខិតឆ្លងដែនជនជាតិប្រេស៊ីល ក្នុងការស្នើសុំទិដ្ឋាការ(Visa) ដើម្បីចូលទៅកាន់ប្រទេសលោកខាងលិច ក្នុងទសវត្សរ៍ឆ្នាំ៩០។ នេះបើតាមប្រភពមន្រ្តីជាន់ខ្ពស់៥នាក់ ផ្នែកសន្តិសុខរបស់ប្រទេសលោកខាងលិច។
ប្រភពមន្រ្តីជាន់ខ្ពស់ខាងលើបានបន្តថា លិខិតឆ្លងដែនទាំងពីរនេះ គឺមានរូបថតអ្នកទាំងពីរ អមនឹងឈ្មោះ Josef Pwag(គីម ជុងអ៊ុន) និង Ijong Tchoi (គីម ជុងអ៊ីល) ។ ប្រភពដដែលបានបន្តទៀតថា "ការណ៍នេះ បង្ហាញពីគោលបំណងរបស់ក្រុមគ្រួសារត្រកូលគីម ក្នុងការស្វែងផ្លូវសម្រាប់រត់គេចសម្រាប់ខ្លួនឯង"។ ជុំវិញរឿងនេះ ស្ថានទូតកូរ៉េខាងជើងក្នុងប្រទេសប្រេស៊ីល មិនទាន់បានឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ។ ម្យ៉ាងវិញទៀត ក្រសួងការបរទេសប្រេស៊ីល កំពុងស៊ើបអង្កេតទៅលើបញ្ហានេះផងដែរ។ ប្រភពអនាមិកមួយក្នុងប្រទេសប្រេស៊ីល បានបង្ហើបថា ឯកសារលិខិតឆ្លងដែនទាំងនេះ គឺត្រឹមត្រូវតាមច្បាប់។
គេសង្ស័យថា លិខិតឆ្លងដែននេះ ត្រូវបានយកទៅប្រើប្រាស់ដើម្បីចូលទៅកាន់ប្រទេស ប្រេស៊ីល ជប៉ុន និងហុងកុង។ ជាឧទាហរណ៍ លោក Yomiuri Shimbun អ្នកកាសែតជនជាតិជប៉ុន បានរាយការណ៍ថា ក្នុងឆ្នាំ២០១១ លោក គីម ជុងអ៊ុន បានទៅកាន់ទីក្រុងTokyo ដោយប្រើប្រាស់លិខិតឆ្លងដែនជនជាតិប្រេស៊ីល ចុះឆ្នាំ១៩៩១។ សូមជម្រាបថា លោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា បានចូលរៀននៅសាលាអន្តរជាតិមួយក្នុងប្រទេសស្វីស ដែលលោកក្លែងជាកូនប្រុសរបស់ អ្នកបើកឡានឲ្យស្ថានទូត៕